ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បន្ត​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ប្រើប្រាស់​កាមេរ៉ា​ត្រួតពិនិត្យ ​និង​ចាប់​សកម្មភាព​ល្មើស​ដោយ​ស្វ័យ​ប្រវត្តិ​នៅលើ​ដងផ្លូវ ​បន្ទាប់ពី​ផ្លូវ​មួយចំនួន ​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​នេះ​រួចរាល់ ​ដើម្បី​ឈានទៅ​រក​ការប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេល​ឆាប់។

កិច្ចប្រជុំ​ពិភាក្សា​រវាង​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ភាគី​ពាក់ព័ន្ធ ​និង​ក្រុមហ៊ុន​បច្ចេក​ទេស​ឯកជន​ ដើម្បី​សិក្សា​ពី​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ ៥ ត្រូវបាន​ធ្វើឡើង ​កាលពី​ថ្ងៃទី ២៩ ​ឧសភា។

លោក​ ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា ​និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣១ ​ឧសភា ​ថា​ ការជួបគ្នា​ប្រជុំ​រវាង​ក្រសួង​សាធរណការ ​និង​ដឹកជញ្ជូន​ ជាមួយ​ភាគី​ពាក់​ព័ន្ធ ​និង​ក្រុមហ៊ុន​បច្ចេកទេស​ឯកជន ​គឺ​ដើម្បី​សិក្សា​បន្ថែម​ពី​ផ្លូវ ​ដែល​កំពុង​ធ្វើការ​សាងសង់ ​ឈានទៅរក​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ សម្រាប់​សម្រួល​ដល់​ការគ្រប់គ្រង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត។

លោកបាន​បញ្ជាក់ថា ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​សម្រួល​ដល់​ការគ្រប់គ្រង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត គឺជា​ប្រពន្ធ​មួយ​ដែល​ប្រើប្រាស់​នូវ​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុងការ​ចាប់យក​ល្បឿន និង​ទម្ងន់​របស់​យានយន្ត ​ដែល​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ។

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «យើង​ប្រើប្រាស់​ជា​ប្រភេទ ​AI Camera ដែល​វា​ដឹង​ខ្លួនឯង​ថា​ រថយន្ត​ល្មើស​នោះ ​មាន​ស្លាក​លេខ​ប៉ុន្មាន ​ហើយ​យើង​ក៏​ប្រើប្រាស់​ជញ្ជីង​ថ្លឹង​ដោយ​ស្វ័យប្រវត្តិ ​នៅពេល​មាន​យានយន្ត ​គាត់​បើក​ឆ្លងកាត់ ​គឺ​វា​ដឹង​ទម្ងន់។ កាមេរ៉ា​នោះ ​នឹង​ដឹងថា​ យានយន្ត​មួយណា ​មាន​ស្លាក​លេខ​ប៉ុន្មាន ​ដោយមាន​ការគ្រប់គ្រង​នូវ​គល់​បញ្ចី​យាន​យន្ត​ត្រឹម​ត្រូវ។ ដូច្នេះ​អ្វីៗ ​វា​ដើរ​ដោយ​ស្វ័យ​ប្រ​វត្តិ និង​ដឹង​ខ្លួនឯង​ហើយ​ជូនដំណឹង​មក​សមត្ថកិច្ច​យើង​ភ្លាមៗ»។

លោក​បន្ថែមថា​៖ «ជាទូទៅ​ រថយន្ត​បើកបរ​តាម​ដងផ្លូវ ​យើង​ម៉េច​ដឹងថា​គាត់​លើស​ទម្ងន់ ​ហើយ​បើ​យើង​ចង់ដឹង​មានតែ​ឲ្យ​គាត់​ចូល​ស្ថាន​នីយ​ថ្លឹង។ ប៉ុន្តែ​សម្រាប់​អ្នក​ដឹក​ជ​ញ្ជូន​មួយចំនួន ​គាត់​ក៏​គេចវេះ ​ដោយសារតែ​ហេតុផល​ផ្សេងៗ។ ដូច្នេះ​បច្ចេកវិទ្យា​នេះ ​គឺ​យើង​នឹង​ចាប់​ដោយ​ស្វ័យប្រវត្តិ​ នូវ​យានយន្ត​ណាមួយ ​ដែល​គាត់​ល្មើស»។

បើ​តាមលោក​ ហ៊ាង សុទ្ធា​យុត្តិ ​ ចាប់តាំង​ពី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ចាប់យក​បច្ចេកវិទ្យា​នេះ​មក​ប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ គឺមាន​ផ្លូវជាតិ​មួយចំនួន ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​រួចរាល់ និង​បានដាក់​ឲ្យ​អនុវត្ត​សាកល្បង​ ខណៈ​មាន​ផ្លូវជាតិ​ជាច្រើន​ទៀត ​កំពុងស្ថិត​ក្នុង​គម្រោង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ។

លោក​ថា​៖ «ការបំពាក់​នូវ​បច្ចេកវិទ្យា​លើផ្លូវ​មួយចំនួន​នេះ ​គឺ​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ។ យើង​អាច​និយាយ​បានថា ​ជា​ដំណាក់​កាល​នៃ​ការសាកល្បង​ ព្រោះ​យើង​ដាក់​ដំណើរ​ការនូវ​អ្វីៗ ​ដែល​យើង​បាន​រំពឹង​ទុក។ ​បច្ចេក​វិទ្យា​នេះ​ គឺមាន​ឯករាជ្យភាព​ខ្ពស់​ក្នុងការ​សម្រេច ​និង​វាយតម្លៃ។ ប៉ុន្តែ​បើ​មាន​ចំណុច​ខ្វះ​ខាត ​នឹងធ្វើ​ឲ្យ​ការងារ​ដែល​យើង​ខំ​ប្រឹងប្រែង​នេះ ​មិនល្អ​ប្រសើរ​ទេ។ ដូច្នេះ​យើង​ត្រូវធ្វើ​ការកែប្រែ​ ដើម្បី​ឈានទៅរក​ការដាក់​ប្រើប្រាស់​ជា​ផ្លូវការ»។

លោក​បន្តថា​ ប្រព័ន្ធ​គ្រប់គ្រង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ​ដែល​នឹងដាក់​ឲ្យប្រើប្រាស់​សាក​ល្បង​លើ​ផ្លូវ​ជាតិ​មួយចំនួន​នេះ​ នឹង​ជួយ​សម្រួល​ដល់​ក្រុមការងារ​ត្រួតពិនិត្យ​ងាយស្រួល​តាម​ដាន។ រីឯ​ប្រជាពលរដ្ឋ ​និង​ក្រុមហ៊ុន​ដឹកជញ្ជូន ​ក៏មាន​ភាព​ងាយស្រួល​ក្នុងការ​ទទួលបាន​ដំណឹង​ពី​ទម្ងន់​យានយន្ត​របស់ខ្លួន​នៅតាម​ដងផ្លូវ​ភ្លាមៗ​ផងដែរ។

ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បាន​សិក្សា​នូវ​បច្ចេកវិទ្យា​គ្រប់គ្រង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នេះតាំងពី​ឆ្នាំ ២០១៩។ ក្រសួង​បាន​សិក្សា​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន១២ ដើម្បី​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​នេះ ​អាច​យក​មក​ប្រើ​ប្រាស់​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា។ នេះ​បើតាម​លោក ​ហ៊ាង សុទ្ធា​យុត្តិ។

លោក​ គង់ សុវណ្ណ ​អ្នកជំនាញ​សុខភាព​សាធារណៈ ​និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ ​លើកឡើង​នៅ​ថ្ងៃ​ទី ៣១ ​ឧសភា​ ថា ​ការត្រួត​ពិនិត្យ​យានយន្ត​ដាក់​ទម្ងន់​លើស​កម្រិត​នេះ ​គឺជា​រឿង​សំខាន់។ ​ការប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ ​គឺជា​ភាពចាំបាច់​មួយ​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​របស់​មន្ត្រី​មាន​សមត្ថកិច្ច ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​ថា ​ការ​ទប់​ស្តា​ត់​ការដឹក​លើស​ទម្ងន់​កំណត់​នៅលើ​ដងផ្លូវ ​បាន​ចូលរួមចំណែក​ថែរក្សា​ផ្លូវ​ថ្នល់​ឲ្យ​បាន​គង់វង្ស និង​សន្សំ​ថវិកាជាតិ ​ព្រោះ​បើ​ការគ្រប់គ្រង​បញ្ហា​នេះ​មិនល្អ​នោះ​ទេ ​រដ្ឋ​នឹងត្រូវ​ចំណាយ​ពេល​វេលា​ច្រើន ​ក្នុងការ​ជួសជុល​ផ្លូវ​ថ្នល់​ម្តង​ហើយ​ម្តង​ទៀត។

បើ​តាម​លោក​ គង់ សុវណ្ណ ​ប្រពន្ធ​នេះ ​នឹង​ជួយ​ឲ្យ​ជនល្មើស​ទាំងអស់ ងាក​មក​គិតពី​ហានិភ័យ​ និង​ត្រូវ​ដកខ្លួន​សន្សឹមៗ ​ក្នុង​ការដឹក​លើស​ទម្ងន់​ ខណៈ​ជនខិលខូច​ទាំងនោះ ​តែងតែ​ប្រើប្រាស់​នូវ​រូបភាព​ផ្សេងៗ​ ដើម្បី​បន្ត​សកម្មភាព​ល្មើស​របស់​ពួក​គេ។

លោក​បញ្ជាក់ថា​៖ «នៅពេល​យើង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ហើយ ​យើង​ត្រូវតែមាន​ការផ្សព្វផ្សាយ​ជាសំខាន់។ ​ការងារ​នេះ​ មិនមែន​សម្រាប់តែ​ក្រុម​ដឹក​ជញ្ជូន​នោះទេ​គឺ​យើង​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ដល់​មន្ត្រី​របស់​យើង​ឲ្យ​បាន​ដិ​តដល់​ផងដែរ ​ដើម្បី​ឲ្យ​បំពេញ​តួនាទី ​ភារកិច្ច​នេះ​ ប្រកប​ដោយ​តម្លាភាព​ហ្មត់ចត់»៕

វីដេអូ៖