
ក្រុមគ្រូពេទ្យរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅខណ្ឌដង្កោ នាពេលកន្លងមក។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិចិនម្នាក់ដែលស្លាប់ក្នុងអំឡុងពេលទទួលការព្យាបាលជំងឺកូវីដ ១៩ នៅមណ្ឌលព្យាបាលព្រែកព្នៅ នៅថ្ងៃទី ៤ ខែមីនា មិនមែនស្លាប់ដោយសារជំងឺកូវីដទេ គឺស្លាប់ដោយសាររើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូង ខណៈក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២៣ នាក់បន្ថែមទៀត។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ជនជាតិចិនឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៤ ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ និងដាក់ឱ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី ០១ ខែមីនា កន្លងមកនេះ។
លោកថា ក្រុមការងារកោសល្យវិច្ឆ័យបានពិនិត្យសាកសពឃើញថា លទ្ធផលទទួលបានពីការពិនិត្យទឹកនោមបានបង្ហាញថា បុរសរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះបុគ្គលរូបនេះបានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «សេចក្តីសន្និដ្ឋាន អ្នកជំងឺទទួលមរណភាពភ្លាមៗដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង»។
របាយការណ៍ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រទី ០៥ ខែមីនា នេះបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ថែមទៀតចំនួន ២៣ នាក់ ដែលមានជនជាតិខ្មែរ ១០ នាក់ ចិន ១១ នាក់ និង ២ នាក់ទៀត ជាជនជាតិសាំងហ្គាពួរ និងឥណ្ឌូនេស៊ី។
ក្រសួងបានបន្តថា អ្នកជំងឺចំនួន ១៥ នាក់ ស្នាក់នៅទីក្រុងភ្នំពេញ ៥ នាក់នៅខេត្តព្រះសីហនុ ២ នាក់ នៅខេត្តកោះកុង និងម្នាក់ទៀតនៅខេត្តកណ្តាល។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៩៣២ នាក់ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួនសរុប ៤២៥ នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន ៤៨៩ នាក់ ឯអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៤២ នាក់៕