ភ្នំពេញ: ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ដាក់កំហិត​ ១ ​ឆ្នាំ​ឱ្យ​សាលា​បង្រៀន​បើកបរ​រថយន្ត​ធុន​ធំ​បង្កើត​ឱ្យ​មាន​ទីលាន​បើកបរ និង​សម​ដៃ​ចង្កូត​ដោយ​ខ្លួនឯង​ ដើម្បី​ពង្រឹង​សមត្ថភាព​នៃ​ការបើកបរ​ក្នុង​គោល​បំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​។

លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ការស្នើសុំ​អាជីវកម្ម​បើក​សាលា​បង្រៀន​បើកបរ​រថយន្ត​ធុន​ធំ​តម្រូវ​ឱ្យ​មាន​ទីលាន​បង្រៀន​បើកបរ​ដោយ​ខ្លួន​ឯង​ លើក​លែង​តែ​រថយន្ត​ធុន​តូច។​ ប៉ុន្តែ ​បើ​មិន​មាន​ទី​លាន​បើកបរ​នោះទេ ​ក្រសួង​នឹង​បញ្ចុះ​កម្រិត ​និង​អនុវត្ត​ទៅតាម​ច្បាប់​កំណត់​ដោយ​អនុញ្ញាត​ឱ្យ​បង្រៀន​តែ​រថយន្ត​ធុន​តូច​ប៉ុណ្ណោះ​។ សម្រាប់​រថយន្ត​ធុន​ស្រាល ​លក្ខណៈ​គ្រួសារ​គឺ​មិន​តម្រូវ​ឱ្យ​មាន​ទីលាន​​នោះទេ​ ដោយ​អាច​បង្រៀន​នៅ​ទីធ្លា​ទូលាយ​ណា​មួយ​ក៏​បាន​ដែរ​។

លោក​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​ក្រុម​ការងារ​ក្រសួង​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​សាលា​មួយ​ចំនួន ​ម្ចាស់​អាជីវកម្ម​​បាន​ស្នើ​សុំ​ទុក​ពេល​ ១ ​ឆ្នាំ ​ដើម្បី​បង្កើត​ ឬ​សហការ​គ្នា​ក្នុង​ការបង្កើត​ទីលាន​នេះ​ដោយ​ជួល​ដី​គេ ឬ​ទិញ​ដី​កន្លែង​ណាមួយ​ដើម្បី​បង្កើត។

លោក​បាន​បញ្ជាក់​ទៀត​ថា​ បន្ទាប់​ពី​ ១ ​ឆ្នាំ​នេះ​ក្រុម​ការងារ​ក្រសួង​នឹង​ចុះទៅ​ត្រួត​ពិនិត្យ​មើល ​ដើម្បី​មាន​វិធានការ ​និង​មើល​ការបង្រៀន​ត្រឹមត្រូវ​ ឬ​មិន​ត្រឹម​ត្រូវ​​។

លោក ឈួន វន់ បញ្ជាក់​ថា​កន្លង​មក​នេះ​បន្ទាប់ពី​ក្រុម​ការងារ​របស់​ក្រសួង​ចុះ​ពិនិត្យ​នៅ​តាម​សាលា​ក៏​បាន​ប្រកាស​បិទ​សាលា​ចំនួន​ជាង ​១០ ​ដែរ​ ​បន្ទាប់ពី​ពិនិត្យ​ឃើញ​មិនមាន​ទីលាន​នេះ ​និង​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​លោក​មិន​បាន​ដឹង​ពី​តួលេខ​ជាក់លាក់​មាន​ចំនួន​សាលា​បង្រៀន​បើក​ប៉ុន្មាន​នៅ​ទូទាំង​ប្រទេស​នោះ​ទេ​។

លោក ឆឹម ចំណាន ប្រធាន​សមាគម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ផ្លូវគោក​កម្ពុជា ​(CAMBA) បាន​ថ្លែង​ថា​កន្លង​មក​មិនមាន​សាលា​ណា​មួយ​មាន​ទីលាន​នោះ​ទេ​​​។

លោក​បន្ត​​ថា​៖ «​ពីមុន​មក​ ខ្ញុំ​បាន​សាកសួរ​អ្នក​បើកបរ​ដែរ​ថា ធ្លាប់​រៀន​បើកបរ​នៅ​ឯណា? ​គាត់​ឆ្លើយ​ថា​ គាត់​ជួល​ឡាន​គេ​មក​បើក និង​​នៅ​ក្បែរ​គេ​»​។

លោក ចំណាន ថ្លែង​ថា​ ​សាលាបង្រៀន​បើកបរ​ទាំង​អស់​ត្រូវតែ​បង្កើត​ទីលាន​ដោយ​ខ្លួន​ឯង​ សម្រាប់​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​មាន​រថយន្ត​គ្រប់​គ្រាន់​ និង​គ្រប់​លក្ខណៈ​បច្ចេកទេស ​ និង​ស្តង់ដា​អន្តរជាតិ​ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​។

លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវតិ្ថភាព​ចរាចរណ៍​បាន​ថ្លែង​ថា​ បើ​ពេល​រៀន​មិន​មាន​ទីលាន​សម្រាប់​អនុវត្ត​ឱ្យ​កូន​សិស្ស ហើយ​រៀន​តែ​ទ្រឹស្តី​នេះ ​វា​ហានិភ័យ សម្រាប់​សិស្ស​ដែល​ទៅ​រៀន​មិន​អាច​អនុវត្ត​បាន​ល្អ​នោះ​ទេ​។

លោក​ ធូ​ ឃីម​ ប្រធាន​គ្រប់គ្រង​គ្រូបង្រៀន​នៃ​សាលា​បង្រៀន​បើកបរ ២៣ ​តុលា​បាន​ឯកភាព​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ក្នុង​ការតម្រូវ​ឱ្យ​សាលា​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ ឱ្យ​មាន​ទីលាន​សម្រាប់​បង្រៀន ​និង​សម​ដៃចង្កូត​ដោយ​ខ្លួនឯង​។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​នឹង​ឯកភាព​តាម​សាលា​បង្រៀន ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បង្រៀន​ទាំង​នោះ​​»​៕