ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដាក់​គោលដៅ​ពន្លឿន​ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ឱ្យ​បាន​ចប់សព្វគ្រប់​ក្នុង​ពេល​ឆាប់ៗ ដោយ​រំពឹងថា​សេចក្តីព្រាង​​ច្បាប់​នេះ​នឹង​ចូលរួម​ជួយ​ទប់ស្កាត់​ការបង្ហូរទឹក​កខ្វក់ និង​រៀបចំ​ប្រព័ន្ធ​លូ​ក្នុង​ប្រទេស​ឱ្យបាន​ល្អប្រសើរ ស្របពេល​សម្ទុះ​នៃ​ការអភិវឌ្ឍ​មាន​ការកើនឡើង​ខ្លាំង​។

កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២១ លោក កឹម បូរី អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមការងារ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ប្រធាន​នាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ជាច្រើនរូប​។

ថ្លែង​ក្នុង​ឱកាស​នោះ​លោក កឹម បូរី បាន​លើកឡើង​ថា អង្គប្រជុំ​បាន​ជជែក​ពិភាក្សា​លើ​មាត្រា ៣០ (២៧ ​ថ្មី​) នៃ​សេចក្តីព្រាងច្បាប់​នេះ​ដើម្បី​កែសម្រួល​​ និង​កំណត់​យក​ឃ្លាប្រយោគ​ពាក្យពេចន៍​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ស៊ីជម្រៅ​បន្ថែម​ទៀត​ចៀសវាង​ការបកស្រាយ​ខុស​នៅពេល​អនុវត្ត​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​អាក់ខាន​ប្រជុំ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​មួយរយៈ​កន្លងមក​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​ដើមឆ្នាំ​ថ្មី​នេះ ក្រុមការងារ​យើង​នឹងសិក្សា​លើ​សេចក្តី​ព្រាងច្បាប់​នេះ​បន្តទៀត​»​។

ជាមួយ​នេះ​ដែរ​លោក​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទទួល​បន្ទុក​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​កែប្រែ​នីតិវិធី​នៃ​ការប្រជុំ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​នេះ​មាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន​។ ​លោក​បាន​ជំរុញ​ឱ្យ​មាន​ការប្រជុំ​ឱ្យបាន​ញឹកញាប់ ហើយ​រក្សា​ទុក​ចំណុច​ណា​ដែល​មិនទាន់​ឯកភាពគ្នា​ជូន​ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន​ដើម្បី​សម្រេច​។

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា រយៈពេល​ ២ ​អាណត្តិ​មកហើយ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​មាន​ការពិភាក្សា ដើម្បី​បង្កើត​ច្បាប់​នេះ​ឡើង​។ លោក​បន្តថា សម្រាប់​ឆ្នាំ​ថ្មី​នេះ ក្រសួង​សង្ឃឹម​ថា ស្ថាប័ន​ពាក់ព័ន្ធ អ្នកច្បាប់ និង​សង្គម​ស៊ីវិល​ចូលរួម​បន្ថែមទៀត ដើម្បី​ឱ្យ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ឡើង​។

លោក​បាន​អះអាងថា ការដែល​កម្ពុជា​ចាំបាច់​ឱ្យ​មាន​ច្បាប់​នេះ​គឺ​ដើម្បី​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ពី​ការគ្រប់គ្រង​ទឹក​កង្វក់ ខណៈ​បញ្ហា​ទឹក​កខ្វក់ និង​បញ្ហា​ប្រព័ន្ធ​លូ​នៅ​កម្ពុជា​កំពុង​ប្រឈម​ហានិភ័យ ជាពិសេស​ស្របពេល​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​នូវ​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​រៀបរាប់ថា​៖ «​ដំណាក់កាល​នេះ​យើង​រៀបចំ​ជា​លក្ខណៈ​ផ្ទៃក្នុង​ពី​ក្រុមបច្ចេកទេស​នៅក្នុង​ក្រសួង​សិន ហើយ​បន្ត​រៀបចំ​ប្រជុំ និង​ទទួល​ធាតុចូល​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​។ សេចក្តី​ព្រាង​ច្បាប់​នេះ រៀបចំ​យ៉ាង​​ណា​ឱ្យមាន​លក្ខណៈ​អាច​ទទួលយក​​បាន និង​ល្អ​ដូច​ប្រទេស​អភិវឌ្ឍន៍​មួយ​​ចំនួន​ដើម្បី​ធ្វើការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកកខ្វក់ និង​ប្រព័ន្ធ​នៅក្នុង​ប្រទេស ព្រោះ​ប្រទេស​គេ គេ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹកកខ្វក់ តែ​នៅ​ប្រទេស​យើង​មាន​តែ​អគ្គនាយកដ្ឋាន​តែ​មិនទាន់​មាន​ច្បាប់​នេះ​»​។

លោក ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​សាទរ​ចំពោះ​ការបង្កើត​ច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ដែល​លោក​យល់​ថា ច្បាប់​នេះ​គួរតែ​ត្រូវបាន​បង្កើត​តាំងពី​យូរ​មកហើយ ដែល​បញ្ហា​នេះ​។ លោក​ថា បច្ចុប្បន្ន​ប្រព័ន្ធគ្រប់គ្រង​ទឹក​កង្វក់ និង​ប្រព័ន្ធ​លូ​ដែល​កម្ពុជា​បន្ត​ប្រើប្រាស់​គឺ​ត្រូវបាន​បន្សល់ទុក​តាំងពី​សម័យ​បារាំង​មកម្ល៉េះ ហើយ​ការធ្វើ​​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទាំងនោះ គឺ​តិចតួច​បំផុត​។

លោក​បារម្ភ​ថា នៅពេល​មិន​មាន​ការគ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់ ឬ​ប្រព័ន្ធ​លូ​នេះ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ព្រោះ​ទឹក​ដែល​ក្រហូរ​ចេញពី​ក្នុង​តំបន់​ ឬ​ទឹក​កង្វក់​ដែល​លាយឡំ​ជាមួយនឹង​ទឹក​ប្រើប្រាស់​ដោយ​មិន​ត្រូវបាន​សម្អាត​ និង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​មនុស្ស​។

លោក​បាន​បន្តថា​៖ «​ដូច​នៅ​ភ្នំពេញ នៅពេល​បែប​នេះ យើង​ឃើញ​នៅពេល​មាន​ទឹកជំនន់​ម្តងៗ​គឺ​ទឹក​ហូរ​យឺត ព្រោះ​វា​ក៏​ជា​បញ្ហា​រួមផ្សំ​ដែរ​។ រដ្ឋាភិបាល​គួរតែ​យក​សេចក្តី​ព្រាង​ច្បាប់​នេះ មក​ជជែក​ឡើងវិញ​អាច​ធ្វើ​បាន​ឆាប់ៗ ហើយ​ធ្វើ​ប្រកប​ដោយ​មាន​ការជជែក គិតគូរ​ដិតដល់​អំពី​បច្ចុប្បន្នភាព​នៃ​បញ្ហា​ប្រឈម​ផ្សេង​»​។

លោក ហែម ឧត្តម ក៏​សង្ឃឹម​ថា នៅ​​ពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន​សមត្ថកិច្ច​ក៏​នឹង​បែងចែង​ការគ្រប់គ្រង​ពី​ថ្នាក់ក្រោម​ដល់​ថា្នក់​លើ ជាពិសេស​ក្រសួង​មាន​សមត្ថកិច្ច​ក្នុង​ការគ្រប់គ្រង​បញ្ហា​នេះ​ឱ្យ​បាន​ដាច់ស្រេច ចៀសវាង​មាន​ការប្រទាំង​ប្រទើស​គ្នា ដែល​ធ្វើឱ្យ​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នេះ បន្ត​មាន​ភាពស្មុគស្មាញ​៕

វីដេអូ៖