ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្ដល់​សាជី​ចរាចរណ៍​ចំនួន ៦០០ និង​រនាំង​សុវត្ថិភាព​ចំនួន ៥០០ ផ្ទាំង ដល់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រើ​តាម​គោលដៅ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ក្នុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃទី ២២ មេសា​នេះ​ថា ការ​ផ្ដល់​ជូន​នូវ​សាជី​ចរាចរណ៍ និង​រនាំង​សុវត្ថិភាព​ដល់​សមត្ថកិច្ច​នគរបាល​ជាតិ​នាពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ក៏​ដូច​បណ្តា​ខេត្ត-ក្រុង​មួយ​ចំនួន​ទៀត។

លោក​ថ្លែង​ថា៖ «សាជី​ចរាចរណ៍ និង​រនាំង​សុវត្ថិភាព នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់

លំហូរ​ចរាចរណ៍​ចេញ-ចូល​ក្នុង​តំបន់​ដែល​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពិសេស​នៅ​ក្នុង​តំបន់​ក្រហម»។

ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តា ត្រូវ​បាន​ប្រមុខរាជ​រដ្ឋាភិបាល​សម្រេច​អនុវត្ត​រយៈពេល ១៤ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃទី ១៥ ខែ​មេសា ដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សុទ្ធាយុត្តិ បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​វិល​ត្រឡប់​មក​រក​ប្រក្រតីភាព​ឡើង​វិញ​ទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ផ្សេងៗ គឺ​តម្រូវ​ឲ្យ​គ្រប់​ពលរដ្ឋ​ទាំង​អស់​ចូលរួម​គោរព​អនុវត្ត​តាម​ឲ្យ​បាន​ពេញ​លេញ​តាម​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ខាង​លើ​នេះ​និង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ ជាពិសេស ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចណ៍​ផ្លូវ​គោក​ដោយ​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។

ទាក់ទិន​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​សៀល​ថ្ងៃ​នេះ​ថា ក្នុង​រយៈពេល ១១២ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១ ខែ​មករា ដល់ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត ឡើង ៨៨១ លើក បណ្តាល​ឲ្យ​មនុស្ស ៥០០ នាក់​ស្លាប់ និង ១ ២៥៣ នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល។

លោក​ថ្លែង​ថា៖ «គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន បណ្ដាល​មក​ពី​អ្នក​បើកបរ​ធ្វេស​ប្រហែស​បើក​ក្នុង​ល្បឿន​លឿន និង​បំពាន​ភ្លើង និង​ស្លាក​គំនូស​ចរាចរណ៍។ សូម្បី​តែ​នៅ​ពេល​នេះ មាន​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ចរាចរណ៍​ចេញចូល​ក្នុង​តំបន់​ដែល​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក៏​នៅ​តែ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ដែរ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​យន្តការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​រយៈពេល ១១២ ថ្ងៃ​ ដើម​ឆ្នាំ​នេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឃាត់​យានយន្ត​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​សរុប​ចំនួន ៧៣ ៨៥៦ គ្រឿង ក្នុង​នោះ​ម៉ូតូ ចំនួន ៥៣ ៩៩០ គ្រឿង និង​រថយន្ត​ចំនួន ១៩ ៨៦៧ គ្រឿង ក្នុង​នោះ​រថយន្ត​តូច​ចំនួន ១៥ ៤៩៥ គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤ ៣៧២ គ្រឿង៕