ភ្នំពេញៈ ក្រោយពី​ពិនិត្យឃើញ​ស្ថានភាព​ផ្លូវ​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​កាន់តែ​អាក្រក់ ក្រសួង​សាធារណការ​ណែនាំ​ដល់​មន្ទីរជំនាញ​នៅតាម​បណ្ដា​រាជធានី-ខេត្ត​ដែល​កំពុង​រង​ការជន់លិច​ចុះ​ត្រួតពិនិត្យ និង​ចេញ​បម្រាម​ហាមឃាត់ ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​ទាំងឡាយណា ដែល​មាន​ការជន់លិច និង​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។

ជុំវិញ​ការណែនាំ​នេះ​លោក​ ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្ដាល​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កាលពី​ព្រលប់​ថ្ងៃទី​ ១៤ តុលា លោក​បានចេញ​សេចក្ដី​ជូន​ដំណឹង​ ១ ស្ដីពី​ការសម្រេច​បិទ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ ២, ៣, ៤, ៥, ២០, ២០A , ២១, ២១A និង​ផ្លូវជាតិ​លេខ​ ២១B ក្នុង​ភូមិសាស្ត្រ ខេត្តកណ្តាល​ជា​បណ្ដោះអាសន្ន​។

លោក​ថ្លែងថា​៖ «​ការផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​ទាំងនោះ គឺ​ដើម្បី​ថែរក្សា​ផ្លូវ ស្ពាន​កុំឱ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព​។ ព្រោះ​នៅក្នុង​ខណៈ​នេះ​កំណាត់​ផ្លូវ​ទាំងនោះ​កំពុង​ត្រូវបាន​ទឹក​ជន់លិច និង​ហូរ​កាត់​ក្នុង​ជម្រៅ​ចាប់ពី​ ២,៥ ​ដេស៊ីម៉ែត្រ​ឡើងទៅ​»​។

ជាមួយ​គ្នា​នេះ​នាយក​រដ្ឋបាល​ខេត្ត​តាកែវ​លោក​ ម៉ឹង វុទ្ធី ក៏​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា លើ​កំណាត់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ៣ ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​ក៏​ត្រូវបាន​ហាមឃាត់ រថយន្ត​ធុន​ធ្ងន់ ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផងដែរ​។

លោក​ប្រាប់ថា​៖ «​សម្រាប់​ផ្លូវជាតិ​លេខ​ ២ ចំណុច​ដែល​ត្រូវបាន​ហាមឃាត់​ការធ្វើ​ចរាចរណ៍​គឺ​ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់ ស្ពាន​កំពង់​ដង្កោ ព្រំប្រទល់​ខេត្តកណ្ដាល​។ កំណាត់​ផ្លូវជាតិ​លេខ​ ៣ គឺ​ចាប់ពី​អង្គតាសោម​ដល់​ព្រំប្រទល់​ខេត្តកណ្ដាល​»​។

នៅ​រាជធានី​ភ្នំពេញ​ក្រោយពី​បាក់​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​កាលពី​ព្រឹក​ថ្ងៃ ពុធ​នោះ​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ពាន់​ខ្នង និង​កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ខណ្ឌដង្កោ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​បាន​រង​ការជន់លិច និង​ហូរកាត់​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។ ក្នុងស្ថានភាព​ដ៏អាក្រក់​នេះ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ម្សិលមិញ​បានសម្រេច​បិទផ្លូវ​លេខ​ ២១៧ ពី​ចំការដូង​ទៅ​រង្វង់មូល​កួរស្រូវ និង​កំណាត់​ផ្លូវលំ​មួយចំនួន​ទៀត​នៅក្នុង​ខណ្ឌ​នេះ​ជា​បណ្តោះអាសន្ន​។

លោក​ ស៊ឹម តុលា ​នាយក​រដ្ឋបាល​ខណ្ឌដង្កោ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សង្កាត់​ចំនួន​ ១១ ​លើ​ ១២ ​សង្កាត់​នៃ​ខណ្ឌ​នេះ​បាន​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ព្រែកត្នោត​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់ឱ្យដឹង​នូវ​ចំនួន​គ្រួសារ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ខ្នង​ផ្ទះ​ ឬ​គ្រួសារ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​ជំនន់​នេះ​ទេ ព្រោះ​យន្តការ​ឆ្លើយតប​ជាបន្ទាន់​នៅពេល​នេះ​គឺ​យើង​ត្រូវ​គិតគូរ​ពី​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដោយ ត្រូវ​ជម្លៀស​អ្នក​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ទីទួល​សុវត្ថិភាព​សិន​»​។

ការជន់លិច​ដ៏​អាក្រក់​នេះ​ពន្ធនាគារ​ព្រៃស​ (​ម២) ​ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ ដែល​មាន​អ្នកទោស​ប្រមាណ​ ១ ៤០០ ​នាក់​ជា​ស្ត្រី​ និង​អនីតិជន​ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ ដែល​តម្រូវឱ្យ​អគ្គានុរក្ស​ពន្ធនាគារ​សម្រេច​ផ្ទេរ​អ្នកទោស​ទៅ​ពន្ធនាគារ​ព្រៃស​ (​ម១) ​និង​ PJ ជា​បណ្ដោះអាសន្ន ដើម្បី​សុវត្ថិភាព​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​លោក​ នុត សវនា ប្រាប់​ពី​ម្សិលមិញ​ថា ដោយសារ​ទឹក​ជន់លិច​ធ្ងន់ធ្ងរ អ្នកទោស​ស្រី​ និង​អនីតិជន​ជាង​ ៨០០ ​នាក់ ​ក្នុង​ចំណោម​អ្នកទោស​ប្រមាណ​ ១៤០០ ​នាក់​នៃ​មណ្ឌល​អប់រំ កែប្រែ​ព្រៃស​ (​ម២) ​ត្រូវបាន​ផ្ទេរ​ទៅ​មណ្ឌល​កែប្រែ​ព្រៃស​ (​ម១) និង ជាង​ ៥០០ ​នាក់​ទៀត ​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​មណ្ឌល​ឃុំឃាំង​ PJ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​បើទោះ​ជា​ពួកគេ​ជា​អ្នកទោស​ក៏ដោយ​យើង​មិនអាច ទុក​ពួកគាត់​ចោល​បាន​ឡើយ ខណៈ​ទឹកបាន​ជន់​លិច​ចូល​ទៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​បន្ទប់​ខ្លះ​មាន​ជម្រៅ​ជាង​ ១ ​តឹក និង​ខ្លះទៀត​មាន​ជម្រៅ​ ៣ ​តឹក​។ តើ​ឱ្យ​ពួកគេ​ទ្រាំ​រស់នៅ​ដូចម្ដេច​? ពួកគេ​ក៏​ជា​មនុស្ស​ដែរ​»​។

បើតាម​លោក សវនា នៅក្នុង​ទីធ្លា​មណ្ឌល​ឃុំឃាំង​នេះ​ទឹក​បាន​ជន់​លិច​រហូត​ដល់​ជិត​ ១ ​ម៉ែត្រ​ដែល​មិនអាច​បម្រើ​ការងារ​រដ្ឋបាល​បានឡើយ​។ លោក​បាន​បន្តថា​៖ «​នៅពេល​នេះ​ទឹក​ក៏​កំពុង​ជ្រាបចូល​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទីធ្លា​មណ្ឌល​ឃុំឃាំង​ព្រៃស​ (​ម១) ​ផងដែរ ប៉ុន្តែ​កម្លាំង​មន្ត្រី​នុរក្ស​ពន្ធនាគារ​យើង​កំពុង ប្រើ​ម៉ាស៊ីនបូមទឹក​ចេញ​។ បើ​មិន​ដូច្នេះ​យើង​មិនដឹងថា នឹង​ត្រូវ​ជម្លៀស​អ្នកទោស​ពី​ក្នុង​ពន្ធនាគារ​នេះ​បែប​ណា​នោះទេ​»៕