ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ និង​គ្រោង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ជាង​ ១ ​ម៉ឺន​នាក់មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​ជន​បង្គោល​របស់​ក្រុមហ៊ុន​ឲ្យ​ពួកគេ​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​យក​ចំណេះដឹង​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​បុគ្គលិក និង​និយោជិត​ផ្សេងទៀត​។

លោក​ ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក និយោជិត ២២ ក្រុមហ៊ុន​ពីថ្ងៃ​ទី​ ២៤ ខែកក្កដា​ថា ក្រសួង​សាធារណការ​បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រមាណ ៦០ នាក់​មកពី​ក្រុមហ៊ុន​ចំនួន ២២ ដើម្បី​មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពេល​បញ្ចប់​វគ្គ​នេះ យើង​គ្រោង​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាង ១ ម៉ឺន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ដែល​មិនទាន់​ចុះបញ្ជី​មក​ចូល​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ច្បាប់​ចរាចរណ៍​ដែរ​។ យើង​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ជន​បង្គោល​របស់​ក្រុមហ៊ុន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​យកចំណេះ​ជំនាញ​នេះ​ទៅ​ជួយ​អប់រំ​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​រួម​ការងារ​ក្នុង​ក្រុមហ៊ុន​គាត់​ដែរ​»​។

លោក​បានស្នើ​ដល់​ជន​បង្គោល​ក្រុមហ៊ុន​ដែល​បានមក​ទទួល​បណ្តុះបណ្តាល​នេះ​សូម​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់ខ្លួន​បន្ត ព្រោះ​ការធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​យក​ទៅ​អនុវត្ត​នៅពេល​ពួកគាត់​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​។ លើស​ពី​នេះ ដើម្បី​ឲ្យ​ស្ថាប័ន​ឯកជន​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ជា​ការចូលរួម​ជាមួយ​រាជដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ប្រមាណ​ពី ៥ ​ទៅ ៦ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ដោយ​បន្សល់​ទុក​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​បុរស​ពោះម៉ាយ ពិការភាព និង​ធ្វើឲ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ក្នុង​ភាពក្រីក្រ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មិនមែន​ចំពោះ​តែ​ក្រសួង​សាធារណការ​ និង​មន្ត្រីនគរបាល​ទេ​គឺ​កើតចេញ​ពី​ការប្រុងប្រយ័ត្ន ការគោរព​ច្បាប់​ទាំងអស់​គ្នា​។ អ៊ីចឹង​បាន​ជា​យើង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មកជួប​គ្នា រៀនសូត្រ​ពី​គ្នា​ហើយ​បើ​មានរឿង​អ្វី គឺ​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា​ទើប​យើង​អាច​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រសិទ្ធភាព​»​។

លោក​ ស៊ិន ចន្ធី ប្រធាន​សមាគមភ័ស្ដុភារកម្ម​កម្ពុជា (Cambodia Logistic Associations) ​បាន​ថ្លែង​ឲ្យ​ដឹងថា លោក​គាំទ្រ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ ព្រោះ​អ្នក​បើកបរ ឬ​បុគ្គលិក​ក្រុមហ៊ុន​មួយចំនួន​មិនទាន់​មាន​ការយល់ដឹង​ច្បាស់លាស់​ពី​ច្បាប់​ចរាចរណ៍ និង​មិនទាន់​យល់​ពី​លិខិតបទដ្ឋាន​គតិយុត្ត​នានា​នៅ​ឡើយ​។ ម្យ៉ាងទៀត​វគ្គ​បណ្ដុះបណ្ដាល​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​សាកសួរ​ពី​នីតិវិធី​ច្បាប់​ដែល​ពួកគាត់​មិនទាន់​យល់​បាន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សមាគម​ខ្ញុំ​នេះ​មាន​សមាជិក​ចំនួន​ជាង ១០០ ក្រុមហ៊ុន​ដឹកជញ្ជូន អ៊ីចឹង​បើ​ពួកគាត់​បាន​សិក្សា​រៀនសូត្រ​បន្ថែមទៀត​បែបនេះ ខ្ញុំ​គិតថា ល្អ​ខ្លាំងណាស់​ហើយ​ខ្ញុំ​អំពាវនាវ​ឲ្យ​សមាជិក​ខ្ញុំ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ ជាធម្មតា បើ​យើង​ស្គាល់​ច្បាប់ ដឹង​ពី​នីតិវិធី​ហាមឃាត់ ឬ​ដឹង​ពី​របៀប​ផ្ទុក​ទំនិញ​ត្រឹមត្រូវ គឺ​មិនសូវ​ខុសច្បាប់​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ក៏​គាំទ្រ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះដែរ​។ លើស​ពី​នេះ​លោក​ចង់​ឲ្យ​បង្កើត​កម្មវិធី​ផ្សេងៗ​បន្ថែមទៀត ដើម្បី​អប់រំ ផ្សព្វផ្សាយ​ស្ដីពី​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត ឬ​អ្នកបញ្ជា​យានយន្ត​បានដឹង និង​ត្រៀមខ្លួន​អនុវត្ត​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល ពួកខ្ញុំ​នឹង​នៅតែ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ អប់រំ​ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២០ នេះ​តទៅ ហើយ​យើង​គ្រោង​ធ្វើ​សន្និសីទ​កាសែត​ធំ​មួយ​នៅ​ឆ្នាំនេះ​។ អ៊ីចឹង​យើង​ត្រូវតែ​ចូលរួម​ជំរុញ​ទាំងអស់​គ្នា​ទាំង​មន្ត្រី និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ហើយ​ជាពិសេស​គឺ​ត្រូវអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​តម្លាភាព​ និង​យុត្តិធម៌​»​។

បើ​តាម​របាយការណ៍​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ប្រមាណ ២៥ ​ភាគរយ នៅក្នុង​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ​។ នៅក្នុង​រយៈពេល​ ៦ ​ខែ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៦១៦ លើក​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៨៦១ ​នាក់ របួសធ្ងន់​ចំនួន ១៥១៨ ​នាក់ របួសស្រាល ៩៣៤ ​នាក់ និង​មិន​ពាក់មួក​ពេល​មាន​គ្រោះថ្នាក់ ៣ ៧៣៧ នាក់​៕