
លោក ឈួន វន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងសម្រួលនីតិវិធី និងរៀបចំកម្រងនៃការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រតិភូកម្មទៅថ្នាក់ក្រោមជាតិក្នុងច្រកចេញចូលតែមួយដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២១។
លោក ឈួន វន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថាកាលពីម្សិលមិញនេះថា ក្រុមការងារជំនាញរបស់ក្រសួងបាននិងកំពុងពិភាក្សាគ្នាក្នុងការធ្វើប្រតិភូកម្មសេវាសាធារណៈណាខ្លះ និងរៀបចំឡើងវិញតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានភាពច្បាស់លាស់សម្រាប់ដាក់ដល់ថ្នាក់ក្រោមជាតិសម្រាប់ប្រើប្រាស់។
លោកថ្លែងថា៖ «សម្រាប់សេវាទាំងអស់នេះយើងគ្រាន់តែញែកឱ្យច្បាស់តាមប្រព័ន្ធបច្ចេកវិទ្យាធ្វើយ៉ាងម៉េចនៅពេលដែលយើងធ្វើប្រតិភូកម្មនៅដើមឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យថ្នាក់ក្រោមជាតិអាចធ្វើបាន និងប្រភេទណាថ្នាក់កណ្តាលធ្វើបាន ហើយនឹងដាក់ជូនថ្នាក់ដឹកនាំសម្រេច»។
លោកថ្លែងថា ក្រសួងបានឱ្យស្ថាប័នពាក់ព័ន្ធខាងផ្នែកបច្ចេកវិទ្យាត្រៀមខ្លួនក្នុងការបង្កើតជា Account ដើម្បីឱ្យបុគ្គលិកនៅច្រកចេញចូលតែមួយមានភាពងាយស្រួលក្នុងការចុះបញ្ជីឱ្យបានទាន់ពេលវេលា។ ក្រុមការងារក្រសួងបានរៀបចំអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែអ្វីដែលសំខាន់ក្រសួងត្រូវធ្វើតេស្តសាកល្បងឱ្យបានច្រើនដង ដោយមិនមែនធ្វើភ្លាមដាក់ឱ្យប្រើប្រាស់ភ្លាមនោះទេ។
ក្រៅពីផ្តល់ភាពងាយស្រួល ទាំងអ្នកផ្តល់ និងអ្នកទទួលសេវានេះ ក្រសួងបង្ហាញពីបំណងផ្តល់សេវាទៅកាន់តែជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនចាំបាច់មកឆ្ងាយ ឬមកដល់រាជធានី-ខេត្ត ដោយដាក់ឯកសារតែ ១ កន្លែង៕