
សសរថ្មធម្មជាតិដែលរកឃើញនៅខេត្តមណ្ឌលគិរី ។ រូបថត ក្រសួងបរិស្ថាន
មណ្ឌលគិរីៈ ក្រសួងបរិស្ថានកំពុងសិក្សាទីតាំងដែលទើបរកឃើញមានដុះសសរថ្មធម្មជាតិរាប់ពាន់ដើមនៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីដើម្បីធ្វើជាតំបន់អភិរក្សបេតិកភណ្ឌឈ្មោះ «ឡាំមេះ» និងអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍នាពេលខាងមុខ បន្ទាប់ពីក្រុមមន្ត្រីទើបបានចុះទៅកាន់ទីតាំងនោះ ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមមន្ត្រីក្រសួងបរិស្ថាន នគរបាលជាតិយោធា និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យទីតាំងមានដុះសសរថ្មធម្មជាតិស្ថិតនៅលើភ្នំណាមលៀរនៅក្នុងភូមិឡាំមេះ ក្រោយពីក្រុមសហគមន៍ជនជាតិដើម និងនគរបាលប៉ុស្តិ៍ប៊ូស្រាបានចុះទៅទប់ស្កាត់ជនជាតិវៀតណាមចំនួន ៣ នាក់មិនឲ្យឃុបឃិតជាមួយទាហាននៅមូលដ្ឋាន «គ ១» និងពលរដ្ឋខ្មែរលួចប្រមូលយកថ្មទាំងនោះទៅលក់ក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី ២ មករា។ សហគមន៍បានអះអាងថា សសរថ្មធម្មជាតិ ១ ដើមមានតម្លៃពី ៣ ពាន់ទៅដល់ ៤ ពាន់ដុល្លារ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ក្រោយពីសិក្សាលើកដំបូងដោយមន្ត្រីផ្នែកបេតិកភណ្ឌនៃក្រសួងបរិស្ថាននៅទីតាំងនោះ ក៏បានប្រទះឃើញមានកន្លែងទឹកធ្លាក់ ប្រភេទដើមឈើសំខាន់ៗ និងក្រុមសត្វព្រៃដែលត្រូវតែយកចិត្តទុកដាក់អភិករ្ស ថ្វីដ្បិតតែបច្ចុប្បន្នក្រសួងកំពុងខ្វះមន្ត្រី និងមធ្យោបាយដើម្បីចូលទៅគ្រប់គ្រងតំបន់នោះក្ដី។
លោកថា៖ «ការងារបន្ទាប់ យើងនឹងសហការជាមួយអាជ្ញាធរ និងមន្ទីរវប្បធម៌ និងនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថានសិក្សាដើម្បីបង្កើតតំបន់ (អភិរក្សបេតិកភណ្ឌធម្មជាតិ) ក្នុងតំបន់នោះ ដើម្បីការពារយ៉ាងជាក់លាក់នូវសម្បត្តិទាំងហ្នឹងដើម្បីអភិវឌ្ឍជាតំបន់អេកូទេសចរណ៍។ តំបន់នេះគឺស្ថិតក្នុងតំបន់របៀងជីវចម្រុះដែលគ្រប់គ្រងដោយក្រសួងបរិស្ថានរួចហើយ។ អ៊ីចឹងយើងបង្កើតទៅជាតំបន់មួយដោយសិក្សាដើម្បីកំណត់តំបន់ឱ្យច្បាស់លាស់ដើម្បីធ្វើការងារគ្រប់គ្រងតំបន់ហ្នឹងឱ្យបានហ្មត់ចត់»។
លោក កែវ សុភគ៌ បានបន្តថា ការសិក្សាបន្ថែមដោយសារតំបន់របៀងជីវចម្រុះនេះគឺស្ថិតនៅរាយប៉ាយដាច់ពីគ្នាក្នុងស្រុកចំនួន ៣ គឺស្រុកសែនមនោរម្យ ស្រុកពេជ្រាដា និងស្រុកអូររាំងដែលមានទំហំប្រហែលជាង ៥ ម៉ឺនហិកតា។
លោកថា៖ «បន្ទាប់ពីនាយកដ្ឋានបេតិកភណ្ឌចុះមកសិក្សាប្រហែលឯកឧត្តមរដ្ឋមន្ត្រីចាត់ក្រុមការងារផ្សេងទៀតដើម្បីសិក្សាពីសក្ដានុពលឱ្យលើសពីហ្នឹងដើម្បីកំណត់តំបន់ហ្នឹងជាតំបន់ពិសេសតែម្ដង។ ព្យាយាមធ្វើម៉េចក្ដាប់យកព័ត៌មាន និងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋហាមឃាត់ការយកថ្ម កាប់ឈើ បរបាញ់សត្វ ជាដើម ជាតួនាទីរបស់មន្ទីរបរិស្ថាន»។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយថាសសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ពី ៤០ ដល់ ៦០ សង់ទីម៉ែត្រ និងប្រវែងដល់ ២ ម៉ែត្រគឺបានដុះឡើងតាមធម្មជាតិនៅចង្កេះភ្នំណាមលៀរដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
ទំព័រហ្វេសប៊ុកនេះបានដកស្រង់សម្ដីលោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរថា «ការស្រាវជ្រាវដំបូង ក្រៅពីសសរថ្មមានវត្តមានដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅឈើទាល ដើមឫស្សី ឈើផ្សេងទៀតនៅតំបន់នោះដែរ...។ លើសពីនេះតំបន់ការពារធម្មជាតិនេះមានសត្វព្រៃដូចជា ក្ដាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា សត្វកេងកង ជាដើម »។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ និងជាអ្នកចូលរួមចុះទប់ស្កាត់សកម្មភាពល្មើសទាំងនោះបានថ្លែងថា លោកសប្បាយចិត្តនៅពេលមន្ត្រីបរិស្ថាន និងក្រសួងវប្បធម៌ចាប់អារម្មណ៍នឹងការអភិរក្ស និងការពារថ្មធម្មជាតិនេះ។ ប៉ុន្តែលោកថា សហគមន៍បានបារម្ភ ក្រោយលេចឮថាមានឧកញ៉ាម្នាក់ចង់សុំការអនុញ្ញាតដើម្បីកាន់កាប់អភិវឌ្ឍតំបន់នោះ។
លោកថា៖ «ខ្ញុំសប្បាយប្រសិនបើពួកគាត់ការពារដោយឆន្ទៈ និងតាមច្បាប់កំណត់ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ពលរដ្ឋ គឺចាប់ពីពេលនេះទៅមុខ ខ្លាចមានការដេញថ្លៃពីក្រុមហ៊ុន និងពីឧកញ៉ា...។ អ៊ីចឹងប៉ុន្មានថ្ងៃមកនេះមានការមកទាក់ទងសុំការអនុញ្ញាតពីសហគមន៍ ប៉ុន្តែខ្ញុំមិនទាន់បានជួបផ្ទាល់ទេ តែខ្ញុំបានឮពីប្រជាពលរដ្ឋនិយាយតៗគ្នាថា មានឧកញ៉ាម្នាក់ចង់ដេញថ្លៃតំបន់ហ្នឹង»។
លោកបន្តថា សហគមន៍ជនជាតិដើមចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រង និងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ជាជាងអនុញ្ញាតឱ្យវិស័យឯកជនចូលគ្រប់គ្រងអភិវឌ្ឍដែលនឹងផ្ដល់ផលចំណេញតិចតួចបំផុតសម្រាប់ជាតិ។
លោកថា៖ «ឧកញ៉ាជួនកាលជនជាតិចិនជួនកាលជាវៀតណាម អាហ្នឹងជាការព្រួយបារម្ភរបស់ក្រុមជនជាតិដើមភាគតិច។ ព្រោះជាឧទាហរណ៍ស្រាប់...ដូចជា តំបន់ទឹកធ្លាក់ជ្រោះប៊ូស្រានេះត្រូវបាន (គ្រប់គ្រង) ដោយក្រុមហ៊ុនមយូរាដែលមានម្ចាស់ជាជនជាតិវៀតណាមមានសញ្ជាតិខ្មែរ ហើយហេតុអីបានជាខ្មែរយើងអសមត្ថភាពក្នុងការថែរក្សារបស់អ៊ីចឹងៗបើធ្លាក់មកលើជាតិរបស់យើងគឺវាល្អ បើគេគ្រប់គ្រងគឺជាតិយើងបានតែ (ផលចំណេញ) ១ ឯគេវិញបាន ១០»។
យ៉ាងណាក្ដីលោក កែវ សុភគ៌ បានអះអាងថាលោកមិនបានឮថា មានឧកញ៉ាចង់ស្នើសុំគ្រប់គ្រងតំបន់នោះនៅឡើយទេ ប៉ុន្តែលោកថាក្រសួងបរិស្ថានមានសិទ្ធិអាចអនុញ្ញាតឱ្យឯកជនទទួលសិទ្ធិអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍បានក្រោមទំហំផ្ទៃដី ១០ ហិកតា។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសរសរនៅក្នុងហ្វេសប៊ុករបស់លោកថា សសរថ្មធម្មជាតិទាំងនេះអាចប្រហែលជាកម្អែភ្នំភ្លើង។ ចំណែកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រុមការងារនឹងរៀបចំរបាយការណ៍គ្រប់ជ្រុងជ្រោយមួយពាក់ព័ន្ធនឹងទីតាំងដុះសសរថ្មធម្មជាតិនេះ ដើម្បីដាក់ទៅកាន់លោក សាយ សំអាល់ ពិនិត្យដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដាក់ជាតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ។
លោកថា៖ «នៅក្នុងតំបន់ការពារធម្មជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក៏មានបង្កប់ដោយបេតិកភណ្ឌវប្បធម៌ដែលក្រសួងបរិស្ថានបានសហការជាមួយក្រសួងវប្បធម៌ដើម្បីអភិរក្សផងដែរ»៕
វីដេអូ៖