The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណ​ការ បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​ថ្មី​មួយទៀត




ក្រសួង​សាធារណ​ការ បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​ថ្មី​មួយទៀត

Content image - Phnom Penh Post
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ក្នុងពិធីបើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​ថ្មី​។ ហ៊ាន រង្សី

ក្រសួង​សាធារណ​ការ បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​ថ្មី​មួយទៀត

ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ «​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្តល់​សេវាសាធារណៈ​» ថ្មី​មួយ​ទៀត​នៅក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់​ទី​ ៣ ស្ថិត​នៅ​មហាវិថី​ព្រះនរោត្តម​ក្នុង​​សង្កាត់​បឹងកេងកង​ទី​ ១ ខណ្ឌ​ចំការមន​។

យោង​តាម​បទបង្ហាញ​របស់​លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៅក្នុង​ពិធី​នោះ ការបើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរ​កម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្តល់​សេវាសាធារណៈ​ថ្មី​នេះ គឺ​ដើម្បី​ជួយ​សម្រួល និង​ពន្លឿន​ការផ្តល់​សេវាកម្ម​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព និង​គុណភាព​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​ថ្មី​នេះ​ជា​នីតិវិធី​រួមគ្នា​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុង​ពេល​តែមួយ​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្តល់​សេវា​ដែល​កំណត់ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​»​។

នៅក្នុង​ឱកាស​នោះដែរ​លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែង​ថា ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរ​កម្មសិទ្ធិ​យានជំនិះ​ថ្មី​នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​របស់​រដ្ឋបាល​សាធារណៈ​ដែល​ទាមទារ​ការខិតខំ​ប្រឹងប្រែង លះបង់ និង​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការសម្រេច​បាន​សមិទ្ធផល​មួយ​នេះ​។

សមិទ្ធផល​នេះ​នឹង​ផ្ដល់​ភាពងាយស្រួល ឆាប់រហ័ស និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួល​សេវាសាធារណៈ ហើយ​ក៏​ជា​ការផ្ដល់​ឱកាស​ដល់​ស្ថាប័ន​ទាំង​ ២ ​គឺ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ដើម្បី​គ្រប់គ្រង​ទិន្នន័យ និង​ការធ្វើ​បច្ចុប្បន្នភាព​របស់​ម្ចាស់​យានជំនិះ​ទាំងអស់ ចៀសវាង​ការឆបោក ឬ​ការ​ក្លែងបន្លំ​ណាមួយ​ពី​ជនខិលខូច​ក្នុងន័យ​ធានា​បាន​នូវ​សុវត្ថិភាព​សង្គម ។

លោក​បាន​បញ្ជាក់ថា​៖ «​ការចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នេះ​ដោយ​ប្រជាពលរដ្ឋ​នឹង​ជា​កាតាលីករ​ដ៏សំខាន់​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ការពង្រឹង​នូវ​វប្បធម៌​បង់ពន្ធ និង​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈ​បង់ពន្ធ​ជូន​រដ្ឋ​»​។

នៅក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏ថ្លែង​ដែរ​ថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​លើ​ការងារ​គ្រប់គ្រង​យានជំនិះ​គ្រប់​ប្រភេទ​នៅ​កម្ពុជា និង​ការផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ម្ចាស់​យានជំនិះ ព្រមទាំង​រួមចំណែក​ក្នុង​ការប្រមូល​ប្រាក់​ពន្ធអាករ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ការក្លែងបន្លំ​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​កំណែទម្រង់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ប្រជាពលរដ្ឋ​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល និង​អាច​មក​ទទួល​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យភាព​»​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​លោក ចាន់ថុល ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​​ប្រជាពលរដ្ឋ​ដែល​ទិញ-លក់​យានយន្ត​បាន​ចុះបញ្ជី​រួច ប៉ុន្តែ​ពុំទាន់​បាន​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ត្រូវ​ប្រញាប់​មក​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នៅ​មណ្ឌល​ផ្តល់​សេវាសាធារណៈ​ថ្មី​នេះ​ដើម្បី​កាន់កាប់​យានយន្ត​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​រួច​ផុត​ពី​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដូចជា​ករណី​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ជាដើម​។

យោងតាម​ទិន្នន័យ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ដែល​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ពិធី​កាលពី​ម្សិលមិញ ដោយ​លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ យានយន្ត​ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​ ១៩៩០ ​រហូត​ដល់​ខែសីហា ឆ្នាំ​ ២០២០ ​សរុប​មាន​ចំនួន ៥ ៧១៨ ៦៥០ ​គ្រឿង​ ក្នុង​នោះ​ទោចក្រយានយន្ត​មាន​ចំនួន ៤ ៨៦៥ ៣៩៦ ​គ្រឿង រថយន្ត​ធុន​ស្រាល​មាន​ ៥៩៥ ៦៤០ ​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​មាន​ចំនួន ២៥៧ ៦១៤ ​គ្រឿង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍