ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០២០ បានប្រកាស​ពន្យារពេល​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត គឺ​គិត​ចាប់ពី​ដើម​ខែ​នេះ​រហូត​ដល់​ចុង​ខែ​កញ្ញា​ដោយសារ​នៅមាន​ពលរដ្ឋ​ជាច្រើន​បន្ត​ទៅ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ១ ខែ​កក្កដា​ថា ដោយ​យោងតាម​តម្រូវការ​ច្រើន​របស់​ប្រជាពលរដ្ឋ ក្រសួង​បាន​សម្រេច​អនុញ្ញាត​ពន្យារពេល ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​នេះ ៣ ​ខែ​បន្ថែម​ទៀត​។

លោក​ថ្លែងថា​៖ «​គឺ​យើង​ចាប់​រាប់​ពី​ដើមខែ កក្កដា​នេះ​រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ​ ២០២០​។ ការសម្រេច​នេះ យើង​មាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​រួចរាល់​អស់​ហើយ ក្រៅពី​ការជូន​ដំណឹង​ជា​សាធារណៈ​នៅលើ​ហ្វេសប៊ុក​របស់​ក្រសួង​នេះ យើង​ក៏​នឹង​ផ្សព្វផ្សាយ​តាមរយៈ​លិខិត​ជូន​ដំណឹង​តាម​ក្រោយ​បន្ថែមទៀត​»​។

លោក សុទ្ធាយុត្តិ បាន​ឱ្យ​ដឹងថា​ក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០២០ ​នេះ​មាន​ម្ចាស់​យានយន្ត​ដែលមាន​យានយន្ត​ជា​ប្រភេទ​ធុន​តូច​ (​លក្ខណៈ​គ្រួសារ​) និង​យានយន្ត​ប្រភេទ​ឡាន​ដឹកទំនិញ​ចំនួន ១១ ៦៥០ គ្រឿង​បាន​មក​ផ្ទេរកម្មសិទ្ធិ​យានយន្ត​។

កាលពី​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ​ ២០២០ ក្រសួង​សាធារណការ​បាន​ចេញ​សេចក្ដី​ណែនាំ​ ១ ​ស្ដីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​មិនឃើញ ដោយ​បាន​ប្រាប់​ដល់​អគ្គនាយកដ្ឋាន និង​មន្ទីរ​នៅ​តាម​រាជធានី-ខេត្ដ​ត្រូវ​អនុវត្ដ​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​ ២០២០​។

រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​លោក ស៊ុន ចាន់ថុល ក្នុង​ពេល​លោក​ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ៥ កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា​ឆ្នាំ​ ២០២០ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​យានយន្ត​ហើយ​ផុត​សុពលភាព​បណ្ណ​បើកបរ និង​ឆៀក​ត្រូវ​នាំគ្នា​ទៅ​បន្ត​សុពលភាព ដើម្បី​កុំឲ្យ​មាន​​ការផាកពិន័យ និង​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​រដ្ឋមន្ដ្រី​ឲ្យ​ដឹងថា ក្នុង​ចំណោម​រថយន្ត​ជាង​ ៧០ ​ម៉ឺន​គ្រឿង​មាន​រថយន្ត​ជាង ៣០ ​ម៉ឺន​គ្រឿង​មិន​ទាន់​បាន​មក​ធ្វើ​ឆៀក ហើយ​មាន​បណ្ណ​បើកបរ​របស់​ម្ចាស់​យានយន្ត​ខ្លះ​បាន​ហួសកំណត់​រហូត​ដល់ ៨ ឆ្នាំ នៅ​មិន​ទាន់​បាន​មក​បន្ត​។ លោក​បន្ដថា ចំពោះ​បណ្ណ​បើកបរ​ជាង ១ ​លាន​បណ្ណ​ក្នុង​នោះ​មាន​ជាង ៤៤ ​ម៉ឺន​បណ្ណ​ស្មើនឹង ៤៦ ភាគរយ​ផុត​សុពលភាព​ហើយ​។

ទាក់ទង​នឹង​ការសម្រួល​ដល់​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដល់​ប្រជាពលរដ្ឋ​នេះ​បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ពន្លឿន​ការកែសម្រួល​នីតិវិធី​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី «​បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​» និង​ការបង់ពន្ធ​ប្រថាប់ត្រា នៅ​កន្លែង​តែមួយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើឲ្យ​មាន​ភាពងាយស្រួល និង​ដើម្បី​ពន្លឿន​ដល់​ការផ្ដល់​សេវា​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​៕