ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​នៅ​តែ​បន្ត​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ បើទោះបី​ជា​ក្នុង​រយៈពេល​ប្រមាណ​ ២ ​សប្តាហ៍​កន្លង​មក​នេះ​ក្រសួង​ពុំបាន​រកឃើញ​អ្នកឆ្លង​ថ្មី ខណៈ​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​បាន​កើន​ដល់​ ១១៩ ​នាក់​ ហើយ​អ្នក​ដែល​នៅ​កំពុង​ព្យាបាល​នៅសល់​តែ ៣ ​នាក់​ទៀត​ក្តី​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា គិតត្រឹម​ម៉ោង​ ៧ ព្រឹក ថ្ងៃទី​ ២៧ ខែ​មេសា​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន ១១៩ ​នាក់​ដែល​ស្មើ ៩៧,៥៤ ភាគរយ​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ ១២២ ​នាក់​។ របាយការណ៍​បន្តថា ចំពោះ​សំណាក​ចំនួន​ ១១ ៥៧៦ ​សំណាក​ ដែល​បាន​យកមក​ពិនិត្យ​ក៏​មិនមាន​រកឃើញ​ករណី​ថ្មី​នោះដែរ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថាបើ​ទោះជា​លទ្ធផល​វិភាគ​វត្ថុ​សំណាក​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បង្ហាញ​នូវ​ភាពអវិជ្ជមាន​មាន​ការកើនឡើង ក៏ប៉ុន្តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅលើ​សកលលោក​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​មិន​មាន​ស្ថានភាព​ធូរស្រាល​ឡើយ​។

លោក​សង្កត់ធ្ងន់​ថា ចំពោះ​ករណីនេះ​កម្ពុជា​ក៏​ជា​ប្រទេស​ស្ថិត​ក្នុង​ដំណាក់កាល​ផុយស្រួយ​ផងដែរ ដរាបណា​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​មិនទាន់​ត្រូវបាន​រកឃើញ​។ លោក​បន្តថា ការបាត់បង់​នូវ​ការប្រុងប្រយ័ត្ន​ក្នុង​ការការពារ​ខ្លួន​ពី​ការចម្លងជំងឺ កូវីដ​១៩ គឺជា​ហានិភ័យ​ខ្ពស់​ក្នុង​ការបើក​ផ្លូវ​សម្រាប់​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «​ក្នុងពេល​ថ្មីៗ​នេះ​បាន​សង្កេតឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ហាក់បី​ដូចជា​បាន​វិលត្រឡប់​មករក​ការធ្វើ​ដំណើរ​ចល័ត​ដោយ​សេរី និង​វិល​មករក​ជីវភាព​ប្រចាំថ្ងៃ​ឡើងវិញ​ជា​បណ្ដើរៗ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន និង​ការការពារ​ខ្លួន​។ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូមមេត្តា​កុំ​យល់ច្រឡំ​ថា ប្រទេស​កម្ពុជា​អស់​មាន​ការរាតត្បាត​ដោយ​វីរុស​កូរ៉ូណា​ឱ្យ​សោះ ហើយ​ត្រូវតែ​នាំគ្នា​បន្ត​ទប់ស្កាត់​ការចម្លង វីរុស​ដ៏កាចសាហាវ​នេះ​ជា​បន្តទៀត​»​។

លោកស្រី Li Ailan តំណាង​ WHO ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នេះដែរ​ថា បច្ចុប្បន្ន​ជំងឺឆ្លង​ដ៏​កាចសាហាវ​នេះ​កំពុង​ឆ្លង​រាតត្បាត​ខ្លាំងក្លា​នៅលើ​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​លើ​ពិភពលោក ដែល​មាន​អ្នក​ឆ្លង​ជាង ២,៨ លាន​នាក់​រួចមកហើយ​។

លោកស្រី​បន្តថា​ ក្នុង​ករណី​ដែល​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​នូវ​អាជីវកម្ម សាលា​រដ្ឋ​ និង​ឯកជន​ដូច​ធម្មតា​វិញ គឺ​ត្រូវគោរព​តាម​គោលការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវអនុវត្ត​ម្តង​ ១ ​ជំហានៗ​ព្រោះ​កម្ពុជា​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ បន្ថែម​ពីនេះ លោកស្រី Li Ailan បាន​ព្រមាន​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការចម្លង​ថ្មី​ឡើងវិញ ហើយ​អាច​នឹង​មាន​ការឆ្លង​រីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩​ នេះ​ទៅ​កាន់​សហគមន៍​ផងដែរ​ក្នុងករណី​ដែល​កម្ពុជា​បើក​កន្លែង​អាជីវកម្ម​ផ្សេងៗ​ដូចជា​ក្លិប​កម្សាន្ត សាលារៀន និង​បើក​កន្លែង​ឲ្យ​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ ហើយ​លែង​មាន​ការរឹតបន្តឹង​ការធ្វើដំណើរ​។

លោក​បន្តថា​៖ «​នៅពេល​ណា​ដែល​កម្ពុជា​អាច​វិល​ត្រឡប់​មក​ស្ថានភាព​ធម្មតា​វិញ​គឺ​យើង​ត្រូវធ្វើ​ការសម្រេច​ចិត្តជា​ដំណាក់កាលៗ​ដោយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ដែល​ត្រូវមាន​។ ការគ្រប់គ្រង​ស្ថានការណ៍​រីករាលដាល​ឲ្យ​បាន​ត្រឹមត្រូវ​ការ​មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ​ការ​មាន​ប្រព័ន្ធ​កាត់បន្ថយ​ការរីករាលដាល​នៅ​កន្លែង​ទីសាធារណៈ ជាពិសេស​នៅ​តាម​ស្ថាប័ន​សាធារណៈ​ដូចជា​សាលារៀន​នោះ​គឺ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ដែរ ហើយ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏​ជា​កត្តាចាំបាច់​ផងដែរ​»​។

បន្ថែម​ពីនេះ​លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ដោយ​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ហើយ​អាកាសធាតុ​ក្ដៅ និង​ភ្លៀង​ដូច​ស្ថានភាព​នៅ​កម្ពុជា មិន​ប្រាកដ​ថា​អាច​ទប់ស្កាត់​ការចម្លង​វីរុស​កូរ៉ូណា​បាន​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​ដឹងថា ជំងឺ​កូវីដ​១៩ នៅ​ជាមួយ​យើង​នៅក្នុង​រយៈពេល​ដែល​ពិបាក​នឹង​ប៉ាន់​ប្រមាណ​បាន ហើយ​ការចម្លង​វីរុស​កូរ៉ូណា​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​បុគ្គល​ម្នាក់ៗ​ជា​ចាំបាច់​។ នៅពេល​នេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​សាមគ្គី​គ្នា ដោយ​មិនត្រូវ​មាក់ងាយ ឬ​រើសអើង​គ្នា​នោះឡើយ​»៕