
អគារក្រសួងសាធារណការដែលទើបសាងសង់នៅទីតាំងថ្មីក្នុងខណ្ឌឫស្សីកែវ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ អគារទីស្នាក់ការ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងប្តូរទៅកាន់ទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ ២ ខណ្ឌប្ញស្សីកែវ (ផ្លូវ ជា សុផារ៉ា) នៅក្នុងអំឡុងខែមករា ឆ្នាំ ២០២១ ខណៈដែលអគារថ្មីនេះ សាងសង់សម្រេចបានប្រមាណ ៩៥ %។
លោក គង់ វិមាន នាយកខុទ្ទកាល័យក្រសួងសាធារណការបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា តាមផែនការរបស់ក្រសួងនឹងអញ្ជើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ ២០២១ ខាងមុខ។ បន្ទាប់ពីសម្ពោធរួចហើយ ក្រសួងនឹងរើពីទីស្នាក់ការចាស់ដែលស្ថិតនៅក្បែរវត្តភ្នំ ក្នុងខណ្ឌដូនពេញ ទៅបម្រើការងារនៅទីតាំងថ្មីនោះ ព្រោះទីស្នាក់ការចាស់មានភាពចង្អៀត។
លោកបន្តថា សម្រាប់អគារទីស្នាក់ការចាស់របស់ក្រសួងសាធារណការនឹងត្រូវប្រគល់ទៅឱ្យក្រសួងរ៉ែ និងថាមពលស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចកាលពីពេលកន្លងមក។
លោកបន្ថែមថា ទីស្នាក់ការអគារថ្មីនេះបានទទួលការអបអរសាទរពីមន្ត្រីរាជការ ព្រោះមានទីតាំងធំទូលាយ ដែលអាចផ្តល់ឱ្យមន្ត្រីមានកន្លែងអង្គុយធ្វើការសមរម្យ ខណៈទីតាំងចាស់មានលក្ខណៈតូចចង្អៀត។ ទោះយ៉ាងណាលោក គង់ វិមាន បានបដិសេធបង្ហាញពីចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ការសាងសង់អគារក្រសួងនៅទីតាំងថ្មីនោះដោយថ្លែងថា ចំនួនទឹកប្រាក់ក្នុងការចំណាយលើការសាងសង់គឺស្ថិតនៅក្នុងដៃក្រុមបច្ចេកទេស។
ឆ្លើយតបទៅនឹងការរិះគន់ពីបណ្តាញសង្គមហ្វេសប៊ុកដែលថា សំណង់អគារទីស្នាក់ការថ្មីរបស់ក្រសួងសាធារណការនៅទីតាំងថ្មីត្រូវបានសាងសង់ឡើងមិនមានរចនាប័ទ្មជាខ្មែរ លោក គង់ វិមាន បញ្ជាក់ថា សំណង់នេះត្រូវបានគិតគូរ និងពិនិត្យពិច័យយ៉ាងច្បាស់លាស់ណាស់ទាំងម៉ូដនៃអគារនេះ មិនមានចម្លងមកពីក្រៅប្រទេសទេ គឺជាស្នាដៃរបស់កូនខ្មែរ ហើយអ្វីដែលជាការរិះគន់គឺគ្រាន់តែជាការបញ្ចេញមតិយោបល់របស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ ពីព្រោះការធ្វើអ្វីមួយមិនមែនតម្រូវចិត្តគ្រប់មនុស្សទាំងអស់នោះបានទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថា និន្នាការនៃការផ្លាស់ប្តូរអគារស្ថាប័នរបស់រាជរដ្ឋាភិបាលបានកើតឡើងស្របពេលដែលតម្លៃដីធ្លីនៅកណ្តាលក្រុងបានហក់ឡើងថ្លៃ ជាពិសេសតម្លៃដីនៅតាមបណ្តោយផ្លូវព្រះនរោត្តម និងព្រះមុនីវង្សហើយដីធ្លីនៅទីស្នាក់ការចាស់របស់ក្រសួងសាធារណការក៏មានការឡើងថ្លៃផងដែរ ព្រោះជាទីតាំងបណ្តុំទៅដោយអគារពាណិជ្ជកម្ម និងផ្សារទំនើប។
លោកបន្តថា ស្របពេលតម្លៃដីធ្លីឡើងថ្លៃនេះបានធ្វើឱ្យកន្លែងផ្តល់សេវាសាធារណៈសំខាន់ៗរបស់រដ្ឋាភិបាលជាច្រើនមានការផ្លាស់ប្តូរទីស្នាក់របស់ខ្លួន ទៅកាន់ទីតាំងថ្មីដែលនៅជាយក្រុងជាបន្តបន្ទាប់។ ប៉ុន្តែទោះយ៉ាងណាលោក សន ជ័យ មិនជំទាស់ចំពោះការផ្លាស់ប្តូរនេះទេ ឱ្យតែនៅទីតាំងថ្មីនោះមានអគារទំនើបមានសួនច្បារ មានទីធ្លាធំទូលាយ និងមានបរិយាកាសល្អសម្រាប់មន្ត្រីបម្រើការងារ និងផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «បើកន្លែងចាស់វាចង្អៀតក្នុងការបម្រើសេវាសាធារណៈទៅអាកន្លែងថ្មី គួររៀបចំឱ្យមានភាពទូលាយមានទាំងសួនច្បារ និងកន្លែងបម្រើការរបស់មន្ត្រីក៏ធំទូលាយ ឱ្យស្របទៅតាមតម្លៃនៃការដោះដូរពីកន្លែងចាស់»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការពីថ្ងៃទី ១៩ ខែវិច្ឆិកា បានដឹកនាំគណៈប្រតិភូក្រសួងចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការក្រសួងថ្មីដោយលោកថ្លែងថា មកដល់ពេលនេះការសាងសង់សម្រេចបានស្ទើរតែទាំងស្រុងពោលគឺ ៩៥% ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះដូចជាការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនដើម្បីបង្កើនសោភណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។
អគារទីស្តីការក្រសួងសាធារណការថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២០ នេះ៕