ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្ដា​ខេត្ត​ចំនួន​​ ១៤ ​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​យានយន្ត​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ទទួល​បាន​សេវាកម្ម​ឆៀក​យានយន្ត​របស់​ពួកគេ​តាម​កាលកំណត់ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​ដែល​បង្កឡើង​ពី​កត្តា​យានយន្ត​។

តារាង​កាលវិភាគ ឆៀក ចល័ត ដែល​បាន​ចុះផ្សាយ​លើ​បណ្ដាញសង្គម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា បណ្ដា​ខេត្ត​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​​យានយន្ត រួមមាន ខេត្តកំពង់ធំ​, កំពត​, ស្វាយរៀង​, កែប​, ប៉ៃលិន​, តាកែវ​, ព្រៃវែង​, ពោធិ៍សាត់​, មណ្ឌលគិរី​, បន្ទាយមានជ័យ​, ឧត្តរមានជ័យ​, ស្ទឹងត្រែង​, ត្បូងឃ្មុំ និង​ខេត្តកោះកុង​។

ក្រុមហ៊ុន CMVIC Inspection និង ក្រុមហ៊ុន HK Car Inspection ដែលជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​កិច្ចសហប្រតិបត្តិការ​ឆៀក​យានយន្ត​នៅ​កម្ពុជា​បាន​បញ្ជូន​ក្រុមការងារ និង​ឧបករណ៍​រួមទាំង​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ដែល​បម្រើ​ឲ្យ​ការងារ​ឆៀករថយន្ត ទៅកាន់​បណ្ដា​ខេត្ត​ទាំង​ ១៤ ​នោះ​ដើម្បី​ផ្ដល់​សេវាកម្ម​ឆៀករថយន្ត​ដល់​ម្ចាស់​យានយន្ត​ដែល​មិនទាន់​បាន​ឆៀក ឬ​ផុតកំណត់​ឆៀក​នៅក្នុង​បណ្ដា​ខេត្ត​ទាំងនោះ​តាំងពី​ដើម​ខែ​មករា ឆ្នាំ​ ២០២០​។

លោក ទូច សេងឡី ប្រធាន​ឆៀក​ចល័ត​ ១ នៃ​ក្រុមហ៊ុន CMVIC Inspection បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹងថា សម្រាប់​ខែ​មករា​នេះ ក្រុម​ការងារ​របស់​លោក បាន​ផ្ដល់​សេវាកម្ម​ឆៀករថយន្ត​រួចរាល់​ហើយ​សម្រាប់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ឧត្តរមានជ័យ និង​កំពុង​បន្ត​ផ្ដល់​ជូន​នូវ​សេវាកម្ម​ឆៀក​រថយន្ត​ដល់​ម្ចាស់​យានយន្ត​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​ស្ទឹងត្រែង និង​គ្រោង​បន្ត​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ និង​មណ្ឌលគិរី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។

លោក សេងឡី បាន​ថ្លែងថា​៖ «​សម្រាប់​ខែមករា​នេះ ក្រុមការងារ​ឆៀក​ចល័ត​របស់​យើង ចុះ​ប្រតិបត្តិការ​ឆៀករថយន្ត​សម្រាប់​ខេត្ត​គោលដៅ​នីមួយៗ នៅក្នុង​រយៈពេល​តែ​ ៥ ​ថ្ងៃ​ប៉ុណ្ណោះ​។ ម្ចាស់​យានយន្ត​ដែល​មិនទាន់​បាន​ឆៀក ក្នុងអំឡុង​ពេល​ដែល​ក្រុមការងារ​យើង​ចុះ​មកនេះ ពួកគាត់​អាច​នាំ​រថយន្ត​របស់​ពួកគាត់​ទៅ​ឆៀក នៅឯ​មជ្ឈមណ្ឌល​ឆៀករថយន្ត​របស់​ក្រុមហ៊ុន​ CMVIC Inspection ដែល​នៅ​កៀក​មូលដ្ឋាន​របស់​ពួកគាត់​»​។

លោក សេងឡី បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ឆៀក​របស់​ក្រុមហ៊ុន CMVIC Inspection មាន​នៅតាម​បណ្ដា​រាជធានី​ខេត្ត​ចំនួន​​ ១០ ក្នុង​នោះ​រួមមាន រាជធានី​ភ្នំពេញ​, បាត់ដំបង​, សៀមរាប​, ព្រះវិហារ​, ក្រចេះ​, រតនគិរី​, កំពង់ចាម​, កំពង់ឆ្នាំង​, កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។

លោក សេងឡី បានបញ្ជាក់​ទៀតថា​៖ «​កម្មវិធី​ឆៀក​ចល័ត​នេះ គឺ​ដើម្បី​សម្រួល​ទាំង​ពេលវេលា និង​ថវិកា​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ក្នុង​ការទទួល​បាន​សេវាកម្ម​ឆៀករថយន្ត​ប្រកប​ដោយ​គុណភាព តម្លាភាព និង សុវត្ថិភាព ជាពិសេស​ដើម្បី​ចូលរួម​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ពី​កត្តា​យានយន្ត និង​ការផាកពិន័យ​តាមផ្លូវ​ច្បាប់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​»​។

យោងតាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ក្នុង​ ១ ​ថ្ងៃ​ជា​មធ្យម​ ៥ ​នាក់ និង ១១ ​នាក់​ទៀត​រងរបួស​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា កត្តា​នាំមក​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បង្កឡើង​ដោយ​កត្តា​មនុស្ស បន្ទាប់​មក​កត្តា​យានយន្ត និង​កត្តា​ផ្លូវ​។

ក្នុង​ឆ្នាំ​ ២០១៩ មាន​រថយន្ត​ប្រមាណ​ ៣០ ​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ក្នុង​ចំណោម​រថយន្ត​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​គ្រឿង​ ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​បាន​ឆៀក​ត្រឹមត្រូវ​តាម​កាលកំណត់​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បានលើកឡើង​ក្នុង​ពិធី​បើកសម្ពោធ​ឲ្យ​ដំណើការ​មជ្ឈមណ្ឌល​ឆៀក​ទី​ ៤ របស់​ក្រុមហ៊ុន CMVIC Inspection ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ២ រាជធានី​ភ្នំពេញ​កាលពី​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​ ២០១៩ កន្លងទៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការគោរព​ច្បាប់​ចរាចរណ៍ និង​ការនាំយក​រថយន្ត​ទៅ​ឆៀក​តាម​កាលកំណត់​គឺជា​ការចូលរួម​ចំណែក​ដ៏សំខាន់​មួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»៕