ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាននិង​កំពុង​ពិភាក្សា​ពិគ្រោះ​យោបល់​ស្តីពី​ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៤ ដោយ​មន្ត្រី អះអាង​ថា គម្រោង​ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​ ១៩៥ ​គីឡូម៉ែត្រ​ដែល​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤​។ ភាគី​ពាក់ព័ន្ធ​ក៏បាន​សិក្សា​ពី​ការគ្រប់គ្រង ទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ផងដែរ​។

លោក​ វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ កាលពី​ថ្ងៃទី​ ១៩ ខែតុលា បាន​ជួបប្រជុំ​គ្នា ដើម្បី​ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ទីតាំង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៤​។ កិច្ចពិភាក្សា​នោះបាន​ជជែក​ពី​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ផងដែរ ប៉ុន្ដែ​លោក​ថា មិនទាន់​ដឹង​ពី​ខ្ទង់​ចំណាយ​នៅឡើយ​ទេ​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ គឺ​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៤ ​នេះ​ជា​ផ្លូវ ​១ ដែលមាន​សារៈសំខាន់​ក្នុង​ការចូលរួម​ចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ផ្លូវ​ក្រវាត់ក្រុង​នេះ​ក៏​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ផ្លូវជាតិ​ផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​បាន​កាន់តែ​លឿន និង ចំណេញ​ពេលវេលា ព្រមទាំង​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ថែមទៀត​ផង​។

លោក​ វ៉ា ស៊ីមសូរិយា បាន​បញ្ជាក់ថា​៖ «​យើង​ប្រជុំ​នេះ គឺ​ប្រជុំ​លើក​ទី​ ១ ​ទេ ដោយ​គ្រាន់តែ​ចង់​បាន​កិច្ចសហការ​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុផ្សំ ហើយ​ខាង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​គាត់​ចង់​បញ្ចេញមតិ ឬ​សំណូមពរ​បែប​ណា ហើយ​មាន​អ្វីខ្លះ​ដែល​ប៉ះពាល់​។ អ៊ីចឹង​យើង​ទទួល​យកទៅ​ពិគ្រោះ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ [​ក្រសួង​សាធារណការ ស៊ុន ចាន់ថុល​] ដើម្បី​សម្រេច និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​ចំពោះមុខ​ហ្នឹង​»​។

លោក​ លីម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែតុលា ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​គម្រោង​នេះ​ថា គម្រោង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​ ៤ ​នេះ​ក្រសួង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​សិក្សា​តាំងពី​ឆ្នាំ​ ២០១៨ ​មក​ម្ល៉េះ​។

ពេលនេះ​ក្រុមហ៊ុន​បាន​សិក្សា​ចប់សព្វគ្រប់​ហើយ​នៅ​ឆ្នាំ​ ២០២០​។ ផ្លូវ​ក្រវាត់ក្រុង​ទី​ ៤ ​នេះ​មាន​ប្រវែង​ ១៩៥ ​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និង​ខេត្តព្រៃវែង​។ ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ចំនួន​ ៣ ​ស្រុក ខេត្ត​តាកែវ​ចំនួន​ ១ ​ស្រុក ខេត្តកណ្តាល​ ៨ ​ស្រុក និង​ខេត្តព្រៃវែង​ចំនួន​ ២ ​ស្រុក​។

លោក​លើក​ទឹកចិត្ត​ឱ្យ​ក្រសួង​ក៏ដូចជា​មន្ទីរជំនាញ​ពាក់ព័ន្ធ លើក​សំណើ​ទៅ​រដ្ឋបាលខេត្ត សិក្សា​ទីតាំង​ចាក់សំរាម ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ និង​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​យក​ដី​ចំណីផ្លូវ ការចាក់ដី​លុប​រំលោភ​លើដី​ចំណីផ្លូវ ដែល​ធ្វើឱ្យ​ផ្លូវ​បាត់បង់​សោភណភាព និង​បណ្ដាល​ឱ្យ​ផ្លូវ​ឆាប់​ខូច​មុនពេល​កំណត់​។

លោក​ ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​គម្រោង​នេះដែរ​នោះ គាំទ្រ​គម្រោង​ពេញទំហឹង​។ លោក​ថា ព្រោះ​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៤ ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បន្ថែមទៀត ជាពិសេស​ដឹកជញ្ជូន​ទំនិញ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ​បាន​ឆាប់រហ័ស ហើយ​មាន​សុវត្ថិភាព​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា វា​ជា​ការចាំបាច់​បំផុត​សម្រាប់​កសាង​ផ្លូវ​ខ្សែក្រវាត់ក្រុង​ទី​ ៤ ​នេះ ដើម្បី​ដោះស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ការសម្រួល​ដល់​ការដឹក​ទំនិញ​នានា​ឆ្លង​ប្រទេស​។ អ៊ីចឹង​ខាង​ភាគី​ខ្ញុំ ក៏​កំពុង​ពិភាក្សា​ការងារ​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ដាក់​ផែនការ​មក​ទាក់ទង​បញ្ហា​កាកសំណល់​សំរាម​នានា ដើម្បី​ដាក់​ស្នើ​ទៅ​រដ្ឋបាលខេត្ត​ពិនិត្យ​»​។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក​ គង់ រតនៈ គាំទ្រ​ឱ្យមាន​ការអភិវឌ្ឍ ឬ​សាងសង់​ផ្លូវ​បន្ថែម​បែបនេះ​។ ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​សាមីក្រសួង​ត្រូវតែ​សិក្សា​ពី​ផលប៉ះពាល់​គម្រោង​ក្នុង​រយៈពេល​វែង ដើម្បី​ចៀសវាង​ការពង្រីក ឬ​ដាក់​ប្រព័ន្ធ​លូ​ផ្សេងៗ​នៅ​ថ្ងៃ​អនាគត​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​អាច​នាំឱ្យ​ខាតបង់​ថវិកា​ដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ក្រសួង​គួរតែ​មាន​ការបើក​ឱ្យ​ទូលាយ គឺអាច​ផ្ដល់ឱកាស​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នកជំនាញ​បាន​ចូលរួម​កិច្ចប្រជុំ​នេះ ដើម្បី​ពួកគាត់​ជួយ​បន្ថែម​ធាតុ​ចូល​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ ជាពិសេស អង្គការ​សង្គម​ស៊ីវិល​ខ្លះ​គាត់​ធ្វើការ​ផ្ទាល់​ជាមួយ​សហគមន៍​។ ដូច្នេះ​គាត់​អាច​ដឹង​ពី​តម្រូវការ ឬ​ការដោះស្រាយ​គោលនយោបាយ​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​»៕

វីដេអូ៖