
កិច្ចប្រជុំស្ដីពីការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍កាលពីថ្ងៃ ១២ ឧសភា។ រូប សហការី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយមន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ជាងមុន ជាអ្វីដែលមន្ត្រីបញ្ជាក់ថា ដើម្បីចៀសវាងការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដោយបកស្រាយខុសគ្នា។
លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍នៅពេលនេះ គឺខុសពីការធ្វើវិសោធនកម្មនាពេលកន្លងមក ដែលបានកែប្រែខ្លឹមសារ និងនីតិវិធីមួយចំនួន។
លោកបន្តថា ដោយឡែកការធ្វើវិសោធនកម្មនៅពេលនេះមានវត្ថុបំណងធំ គឺការកែប្រែនូវឃ្លាឃ្លោងមួយចំនួននៅក្នុងច្បាប់ ដើម្បីឱ្យងាយស្រួលយល់ និងចៀសវាងមានកំហុសឆ្គងហៅពាក្យពេចន៍ខ្លះខុសគ្នាតទៅទៀត។ លោកលើកជាឧទាហរណ៍ពាក្យមួយដែលពលរដ្ឋរួមទាំងមន្ត្រីស្ថាប័នមួយចំនួនបានហៅថា ស្លាកលេខ ប៉ុន្តែខាងក្រសួងសាធារណការហៅថា ផ្លាកលេខ ដែលហៅតាមពាក្យត្រូវបានគេចងក្រងនៅក្នុងច្បាប់។
លោកថា៖ «ខ្ញុំឧទាហរណ៍ថា កាលពីមុន ទូរសព្ទ និងបណ្ណ គឺប្រើមានសំយោគសញ្ញា (័) ពីលើ ប៉ុន្តែក្រោយមកទូរសព្ទ និងបណ្ណ គេលែងប្រើសំយោគសញ្ញា។ សួរថា ច្បាប់ហ្នឹងខុសឬយ៉ាងណា? ប៉ុន្តែច្បាប់អត់ខុសទេ ប៉ុន្តែជាពេលវេលាដែលយើងត្រូវប្រើតាមស្ដង់ដាមួយ។ នៅពេលមានការណែនាំថា ត្រូវប្រើតាមស្ដង់ដាហ្នឹងវិញ អ៊ីចឹងច្បាប់ពាក់ព័ន្ធផ្សេងៗត្រូវកែពាក្យពេចន៍ និងឃ្លាឃ្លោងឱ្យត្រូវគ្នាដូចជាអត់ប្រើសំយោគសញ្ញាលើពាក្យទាំង ២ ហ្នឹងជាដើម»។
លោកបន្តថា ឃ្លាខ្លះដែលវែងពេក ឬធ្វើឱ្យពិបាកយល់នៅក្នុងច្បាប់នេះក៏ត្រូវកែប្រែឱ្យខ្លី ដើម្បីឱ្យងាយយល់ដែរ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក តូច ចាន់កុសលរដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ។ លោកបញ្ជាក់ថា ការកែសម្រួលពាក្យពេចន៍ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះ គឺនឹងបន្តពិភាក្សាម្ដងមួយជំពូកៗរហូតដល់ចប់ ដើម្បីដាក់ឆ្លងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យកែសម្រួលមុននឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម។ លោកបានបញ្ជាក់ថា ពាក្យដូចជារថយន្តទេសចរណ៍ក៏បានកែទៅជារថយន្តគ្រួសារជាដើម។
ទោះបីជាយ៉ាងណា លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺនឹងកែប្រែពាក្យពេចន៍ និងឃ្លាឃ្លោង ច្រើនជាងការកែប្រែខ្លឹមសារ។ ប៉ុន្តែលោកមិនទាន់ដឹងថា ការធ្វើវិសោធនកម្មនឹងបញ្ចប់នៅពេលណាឡើយដោយសារតែទើបចាប់ផ្ដើម និងត្រូវការពេលយូរបន្ថែមទៀត។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់នេះ ដោយលោកលើកឡើងថា កន្លងមកមានចំណុចមួយចំនួនក្នុងច្បាប់នេះមិនទាន់កំណត់ឱ្យបានច្បាស់លាស់ហើយត្រូវបានគេបកស្រាយផ្សេងគ្នានៅពេលដែលមានទំនាស់កើតឡើងដូចជា ចែងអំពីសិទ្ធិរបស់អ្នកថ្មើរជើង និងការផ្ទុកមនុស្សនៅលើម៉ូតូជាដើម។
លោកថា៖ «ឧទាហរណ៍ ដូចជា នៅក្នុងមាត្រាទី ៨ គឺច្បាប់ចរាចរណ៍បានចែងថា អ្នកជិះម៉ូតូហ្នឹង គឺអាចជិះបាន ២ នាក់ ហើយអាចថែមកុមារអាយុ ៣ ឆ្នាំម្នាក់ ដោយត្រូវពាក់មួកសុវត្ថិភាព។ ប៉ុន្តែនៅក្នុងច្បាប់ហ្នឹងនៅពេលមានការបកស្រាយ គឺអ្នកខ្លះថា កុមារអាយុក្រោម ៣ ឆ្នាំ មិនឱ្យជិះម៉ូតូបានទេ។ អ៊ីចឹងកន្លែងហ្នឹងអត់ចែងឱ្យច្បាស់ហើយសម្រាប់ខ្ញុំ គឺចង់ឲ្យច្បាស់លាស់ទាំងអស់គ្នា»៕