ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ថ្មី​មួយ​ស្ថិតនៅ​តំបន់​ច្រាំង​ចំរេះ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​ ១៥ នៃ​រាជធានី​ភ្នំពេញ​នៅលើ​ផ្ទៃដី​ ១ ​ហិកតា ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​អ្នកជំនាញ​បើកបរ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​នៅក្នុង​ប្រទេស​។

លោក​ ឈួន វន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា កន្លងមក​ក្រសួង​ក៏មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះដែរ ប៉ុន្តែ​ត្រូវបាន​បិទ​ទៅវិញ​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្ទាប់មក​ក្រសួង​ក៏បាន​សម្រេច​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​នេះ​ឡើងវិញ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​ផ្លូវគោក ប៉ុន្តែ​វា​តូច​ពេក​។

លោក​បន្តថា ដោយ​មើលឃើញ​ពី​ស្ថានភាព​បែបនេះ​ក្រសួង​ក៏​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ក្រុមហ៊ុន​កាំត្រង់ស៊ីប​មួយ​ដែលជា​ក្រុមហ៊ុន​សហការ​ក្នុង​ការធ្វើ​ស្លាក​លេខ​រថយន្ត​ និង​ម៉ូតូ ដើម្បី​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​ឡើងវិញ ដែលជា​មជ្ឈមណ្ឌល​របស់​រដ្ឋ ហើយ​មានតែ​ ១ ​គត់​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ឱ្យមាន​ស្តង់ដា​មួយ​ច្បាស់លាស់ ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​មាន​ទីលាន​ត្រឹមត្រូវ និង​បណ្តុះបណ្តាល​ឱ្យមាន​គុណភាព និង​ជំនាញ​ច្បាស់លាស់​»​។

បើតាម​លោក​ ឈួន វន់ គឺ​នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងមាន​ការខ្វះខាត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ច្រើន ខណៈ​ដែល​រថយន្ត​ធុន​ធ្ងន់​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​ជាង​ ៣០ ​ម៉ឺន​គ្រឿង ហើយ​អ្នក​ដែលមាន​បណ្ណ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​មាន​ត្រឹមតែ​ ១៨ ​ម៉ឺន​បណ្ណ​។ បើ​ធៀប​នឹង​អ្នក​កាន់​បណ្ណ​បើកបរ​រថយន្ត​ធុន​តូច​មាន​ប្រមាណ​ជា​ ៧០ ​ទៅ​ ៨០ ​ម៉ឺនគ្រឿង ខណៈ​អ្នកមាន​បណ្ណ​បើកបរ​ចំនួន​ជាង​ ១ ​លាន​បណ្ណ​។

លោក​ថា ជា​ធម្មតា​បណ្ណ​បើកបរ​គួរតែមាន​ច្រើនជាង​ចំនួន​រថយន្ត ដែល​ត្រូវ​ចុះបញ្ជី​។ តែ​ផ្ទុយទៅ​វិញ​ឡានធំ​មាន​ចំនួន​តិចជាង​ទៅវិញ ខណៈ​សាលា​សម្រាប់​បង្រៀន​បើកបរ​រថយន្ត​ធុន​ធំ​មិនសូវមាន​ទៀត ទើបត្រូវ​បង្កើត​សាលា​ឱ្យមាន​ឡើង​។

ការសាងសង់​មជ្ឈមណ្ឌល​នេះ​បើ​តាម​លោក​ ឈួន វន់ គឺ មកដល់​ពេល​នេះ សម្រេច​បាន​ប្រមាណ ៩០ ​ភាគរយ​ហើយ​ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ ក្រសួង​រំពឹងថា​មជ្ឈមណ្ឌល​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពី​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ អ្នក​ដែល​បើកបរ​ទាំងអស់​មាន​បណ្ណ និង​ជំនាញ​ច្បាស់លាស់ ដែល​អាច​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​ ឆឹម ចំណាន ប្រធាន​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា គាំទ្រ​ចំពោះ​ក្រសួង​ដែល​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ជំនាញ​បើកបរ​នេះ​ឡើង និង​តប​តាម​សំណើ​របស់​សមាគម​ដែល​ចង់ឱ្យ​មាន​មជ្ឈមណ្ឌល​ប្រភេទ​នេះ​តាំងពី​យូរ​ឆ្នាំ​មកហើយ​។ ព្រោះ​ក្រុមហ៊ុន​ត្រូវការ​អ្នកបើកបរ​ដែលមាន​ជំនាញ​ច្បាស់ និង​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​។ ព្រោះ​កន្លងមក​អ្នកបើកបរ​ស្ទើរតែ​ទាំងអស់​ចេះ​បើកបរ​តាម​គ្នា ដែល​ជា​បញ្ហា​ធំ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​មិនមាន​ការគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ភាគច្រើន គឺ​មិនចេះ​ និង​មិន​យល់ដឹង ពី​ច្បាប់ ហើយ​ពួកគាត់​បាន​ពែកមី​ [​បណ្ណបើកបរ​] ​មក​ក្នុង​រូបភាព​មិនប្រក្រតី​ និង​រៀន​តពី​គ្នា ហើយ​អ្វីដែល​សំខាន់​មួយទៀត គឺ​កម្ពុជា​មាន​ការខ្វះខាត​អ្នកបើកបរ​។ ដូច្នេះ​ហើយ​បានជា​ខាង​ក្រុមហ៊ុន​ចេះតែ​យកមក​ធ្វើការ​ឱ្យ​តែមាន​បណ្ណ​បើកបរ​ស្រប​ទៅ​តាម​អ្វីដែល​រដ្ឋ​មាន​តម្រូវការ​»​។

បើ​តាម​លោក​ ឆឹម ចំណាន ក្រសួង​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​បើកបរ​រថយន្ត​ធុនធ្ងន់​នេះ​ឡើង ស្របតាម​គោលដៅ​ឱ្យ​តែ​អ្នកបើកបរ​ចេញពី​មជ្ឈមណ្ឌល​នេះ ទាំង​សមាគម និង​ក្រុមហ៊ុន​លែង​ខ្វាយខ្វល់​ហើយ និង​ទាន់ពេលវេលា​។ ព្រោះ​តម្រូវការ​អ្នកបើកបរ​នៅក្នុង​ប្រទេស​កាន់តែ​មាន​កំណើន​ខ្ពស់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

ចំណែក​លោក​ សុខ ឈាង ប្រធាន​សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា​ក៏​គាំទ្រ ចំពោះ​ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​។ ព្រោះ​សមាគម​របស់លោក​បាន​ស្នើសុំ​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ​កម្ពុជា​កំពុង​ខ្វះខាត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​។

លោក​ថ្លែងថា​៖ «​អ្នកបើកបរ​រថយន្ត​មាន​ច្រើនណាស់ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ជំនាញ​បើកបរ​ និង​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​តាម​ប្រភេទ​បណ្ណ​បើកបរ​មិនសូវ​មាន​នោះទេ​។ បើទោះបី​មាន​ក៏​មាន​តែ​អ្នក​ទទួល​បាន​បណ្ណ​បើកបរ​ក្លែងក្លាយ ដោយ​មិនបាន​ឆ្លងកាត់​សាលា​បើកបរ​ច្បាស់លាស់ និង​ត្រឹមត្រូវ​»៕