
អ្នកធ្វើដំណើរពាក់ម៉ាស់ការពារវីរុសកូវីដ ១៩ តាមដងផ្លូវក្នុងខណ្ឌមានជ័យកាលពីខែកុម្ភៈ។ ហុង មិនា
ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្រេចកំណត់អំពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពីព្រឹត្តិការណ៍សហគមន៍កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចុះហត្ថលេខាលើប្រកាសស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវី ១៩ ក្នុងសហគមន៍ ដែលបានចែង ១៦ ប្រការ និងបានសរសេរយ៉ាងលម្អិតអំពីបុគ្គល ទីកន្លែង និងទីតាំងភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ប្រកាសនេះក៏បានឱ្យដឹងផងដែរចំពោះបុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស់ ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាពត្រូវទទួលទណ្ឌកម្មតាមអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ ការព្រមាន និងការណែនាំដល់បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស់ ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាពត្រូវធ្វើឡើងដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ប្រកាសនេះបានឱ្យដឹងថា៖ «ការសម្រេចដាក់ពិន័យអន្តរការណ៍ចំពោះការបំពានកាតព្វកិច្ចនៃការពាក់ម៉ាស់ ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាព ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល»។
ទោះយ៉ាងណាក៏ដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងឱ្យដឹងថា ប្រកាសនេះជាការជូនដំណឹងដល់អ្នកពាក់ព័ន្ធឱ្យបានត្រៀមខ្លួនទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងរងការផាកពិន័យ និងទណ្ឌកម្មដោយមិនដឹងខ្លួន។
លោកថ្លែងថា៖ «ប្រកាសនេះជា (ការ) ណែនាំ ប៉ុន្តែមិនមែនបានន័យថាចាប់ផ្តើមអនុវត្តទេ ការអនុវត្តនឹងមានការជូនដំណឹង ១ ទៀតចេញពីក្រសួងសុខាភិបាល ថាតើខេត្តណាខ្លះ សហគមន៍ណាខ្លះផ្ទុះការឆ្លងរាតត្បាតកូវីដកម្រិតសហគមន៍ អ៊ីចឹងបើចេញសេចក្តីជូនដំណឹងលើកក្រោយហើយ (ឆាប់ៗនេះ) មានន័យថា ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ចាប់ផ្តើមតែម្តង»។
លោក គឹម សន្តិភាព បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដូចមានចែងក្នុងជំពូកទី២ និងជំពូកទី៣ នៃប្រកាសនេះត្រូវអនុវត្តក្នុងភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ដែលត្រូវកំណត់តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ហេតុនេះសូមរង់ចាំការជូនដំណឹងរបស់ក្រសួងសុខាភិបាលអំពីភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ទើបកំណត់បានអំពីតំបន់ណាខ្លះដែលត្រូវឱ្យអនុវត្តជាកាតព្វកិច្ចចំពោះការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព»។
ប្រកាសបានសម្រេចតម្រូវឱ្យបុគ្គលដែលស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅត្រូវពាក់ម៉ាស់ ប៉ុន្តែត្រូវបានលើកលែងចំពោះកុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ ១៩។ ប្រកាសនេះបានឱ្យដឹងថា បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់រួមមាន បុគ្គលដែលមានវិជ្ជមានកូវីដ ១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត។
-បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័កលើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ។
-អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន។
-អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា
-មន្ត្រី និងបុគ្គលិកសុខាភិបាល។
-អ្នកផ្តល់សេវាព្យាបាលដោយចលនា។
-បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន។
-បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ។
-បុគ្គលិកដែលផ្តល់សេវាម៉ាស្សាកោសជប់ និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន និងបុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ។
ប្រកាសនេះ លើកលែងផងដែរ ចំពោះសិល្បករ និងសិល្បការិនីដែលត្រូវសម្តែងក្នុងកម្មវិធីសិល្បៈដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គលដែលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការនានា ដោយលើកឡើងថា ការពាក់ម៉ាស់ជាឧបសគ្គសម្រាប់ការនិយាយបញ្ចេញសំឡេង។
-ករណីលើកលែង សម្រាប់កីឡាករ និងកីឡាការិនីក្នុងអំឡុងពេលកំពុងហាត់សម ឬពេលកំពុងប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាផ្លូវការក្នុងកាលៈទេសៈដែលមានការតម្រូវឱ្យដោះម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬនៅពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។
-ចំពោះទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវឱ្យមានការរក្សាគម្លាតសុវត្ថិភាពរួមមានរាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម រួមមានជាអាទិ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឱសថស្ថាន ផ្សារទំនើប ហាងលក់ទំនិញ គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ រោងចក្រ សិប្បកម្ម ឬទីកន្លែងធ្វើការ ឬទីកន្លែងអាជីវកម្មដទៃទៀតត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅទីកន្លែងរបស់ខ្លួនឱ្យធ្វើការពាក់ម៉ាស់ ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនពាក់ម៉ាស់ចូលទៅក្នុងទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែចំពោះបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី ១៩ ខែមីនា ក៏បានចេញប្រកាសអន្តរក្រសួងរួមគ្នាផ្សេងទៀតស្តីពីការពិន័យជាប្រាក់ ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដោយបានកំណត់បុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ ដូចដែលមានចែងនៅក្នុងអនុក្រឹត្យត្រូវពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងសុខាភិបាលចំនួន ២ សែនរៀល ទៅ ១ លានរៀល។
ចំណែកអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមត្រូវផាកពិន័យពី ១ លានរៀល ទៅ ៥ លានរៀល។
ក្រៅពីនោះ ក្រសួងក៏ផាកពិន័យទៅលើករណីល្មើសផ្សេងៗទៀតដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការក្នុងការទប់ស្កាត់កូវីដ១៩ ដូចជា អំពើគេចវេះពីការធ្វើចត្តាឡីស័ក រារាំងសមត្ថកិច្ចក្នុងការអនុវត្ត អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ ឬបញ្ចុះបញ្ចូលពាក់ព័ន្ធការធ្វើចត្តាឡីស័ក ជាដើម។
យោងតាមសេចក្ដីប្រកាសរួមរបស់ក្រសួងទាំង ២ នេះបានឱ្យដឹងផងដែរថា ប្រសិនបើបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសមិនបានដាក់ពាក្យប្តឹងតវ៉ា ឬមិនបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃដែលបានទទួលបង្កាន់ដៃពិន័យ នោះមន្ត្រីសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាជម្រះក្តីដែលមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕