ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយភាគីពាក់ព័ន្ធបានដាក់ចេញផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាឱ្យការអនុវត្តគម្រោងនានាទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធចម្រោះឲ្យរក្សាបាននូវសោភណភាពទីក្រុង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស កម្ពុជា។
ការដាក់ចេញផែនការសកម្មភាពនេះឡើងក្នុងពេលលោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានារបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធកាលពីថ្ងៃទី ២៧ ខែមេសា នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើគម្រោងនានាដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននិងពេលអនាគត ព្រមទាំងរៀបចំរចនាសម្ព័ន្ធមន្ត្រីគ្រប់គ្រង និងមន្ត្រីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាឲ្យប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់នៅក្នុងសម្រង់ប្រសាសន៍ក្នុងហ្វេសប៊ុកនោះថា៖ «ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុតដែលយើងត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីរក្សាបាននូវសោភណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ»។
លោកបានបន្តថា បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកដែលត្រូវពន្លឿនការអនុវត្តឲ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចឲ្យបាននូវសោភណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ទាំង ៣ ដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវពន្លឿនការសាងសង់ និងស្ដារឲ្យបានលឿនបំផុតដើម្បីរក្សានូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ»។
ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីនេះ ជួបពិភាក្សាគ្នាឲ្យបានញឹកញាប់ ដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសោភណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់បន្ថែមកាលពីថ្ងៃអង្គារម្សិលមិញថា លោករដ្ឋមន្ដ្រីបានណែនាំឲ្យអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីនេះ រៀបចំចងក្រងលិខិតបទដ្ឋានច្បាប់ និងការងារផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីបន្តអនុវត្ដការងារលើគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។
លោកថា៖ «គម្រោងពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់មួយចំនួនដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់នឹងត្រូវបង្វែរគម្រោងនោះមកឲ្យអគ្គនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់បន្តអនុវត្ដវិញ»។
លោក វិមាន បានបន្ថែមថា ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជានេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងផ្ដោតអនុវត្ដការងារទៅលើបណ្ដារាជធានី-ខេត្ដធំៗ និងខេត្ដមួយចំនួនទៀតនៅជុំវិញបឹងទន្លេសាប។
ដោយឡែកចំពោះការកសាងប្រព័ន្ធប្រឡាយរំដោះទឹកកខ្វក់នៅក្នុងខេត្ដព្រះសីហនុកំពុងអនុវត្ដដោយរលូន និងសម្រេចបានជិត ៧០ ភាគរយហើយ៕