ភ្នំពេញៈ ក្រសួង​សាធាណការ និង​ដឹកជញ្ជូន ជូនដំណឹង​ទៅ​ក្រសួង ស្ថាប័នរដ្ឋ អង្គការ​ និង​ស្ថានទូត​នានា​នៅ​កម្ពុជា​មក​ប្តូរ​បណ្ណ​ និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឲ្យ​បាន​មុន​ថ្ងៃទី​ ៣០ ខែតុលា​ខាងមុខ ព្រោះ​ក្រសួង​បាន​កែសម្រួល​ និង​កំណត់​លេខកូដ​សម្គាល់​ស្លាក​លេខ​ជាថ្មី​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​យានជំនិះ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ​នា​ថ្ងៃទី​ ១៨ ឧសភា បញ្ជាក់​ថា កាលពី​ខែមិថុនា ឆ្នាំ​ ២០១៩ រាជរដ្ឋាភិបាល​បានចេញ អនុក្រឹត្យ​មួយ​ស្តីពី​ «​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​យានជំនិះ​»​។ ខែមេសា ឆ្នាំ​ ២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តីពី «​ការកំណត់​ប្រភេទ​លេខ​សម្គាល់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន​» ​ផងដែរ​។

ក្រសួង​ប្រាប់ថា​៖ «​ការចេញ​អនុក្រឹត្យ និង​ប្រកាស​នេះ​ក្នុង​គោលបំណង​គ្រប់គ្រង​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​យានជំនិះ​របស់​ក្រសួង ស្ថាប័ន​»​។ ក្រសួង​បញ្ជាក់​ទៀត​ថា​៖ «​ជាពិសេស​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ស្លាក​លេខ​សម្គាល់​យានជំនិះ ដោយ​បាន​កែសម្រួល និង​កំណត់​លេខ​កូដ​សម្គាល់​ស្លាក​លេខ​របស់​ក្រសួង ស្ថាប័ន​មួយចំនួន​ជាថ្មី​តាម​លំដាប់​លេខ​កូដ​សម្គាល់​ចាប់ពី​រដ្ឋ​ 01 ដល់​រដ្ឋ 36»​។

សេចក្ដី​ជូនដំណឹង​ក៏​បាន​ប្រាប់​ស្ថាប័ន​ទាំងអស់​ដែលជា​ម្ចាស់​គ្រប់គ្រង​យានជំនិះ​ដូច​រៀបរាប់​ខាងលើ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើភ័ណ្ឌ​យានជំនិះ ដែល​កំពុង​ប្រើប្រាស់​នៅ​អង្គភាព​របស់ខ្លួន​រួច​បញ្ជូន​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ជាមួយ​គ្នា​នេះ​ត្រូវបំពេញ​បែបបទ​ស្នើសុំ​ប្ដូរ​បណ្ណ​សម្គាល់​យានជំនិះ​ និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​ថ្មី​ឲ្យ​បាន​ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ និង​ប្រកាស​ថ្មី​នេះ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ឲ្យ​បាន​មុន​ថ្ងៃទី​ ៣០ តុលា ឆ្នាំ​ ២០២០​។

លោក​ ហ៊ាង សុទ្ធាយុត្ដ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ថ្លែងថា​៖ «​ការផ្លាស់ប្ដូរ​បណ្ណ​សម្គាល់ និង​ស្លាក​លេខ​ថ្មី​នេះ​ទាំង​ស្ថាប័នរដ្ឋ អង្គការ​ និង​ស្ថានទូត​ត្រូវ​ចំណាយ​ថវិកា​បន្តិចបន្តួច​ទៅលើ​សេវាសាធារណៈ​របស់​រដ្ឋ​។ ដូច្នេះ​ការចំណាយ​សេវាសាធារណៈ​មិនមាន​ការប៉ះពាល់​ដល់​ក្រសួង ស្ថាប័ន​ទេ​។ ​ក្រសួង​ស្ថាប័នរដ្ឋ​ក៏មាន​ថវិកា​ផ្នែក​រដ្ឋបាល​សម្រាប់​ចំណាយ​ដែរ​។ ដូច្នេះ​ទាំង​ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ អន្តរជាតិ គឺ​ត្រូវ​ចំណាយ​សេវាសាធារណៈ​ដូចគ្នា​»​។

ក្រសួង​បញ្ជាក់ថា តាម​អនុក្រឹត្យ និង​ប្រកាស​ខាងលើ​នេះ​បាន​កែសម្រួល​លេខ​កូដ​សម្គាល់​ស្លាកលេខ​របស់​ក្រសួង ស្ថាប័ន មួយ​ចំនួន​ដោយ​ត្រូវ​អនុវត្ដ​ចំពោះ​យានជំនិះ​គ្រប់​ប្រភេទ​ដូចជា​ទោចក្រយានយន្ត រថយន្ត​ធុន​តូច និង​រថយន្ត​ធុន​ធ្ងន់ មានដូចជា ក្រសួង ស្ថាប័ន ដែល​កំពុង​ប្រើប្រាស់​យានជំនិះ​មាន​ស្លាក​លេខ​សម្គាល់​រដ្ឋ​ 34 រដ្ឋ​ 37 រហូតដល់ រដ្ឋ​ 62 និង​រដ្ឋ​ 66​។ ស្លាក​លេខ​យានជំនិះ​កម្មសិទ្ធិ​របស់​សាលារាជធានី ខេត្ដ​ត្រូវ​ប្ដូរ​មក​លេខ​កូដ​សម្គាល់​យានជំនិះ​ថ្មី​។

ក្រសួង​បន្ថែមថា​យានជំនិះ​ជា​សម្បត្ដិ​រដ្ឋ​ដែល​ប្រើប្រាស់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ស្លាក​លេខ​សម្គាល់ គជប​ 01 2-0001 ​ត្រូវ​ប្ដូរ​មក​លេខកូដ​សម្គាល់​យានជំនិះ​ថ្មី គឺ គជប 2-0001​។ យានជំនិះ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មាន​ស្លាក​លេខ​សម្គាល់​ ONG01 2-001 រហូត​ដល់ ONG199 2-001 ONG202 2-001 ត្រូវ​ប្ដូរ​មក​លេខ​កូដ​សម្គាល់​យានជំនិះ​ថ្មី​គឺ ONG1 2-001 តាម​ប្រភេទ​យានជំនិះ​។ យានជំនិះ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មាន​ស្លាក​លេខ​សម្គាល់ ONG200 2-001 ត្រូវ​ប្ដូរ​មក​លេខ​កូដ​សម្គាល់​យានជំនិះ​ថ្មី​គឺ ONG2-001 តាម​ប្រភេទ​យានជំនិះ​។

សម្រាប់​យានជំនិះ​អង្គការ​អន្តរជាតិ​មាន​ស្លាក​លេខ​សម្គាល់ OI 001, OI 0001, OI 2-001 ត្រូវ​ប្ដូរ​មក​លេខ​កូដ​សម្គាល់​យានជំនិះ​ថ្មី គឺ OI 2-0001 តាម​ប្រភេទ​យានជំនិះ​។ សម្រាប់​យានជំនិះ​ជា​ឯកអគ្គរាជទូត ឬ​ឯកអគ្គរដ្ឋទូត​មាន​ស្លាក​លេខ​សម្គាល់ CMD01 2-001 ត្រូវអនុវត្ដដ​ដែល​មិន​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​ទេ​។ សម្រាប់​យានជំនិះ​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មាន​ស្លាក​លេខ​សម្គាល់ ONU 2-001 ត្រូវ​ប្ដូរ​មក​លេខ​កូដ​សម្គាល់​យានជំនិះ​ថ្មី​គឺ ONU 01-1 ហើយ​លេខកូដ​សម្គាល់​ស្លាក​លេខរ​បស់​បុគ្គលិក​ត្រូវអនុវត្ដ​ដែល​មិន​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​ទេ​៕