ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានានាដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួង។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា បានថ្លែងកាលពីថ្ងៃចន្ទថានៅក្នុងផែនការឆ្លើយតបសម្រាប់ឆ្នាំ ២០១៩-២០២០ ក្រសួងអប់រំគ្រោងនឹងរៀបចំធ្វើបច្ចុប្បន្នភាព សេចក្ដីណែនាំស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានានា។
លោកបានបន្ដថា៖ «ក្រសួងអប់រំនឹងរៀបចំបញ្ចូលការងារពាក់ព័ន្ធស្ដីពីសុវត្ថិភាពចំណីអាហារទៅក្នុងកម្មវិធីសិក្សាមុខវិជ្ជាអប់រំសុខភាព។ ក្រសួងអប់រំនឹងរៀបចំបញ្ចប់គោលនយោបាយជាតិស្ដីពីសុខភាពសិក្សាដែលយើងបាននិងកំពុងរៀបចំសេចក្ដីព្រាង ហើយយើងនឹងព្យាយាមឲ្យគោលនយោបាយជាតិស្ដីពីសុខភាពសិក្សានេះបានចេញជាលទ្ធផលនៅក្នុងពេលឆាប់ៗខាងមុខ»។
លោកបន្ថែមថាក្រសួងអប់រំនឹងបន្ដបណ្ដុះបណ្ដាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក៏ដូចជាឪពុកម្ដាយ និងអ្នកពាក់ព័ន្ធនៅក្នុងគ្រឹះស្ថានសិក្សាឲ្យរៀនក្នុងការចម្អិនអាហារ ដើម្បីឲ្យអ្នកចម្អិនអាហារ និងអ្នកលក់ចំណីអាហារ នៅក្នុងបរិវេណសាលាយល់កាន់តែច្បាស់ពីសុវត្ថិភាពចំណីអាហារនៅគ្រប់កម្រិតថ្នាក់ទាំងអស់។
លោក សុវាចា ឲ្យដឹងថា៖ «ក្រសួងអប់រំមានគោលការណ៍មួយចំនួន ហើយក្នុងគោលការណ៍នោះកន្លងមកយើងមាន និងបានធ្វើរួចហើយ ហើយយើងនឹងបន្ដពង្រឹងគោលការណ៍មួយចំនួនដែលជាគោលការណ៍ថ្មី ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ ដែលក្រសួងយើងបានសិក្សាចំពោះសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា»។
បើតាមលោក សុវាចា ក្រសួងអប់រំមានផែនការបង្កើតក្រុមការងារអន្ដរក្រសួងស្ដីពីសុវត្ថិភាពចំណីអាហារដែលមានការចូលរួមពីក្រសួង និងអង្គភាពពាក់ព័ន្ធមានដូចជាក្រសួងសុខាភិបាល កាំកុងត្រូល នាយកដ្ឋានសុខភាពសិក្សា នាយកដ្ឋានបឋមសិក្សា និងនាយកដ្ឋានមធ្យមសិក្សារបស់ក្រសួងអប់រំ រួមទាំងអង្គការស្បៀងអាហារពិភពលោកនៅក្នុងការរៀបចំបង្កើតគោលការណ៍សេចក្ដីណែនាំមួយចំនួនសម្រាប់អប់រំស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
បើតាមលោក សុវាចា ក្រសួងអប់រំនឹងសិក្សាទៅលើបទពិសោធពីប្រទេសនានា ដូចជាប្រទេសសិង្ហបុរីដើម្បីបង្កើតជាក្រុមការងារអធិការកិច្ច ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហើយក្រុមការងារខាងលើនេះនឹងចុះអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាដោយបិទស្លាកសញ្ញាទទួលស្គាល់នៅលើចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
លោកបញ្ជាក់ថា៖ «ក្រសួងអប់រំនឹងបន្ដពង្រឹង ការពិនិត្យតាមដាន និងការចុះវាយតម្លៃ ផលប៉ះពាល់នៃការអនុវត្ដកន្លងមកឲ្យបានទៀងទាត់»។
លោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យ ជាស៊ីមសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃចន្ទថា សាលារៀនរបស់លោកដោយទទួលបានការណែនាំពីក្រសួងអបរំ និងស្ថាប័នពាក់ព័ន្ធចំពោះសុវត្ថិភាពចំណីអាហារ ក៏បានផ្សព្វផ្សាយនឹងបញ្ជ្រាបចំណេះដឹងពីសុវត្ថិភាពចំណីអាហារនេះជាច្រើនលើកទៅដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូផងដែរ។
លោកបន្ដថា៖ «ក្នុង ១ ឆ្នាំមាន ២ ទៅ ៣ លើកដែលក្រសួងបានចុះមកណែនាំ និងបង្ហាញពីផលប៉ះពាល់ សុវត្ថិភាពចំណីអាហារ ពិសេសផលប៉ះពាល់ចំពោះចំណីអាហារ និងភេសជ្ជៈដែលសិស្សមិនបានដឹង»។
លោកបន្ថែមថា៖ «បន្ទាប់ពីការផ្សព្វផ្សាយក្រសួងបានចុះទៅឆែកនៅតាមតូបរបស់អ្នកលក់ដូរនៅក្នុងសាលា ហើយតូបណាដែលលក់ចំណីអាហារដែលគ្មានអនាម័យ ឬធ្វើឲ្យប៉ះពាល់ដល់សុខភាពសិស្សគឺក្រសួងបានតម្រូវឲ្យគាត់ធ្វើកិច្ចសន្សា និងបានណែនាំដល់ពួកគាត់ តែឥឡូវនេះគឺគ្មានអ្នកលក់ដូរដែលមានផលិតផលខូចគុណភាពទៀតទេ ហើយសិស្សក៏គាត់យល់ដឹងខ្លួនគាត់ក្នុងការទិញចំណីញ៉ាំដែរ»។
យុវសិស្ស ស៊ុម សុគន្ធដា សិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុកបានឲ្យដឹងថា កន្លងមកមន្ត្រីជំនាញរបស់ក្រសួងបានចុះទៅណែនាំដល់សិស្សានុសិស្សពីសុវត្ថិភាពចំណីអាហារដែលមានផលប៉ះពាល់ដល់សុខភាព ពិសេសចំណីអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់ច្រើន។
យុវសិស្សរូបនេះនិយាយថា៖ «ពួកគាត់បានផ្សព្វផ្សាយ និងណែនាំដល់ពួកខ្ញុំច្រើន ពិសេសចំពោះចំណីអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ និងចំណីអាហារដែលផុតកាលកំណត់ (កាលបរិច្ឆេទ) គឺពួកគាត់ណែនាំមិនឲ្យពួកខ្ញុំទិញទេ»។
សុគន្ធដា បញ្ជាក់ថា៖ «កាលពីមុនៗមកខ្ញុំមិនសូវយល់ដឹងចំពោះសុវត្ថិភាពចំណីអាហារអីទេ ដល់ពេលមានការណែនាំពីក្រសួង និងខាងកាំកុងត្រូលចំពោះរឿងសុវត្ថិភាពចំណីអាហារនេះ ពួកខ្ញុំមានការប្រុងប្រយ័ត្នច្រើន សូម្បីតែទឹកក៏ពួកខ្ញុំដាក់បំពង់ទឹកក្ដៅយកមកពីផ្ទះដែរ»។
លោក លីវ សុផាណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃកាំកុងត្រូលក៏បានឲ្យដឹងដែរថាលេខាធិការដ្ឋានរបស់លោកបានចូលរួមពិគ្រោះយោបល់ និងចុះអនុវត្ដការងារជាមួយក្រសួងអប់រំជាច្រើនលើកនៅតាមគ្រឹះស្ថានសិក្សានាពេលកន្លងមក។
លោកថ្លែងថា៖ «ការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងចំណីអាហារគ្មានសុវត្ថិភាពសម្រាប់សិស្សនេះគឺមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យយើងបញ្ជ្រាបចំណេះដឹងនេះទៅក្នុងកម្មវិធីសិក្សាពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម»។
លោក សុផាណារិទ្ធ បន្ថែមថា៖ «សិស្សានុសិស្សនៅទីក្រុងពួកគាត់មានការយល់ដឹងច្រើន ចំពោះសុវត្ថិភាពចំណីអាហារនេះ ប៉ុន្ដែសិស្សានុសិស្សនៅតាមសាលារៀនឯទីជនបទ ពួកគាត់នៅមិនទាន់មានការស្វែងយល់ចំពោះសុវត្ថិភាពចំណីអាហារនេះទេ ដែលតម្រូវឲ្យក្រសួង និងក្រុមការងារយើងត្រូវចុះទៅពង្រឹង និងណែនាំដល់ពួកគាត់ច្រើនថែមទៀត»៕