ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចាប់ផ្ដើម​បន្ត​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​បណ្ដា​រាជធានី-ខេត្ដ​ទាំង​ ២៥ ​ជាថ្មី​ទៀត​នៅ​ពាក់កណ្តាល​ខែ​កក្កដា បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការងើប​ឡើង​វិញ​នៃ​ជំងឺ​កូវីដ​១៩​។

នេះ​បើ​យោងតាម​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ.ស.ច.គ​) ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​។

លោកស្រី​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៦ ខែ​មិថុនា ក្រសួង​សាធារណការ​ និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​លេខាធិការដ្ឋាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​បានធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គឺ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោកស្រី​ថ្លែងថា​៖ «​យើង​នឹង​បន្ត​អនុវត្ដ​យុទ្ធនាការ​នេះ​បន្ដទៀត​។ ប៉ុន្ដែ​ដោយសារ​តែ​ឥឡូវ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ មាន​ការងើបឡើង​វិញ​បន្តិច តាមរយៈ​ការនាំ​ចូល​ពី​ក្រៅ​ដូច្នេះ​យើង​រង់ចាំ​មើល​ស្ថានភាព​ជំងឺ​នេះ​ស្ងប់​បន្តិចទៀត​សិន​ទើប​យើង​បន្ត​ចុះ​អនុវត្ដ​យុទ្ធនាការ​នេះ​ទៀត​»​។

លោក ​ព្រំ ​វន្ថា ​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក្រសួង​សាធារណការ​ និង​ជា​ប្រធាន​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​នៃ​អគ្គលេខាធិការដ្ឋាន​ គ.ស.ច.គ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា តាមរយៈ​យុទ្ធនាការ​នេះ​ ក្រុមការងារ​បានរៀបចំ កម្មវិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ព្រមទាំង​មាន​ការសួរ ​និង​ឆ្លើយ​សំណួរ អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ទទួល​បាន​មួកសុវត្ថិភាព និង​មានការ​ពន្យល់​ណែនាំ​ដល់​យុវជន​ឱ្យ​រៀន​ប្រើប្រាស់​កម្មវិធី​អប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក (Cambodia Driving Rules) ដែលជា​កម្មវិធី​មួយ​ដ៏ងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើការ​រៀនសូត្រ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ និង​អាច​ប្រឡង​សាកល្បង​សមត្ថភាព​របស់ខ្លួន​។

លោក​ ព្រំ ​វន្ថា ​ថ្លែងថា នៅពេល​ការឆ្លង​ជំងឺ​កូវីដ​១៩​នេះ​មាន​ភាពធូរស្បើយ ក្រុមការងារ​នឹង​បន្ត​ចុះ​អនុវត្ដ​យុទ្ធនាការ​នេះ​តាម​បណ្ដា​ខេត្ដ​គោលដៅ​ផ្សេងទៀត​។ ខេត្ដ​គោលដៅ​ដែល​នឹង​បន្ត​អនុវត្ដ​នោះ​មាន​ខេត្ដ កណ្ដាល តាកែវ កំពត និង​ខេត្ដ​កែប​។

លោក​ថ្លែងថា​៖ «​ផែនការ​សកម្មភាព​របស់​យើង​គឺ​ការអនុវត្ដ​យុទ្ធនាការ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០២០ ​នេះ​គឺ​យើង​ចុះ​អនុវត្ដ​ឱ្យបាន​ទាំង ២៥ ​រាជធានី-ខេត្ដ​។ អ្វីដែល​យើង​គ្រោង​ចុះទៅ​បន្តទៀត​នេះ គឺ​ចុះ​ទៅក្នុង​សប្ដាហ៍​ទី​ ២ នៃ​ខែកក្កដា​ខាងមុខ​ដើម្បី​បន្ដ​អនុវត្ដ​យុទ្ធនាការ​ក្នុង ៤ ​ខេត្ដ​ខាងលើនេះ​»​។

លោក វន្ថា ថ្លែងថា តាមរយៈ​យុទ្ធនាការ​កាលពី​ថ្ងៃទី​ ២៣ ​ដល់​ថ្ងៃទី​ ២៦ ខែមិថុនា ​ក្នុង​ខេត្ដ​ទាំង​ ៤ ​ខាងលើ​ពលរដ្ឋ​ជិត ៥០០ ​នាក់​ បាន​ចូលរួម​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ និង​ទទួល​បាន​មួកសុវត្ថិភាព​ពី​ក្រុមការងារ​អនុវត្ដ​យុទ្ធនាការ​នេះ​ផងដែរ​។

លោក​បន្តថា​៖ «​យុទ្ធនាការ​នេះ​ យើង​ធ្វើឡើង​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ជាពិសេស​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ឱ្យ​ពួកគាត់​យកចិត្ត​ទុកដាក់​ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​សំដៅ​ឲ្យ​ពួកគាត់​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​នៅ​កម្រិត​ទាប​»​។

លោក​ គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​បង្ការ​របួស​អាស៊ី (AIP Foundation) បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការអនុវត្ដ​យុទ្ធនាការ​នេះ​គឺជា​គោលដៅ​ដូចដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ AIP Foundation កំពុង​បន្ត​អនុវត្ដ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ យើង​ក៏​ចង់​ផ្ដល់​សារ​ជូន​ទៅដល់​ប្រជាពលរដ្ឋ ចំពោះ​ការបង្កើន​តម្លៃ​នៃ​ការផាកពិន័យ គឺ​មាន​ការឡើង​ខ្ពស់ ដើម្បីឱ្យ​ពលរដ្ឋ​មាន​ការយល់ដឹង​ថែមទៀត ចំពោះ​រឿងនេះ​ព្រោះ​ពេលនេះ យើង​បាន​អនុវត្ដ​តែ​អនុក្រឹត្យ​មួយចំនួន​នៃ​ការផាកពិន័យ​នោះ​ប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃមុខ​ទៀត សមត្ថកិច្ច​នឹង​ធ្វើការ​ពិន័យ​ពេញលេញ ដូច្នេះ​ប្រជាពលរដ្ឋ​របស់​យើង​គួរតែ​ទទួល​បាន​ព័ត៌មាន​ពី​តម្លៃ​នៃ​ការផាកពិន័យ​ថ្មី​ទាំងនេះ​»​។

ទោះជា​យ៉ាងណា​ក្តី​លោក បញ្ញា បញ្ជាក់​ថា​ចំពោះ​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​មាន​ការថយចុះ​ឬ​យ៉ាងណា​នោះ គឺ​លោក​ពិបាក​ក្នុងការ​ប្រៀបធៀប ខណៈ​បញ្ហា​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការធ្វើ​ចរាចរ​របស់​ពលរដ្ឋ និង​ទេសចរ​មាន​ការថយចុះ ប៉ុន្ដែ​លោក​បាន​លើក​ទឹកចិត្ដ​ឲ្យ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​បន្ដ​អនុវត្ដ​យុទ្ធនាការ​បែប​នេះ ឱ្យ​បាន​ខ្លាំង​ឡើង​ថែមទៀត​។

លោក​បញ្ជាក់​ឱ្យដឹង​ដែរ​ថា​កាលពី​ថ្ងៃទី​ ២៧ ខែ​មិថុនា AIP Foundation ក៏បាន​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មួយ​ចំនួន ដូចជា​ផ្លូវជាតិ​លេខ​ ៤ ផ្លូវជាតិ​លេខ​ ៦ និង​ផ្លូវជាតិ​លេខ​ ១ ផងដែរ​។ លោក​បន្ដថា AIP Foundation នឹង​បន្ត​អនុវត្ដ​យុទ្ធនាការ​នេះ​នៅ​តាម​ផ្លូវជាតិ​តាម​បណ្ដា​ខេត្ដ​សំខាន់ៗ​មួយចំនួន​ទៀត ឱ្យ​បាន​លើសពី ៧០ លើក​ ក្នុង​ឆ្នាំ​ ២០២០៕