
លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី អំឡុងពេលមកទស្សនកិច្ចប្រទេសកម្ពុជាកាលពីថ្ងៃទី ៣ វិច្ឆិកា។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយដោយបញ្ជាក់ថា មានមន្ដ្រីចំនួន ៣ រូបទៀត ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកាត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ។
មន្ត្រីទាំង ៣ រូបដែលរកឃើញវិជ្ជមានកូវីដ ១៩ នោះរួមមាន ទី១- លោក សួស យ៉ារ៉ា អាយុ ៤៧ ឆ្នាំ ជាតំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទី២- លោក ស ចិត្រា អាយុ ៤៧ ឆ្នាំ អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី៣- ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។
ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីសរុបដែលបានរកឃើញអ្នកមានជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះមានចំនួន ៤ នាក់។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរង់ចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹងដល់សាធារណជនបន្តទៀត នៅពេលទទួលបានលទ្ធផលជាបន្តបន្ទាប់។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័កដោយត្រូវដាក់កងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថយាមកាមឱ្យបានហ្មត់ចត់ ខណៈមនុស្សប្រមាណជិត ៩០០ នាក់ ត្រូវបានធ្វើតេស្តរកជំងឺកូវីដជាលើកទី២ ។
លោក ហ៊ុន សែន បានលើកឡើងដូចនេះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីក្រុមគ្រូពេទ្យយកសំណាកលោក និងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់រូបលោកទាំងអស់ទៅធ្វើតេស្តជាលើកទី២។
លោកថ្លែងថា៖ «លទ្ធផលគឺអវិជ្ជមានទាំងអស់គឺជាលទ្ធផល...ល្អសម្រាប់ដំណាក់កាលទី ២ ក្នុងចំណោម ៤ ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀតនឹងរង់ចាំការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី ១៨ វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា»។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍ ៣ វិច្ឆិកានឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ ៩០០ នាក់ដឹងថា វិជ្ជមាន ឬអវិជ្ជមានដែលត្រូវការពេលប្រមាណ ៣ សប្តាហ៍ទៀត។
លោកថា ដើម្បីកម្រិតកុំឱ្យមនុស្សកើនឡើងគឺត្រូវតម្រូវឱ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាក ហើយប្រើពេលកាន់តែយូរ មនុស្សកាន់តែច្រើន។
លោកបានបញ្ជាក់ថា៖ «ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័កប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់»។ លោក ហ៊ុន សែន បន្តថានេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឱ្យបានឆាប់តាមរយៈកុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់ការអូសបន្លាយពេលវេលាកាន់តែវែង។
លោកថា៖ «សូមកុំឱ្យកម្ទេចភ្លើងក្លាយជាអគ្គិភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និងសុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍ ៣ វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ ដែលមិនត្រូវពន្យារពេល»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងកាលពីម្សិលមិញថា បុរសជនជាតិខ្មែរ ២ រូបម្នាក់អាយុ ២៩ ឆ្នាំ និងម្នាក់ទៀតអាយុ ៣៨ ឆ្នាំ មានអាសយដ្ឋានក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្រុងដូនកែវ ខេត្តតាកែវ បានធ្វើតេស្តលើកទី ២ រកឃើញវិជ្ជមានជំងឺកូវីដ ១៩ ។
លោកស្រីបញ្ជាក់ថា៖ «ពួកគាត់ទាំង ២ នាក់នេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក»។
តាមជើងហោះហើររបស់ពួកគាត់គឺមានបុរសជនជាតិខ្មែរ ២ នាក់ពេលមកដល់កម្ពុជាបានធ្វើតេស្តលើកទី១ មានវិជ្ជមានកូវីដ ១៩ ដែលម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតជាសះស្បើយហើយ។ បើតាមលោកស្រី វណ្ណឌីន អ្នកដំណើរចំនួន ៣៥ នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយបុរសទាំង ២ នាក់នេះគឺ ២៨ នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ២ កន្លែងក្នុងទីក្រុងភ្នំពេញ និង ៧ នាក់នៅអនុវិទ្យាល័យពោធិ៍ចិនតុង។ ដូច្នេះអ្នកដែលនៅអនុវិទ្យាល័យពោធិ៍ចិនតុងចំនួន ៧ នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីអ្នកជំងឺទាំង ២ នាក់នេះ តម្រូវឱ្យនៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ថែមទៀត។
ចំពោះអ្នកដែលបានប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៩៤៤ នាក់ ដែលក្នុងនោះមានបុរសម្នាក់ជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រីកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯក្រៅពីនោះមានលទ្ធផលអវិជ្ជមាន ហើយនៅថ្ងៃទី ៩ ខែវិច្ឆិកា អ្នកទាំងនោះត្រូវធ្វើតេស្តជាលើកទី ២ ម្តងទៀត។
ក្រសួងសុខាភិបាលបានក្រើនរំឭកដល់អ្នកដែលបានប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី ១ អវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញសម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯងហើយត្រូវត្រឡប់មកធ្វើតេស្តឡើងវិញចំនួន ៣ ដងទៀតនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណាចាប់ពីម៉ោង ៧ ព្រឹកទៅតាមកាលបរិច្ឆេទគឺលើកទី២ នៅថ្ងៃទី ៩ ខែវិច្ឆិកា លើកទី៣ នៅថ្ងៃទី ១៤ និងលើកទី៤ នៅថ្ងៃទី ១៨ ខែវិច្ឆិកា។
ជាមួយគ្នានេះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន សមាគម អង្គការជាតិ និងអន្តរជាតិទាំងអស់នៅភ្នំពេញ និងទីរួមខេត្តកណ្ដាលរយៈពេល ២ សប្តាហ៍ចាប់ពីពេលនេះតទៅ។ គ្រឹះស្ថានទាំងនេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមអនឡាញដែលវិធានការនេះគឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩។
កាលពីម្សិលមិញ ក្រសួងការបរទេសក៏បានឱ្យដឹងដែរថា អ្នកការទូតកម្ពុជាចំនួន ២ នាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំងបានធ្វើតេស្តវិជ្ជមានកូវីដ ១៩។
ក្រសួងបន្តថា ក្រោយពួកគាត់បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ បើតាមក្រសួងការបរទេសស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំងដើម្បីតាមដានការវិវឌ្ឍនៃជំងឺរបស់អ្នកទាំងនោះដោយយកចិត្តទុកដាក់បំផុត៕
វីដេអូ៖