ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន បើក​ដំណើរការ​ឡើងវិញ​នូវ​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត (ឆៀកចល័ត) ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១០ ឧសភា ដល់​ម្ចាស់​យានយន្ត​ដែល​ផុត​សុពលភាព​ដែល​បានកំណត់។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ៧ ឧសភា ថា គ្រប់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​អាច​យក​យានយន្ត ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាម​ការកំណត់​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ចូន​ខេត្ត​តាម​កាលបរិច្ឆេទ ឬ​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​មាន​ទីតាំងនៅ​ជិត​បំផុត។

លោក ប៉ាល ច័ន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ ទី ៩ ខែ​ឧសភា ថា កន្លែង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត​ទូទាំង​ប្រទេស ត្រូវ​បានរៀបចំ​រួចជាស្រេច ដោយ​អនុវត្តតាម​វិធានការ​សុខាភិបាល ដូច្នេះ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ទៅ​ទទួល​សេវា​នេះ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ចៀសវាង​ការពិន័យ ឬ​វិធានការ​រដ្ឋបាល​ណាមួយ ដែល​នឹង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​នាពេល​ខាងមុខ។

លោក​បញ្ជាក់ថា៖ «យើង​ដល់ពេល​ឆៀក​ហើយ ដូច្នេះ​មិន​កំណត់​អាទិភាព​អ្នកណា អ្នកណា​ទេ គឺ​នៅពេល​យានយន្ត​គាត់ ដល់​ពេល​គឺ​ត្រូវ​ទៅ​ឆៀក។ យើង បាន​គិត​រួចហើយ បើសិន​មាន​ការសម្រុក​ទៅ​ឆៀក​ខ្លាំង គឺ​យើង​ត្រៀម​វិធាន​ដាក់​គម្លាត ដាក់​អី។ បន្ថែម​ពីនេះ យើង​ក៏បាន​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ដោយ​ការស្នើសុំ​ឆៀក​តាម​អនឡាញ ដើម្បី​កំណត់​ពេលវេលា​ដែល​មិនចាំបាច់​រង់ចាំ​យូរ»។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុងអំឡុង​ពេលនេះ ប្រសិន​បើ​ក្រសួង​អាច​កំណត់​គោលដៅ​អាទិភាព គឺជា​រឿង​ប្រសើរ​ដូចជា ឡានធំ ឡាន​អាជីវកម្ម ដឹក​គ្រឿងសំណង់ ដឹកដី ដឹកហ្គាស ឬ​ដឹកទំនិញ​ផ្សេងៗ និង​រថយន្តឈ្នួល​ ព្រោះ​រថយន្ត​ទាំងនោះ​តែង​ធ្វើដំណើរ​ញឹកញាប់ ឬ​ខ្លះទៀត​បើកបរ​លើផ្លូវ​វែងឆ្ងាយ។ ការធ្វើ​យ៉ាង​ដូច្នេះ ក៏​បញ្ចៀស​បាន​នូវ​ការសម្រុក​ទៅកាន់​កន្លែង​ឆៀក​ចល័ត​ដែល​ងាយ​នឹង​ប្រឈម​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ១៩​ផង​ដែរ។ ទោះជា​ក្រសួង​តែងតែ​បាន​រៀបចំ​ឱ្យមាន​វិធានការ​ទាំងនេះ ប៉ុន្តែ​ការពង្រឹង និង​អនុវត្ត​យ៉ាង​ហ្មត់ចត់​លើ​វិធាន​សុវត្ថិភាព​ដោយ​មន្ត្រី​សុវត្ថិភាព​ដែល​បាន​ចាត់តាំង គឺជា​ចាំបាច់។

លោក ថ្លែងថា៖ ​«មិន​ថា​ទីណា​ទេ ពិសេស​កន្លែង​ដែល​អាចមាន​មនុស្ស​ច្រើន ចាំបាច់​ត្រូវតែ រក្សា​គម្លាត (បើ​បាន ២ ម៉ែត្រ​ឡើងកាន់​តែ​ល្អ) ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ទាំង​ក្រុមការងារ​ផ្តល់​សេវា និង​អ្នក​មក​ទទួល​សេវា វាស់​កម្ដៅ បាញ់​អាល់កុល ឬ​ជែល និង​លាងដៃ​នឹង​សាប៊ូ​ញឹកញាប់ កំណត់​ច្រកចូល ច្រកចេញ ដែល​មាន​គម្លាត។ល។ បើ​ពុំ​ដូច្នោះ​ទេ កន្លែង​ប្រមូលផ្តុំ​ប្រឈម​នឹង​ការចម្លង និង​ឆ្លង​មេរោគ​ដ៏កាចសាហាវ​នេះ​ខ្ពស់​ខ្លាំងណាស់»៕