ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ក្រសួងកំពុងតាមដានអំពីករណីនាំចូលជំងឺឆ្លងកូវីដ ១៩ តាមជើងហោះហើរមកពីប្រទេសមួយចំនួនទៀត ក្រោយពីមានការបិទជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បន្ទាប់ពីជើងហោះហើរមកពីប្រទេសទាំង ២ នេះបាននាំចូលជំងឺកូវីដ ១៩ យ៉ាងគំហុកមកកាន់កម្ពុជា។
លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅថ្ងៃម្សិលមិញថា បច្ចុប្បន្នពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក បារាំង ហ្វីលីពីន អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ី អេហ្ស៊ីប និងម៉ាលីជាដើម គឺភាគច្រើនបានតជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយការផ្អាកជើងហោះហើរពីប្រទេសទាំង ២ នេះគឺដើម្បីទប់ស្កាត់ការដឹកជញ្ជូនជំងឺកូវីដ ១៩ បន្ថែមទៀតមកកម្ពុជា និងជាវិធានការសុខាភិបាល ដែលប្រទេសភាគច្រើនតែងធ្វើឡើងដូចៗគ្នា។
លោកស្រីថា៖ «ដោយសារបច្ចុប្បន្ននេះការរាតត្បាតនៅលើសកលលោកនេះ អត់ទាន់ធូរថយនៅឡើយទេ ហើយយើងសង្កេតឃើញថា បណ្ដាប្រទេសមួយចំនួនធំដែលមិនបានអនុវត្តវិធានការធ្វើតេស្ដអ្នកដំណើរមុននឹងអនុញ្ញាតឱ្យអ្នកដំណើរឡើងយន្តហោះទេ។ អ៊ីចឹង! នេះគឺជាហានិភ័យមួយ នៅពេលដែលអ្នកដំណើរមានផ្ទុកវីរុស គឺយន្តហោះហ្នឹងដូចជាដឹកវីរុស ហើយអាចធ្វើឱ្យឆ្លងពីបុគ្គល ១ ទៅបុគ្គល ១ នៅលើយន្តហោះផង ហើយម្យ៉ាងទៀត វាអាចចម្លងពីប្រទេស ១ ទៅប្រទេស ១ និងពីតំបន់ ១ ទៅតំបន់ ១»។
លោកស្រីថ្លែងថា ការផ្អាកជើងហោះហើរជាបណ្តោះអាសន្នមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនេះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លងចូលក្នុងប្រទេសកម្ពុជា និងលទ្ធភាពនៃការចម្លងចូលក្នុងសហគមន៍។ ពិតជាមានការលំបាកសម្រាប់បុគ្គល ក៏ប៉ុន្តែទាំងអស់គ្នារឹតតែមានការលំបាកច្រើនជាងនេះ និងខ្លាំងជាងនេះ ប្រសិនបើករណីចម្លងចូលក្នុងប្រទេសកាន់តែកើនច្រើនឡើងៗ ដែលជាហានិភ័យខ្ពស់ណាស់សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
រយៈពេលកន្លងទៅ រដ្ឋាភិបាលធ្លាប់ប្រកាសផ្អាកជើងហោះហើរមកពីប្រទេសចំនួន ៦ មួយរយៈពេល ដូចជាមកពីសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ីរ៉ង់ជាដើម។
ទោះជាយ៉ាងណាលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់ជើងហោះហើរផ្សេងទៀត ក្រសួងសុខាភិបាលកំពុងតាមដានយ៉ាងចិត្តទុកដាក់ជាទីបំផុត។
លោកស្រីថា៖ «តាមស្ថានភាពជាក់ស្ដែងគឺនៅពេលណាការតាមដានសង្កេតឃើញថា ស្ថានភាពនៃការចម្លងមានកំណើនកាន់តែខ្ពស់ទៅៗ។ ក្រសួងសុខាភិបាលនឹងមានការពិភាក្សាជាថ្មី ហើយលើកសំណើទៅប្រមុខរដ្ឋាភិបាលដើម្បីសម្រេច»។
នៅថ្ងៃម្សិលមិញក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នកជាសះស្បើយចំនួន ៤ នាក់ទៀត ដែលបានធ្វើឱ្យអ្នកជំងឺជាសះស្បើយទាំងអស់កើនដល់ ១៤៧ នាក់ក្នុងចំណោមអ្នកជំងឺសរុប ២២៥ នាក់។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា គិតចាប់តាំងពីថ្ងៃទី ២៧ មករាដល់ថ្ងៃទី ១៦ ឧសភា ដែលកម្ពុជាព្យាបាលអ្នកជំងឺជាសះស្បើយ ១០០% ក្នុងចំណោមករណីឆ្លងបានរកឃើញទាំង ១២២ នាក់ ហើយបានធ្វើឱ្យកម្ពុជាគ្មានជំងឺថ្មីមួយរយៈនេះ៕