ភ្នំពេញៈ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា ក្រសួង​កំពុង​ពិចារណា​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដើម្បី​បិទ​ខ្សែ​រថភ្លើង​ពី​ស្ថានីយ​រាជាយស្ម័យយាន​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ដោយសារ​​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នកធ្វើ​ដំណើរ​ជិះ ហើយ​ក៏​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

ការលើកឡើង​របស់​លោក ស៊ុន ចាន់ថុល ដូចនេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០២០ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​យើង​​ខ្ញុំ​នឹង​ពិចារណា​ឡើងវិញ​លើ​រថភ្លើង​ដែល​ធ្វើដំណើរ​ពី​ស្ថានីយ​ភ្នំពេញ​មក​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​។ ​ពី​ដើម​មាន​អ្នកជិះ​...​ប៉ុន្ដែ​ដោយសារ​តែ​ឥឡូវ​យន្តហោះ​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើ​ពី​ស្ថានីយ​ភ្នំពេញ​...​ព្រោះ​គ្មាន​ជើងហោះហើរ​ចេញចូល​ច្រើន ហើយ​ក៏​គ្មាន​អ្នកដំណើរ​ (​ក្នុង​កម្ពុជា​) ​ទៅ​ព្រលាន​យន្តហោះ​។ ​ដូច្នេះ​យើងខ្ញុំ​ពិនិត្យ ពិចារណា​ថា គួរតែ​បិទ​។ ​បើ​អាច​បិទ​បាន​ក៏​គួរតែ​បិទ​ទៅ​សម្ដេច​ (​ស ខេង​) ​ព្រោះ​គ្មាន​អ្នកជិះ​ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​រថភ្លើង​នោះ​ផង​»​។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា​លោក​នឹង​ពិចារណា​ជាមួយ​ភាគី​​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ដើម្បី​បិទ​ដំណើរការ​ចរាចរណ៍​រថភ្លើង​នេះ​តែម្ដង​។

ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថភ្លើង លោក​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​សាធារណការ​កំពុង​ត្រៀម​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​មួយ​ (Spot) ​ដែល​សង្ឃឹមថា ការងារ​នេះ​នឹង​ធ្វើ​រួចរាល់​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ឥឡូវ​​យើង​ខ្ញុំ​កំពុងតែ​ត្រៀម​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​មួយ ដោយសារ​តែ​ការដឹកជញ្ជូន​តាមរយៈ​រថភ្លើង​នៅ​ភាគ​ខាងជើង​មាន​ដំណើរការ​ច្រើន​។ ​ពលរដ្ឋ​យើង​គាត់​មិន​ដែល​ឃើញ​រថភ្លើង​ចរាចរ​ជាង​ ២០ ​ឆ្នាំ​មកហើយ​។ ​ដូច្នេះ​ពួកគាត់​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ដោយ​​មិន​ប្រាប់​អាជ្ញាធរ​...​។ យើង​សង្ឃឹមថា មុន​ដាច់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ​នេះ​នឹង​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ឱ្យ​ហើយ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​»​។

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៧ ​កក្កដា​បង្ហាញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ បាន​ថយចុះ​ ២៥ ​ភាគរយ បើ​ប្រៀបធៀប​នឹង​​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩​។

បើ​តាម​របាយការណ៍​នេះ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១ ៦១៩ លើក​ហើយ​បើ​ប្រៀបធៀប​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ការថយ​ចុះ​ចំនួន​ ៥៥២ ​លើក​ស្មើនឹង​ ២៥ ​ភាគរយ​។ រីឯ​អ្នកស្លាប់​ថយចុះ​ចំនួន ១៧២ ​នាក់​ស្មើនឹង​ ១៧ ​ភាគរយ ខណៈ​អ្នក​​របួស​ថយចុះ​ចំនួន ៧៧៨ ​នាក់​ស្មើនឹង​ ២៤ ​ភាគរយ​។

លោក​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​បន្ថែម​ថា ទិសដៅ​បន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏ដូចជា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គឺ​បន្ត​យុទ្ធនា​ការចែក​មួកសុវត្ថិភាព បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព បិទ​ចំណាំងប្លាត ជួសជុល និង​ថែទាំ​ផ្លូវ និង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕