
មន្ត្រីសុខាភិបាលធ្វើតេស្ដរកមេរោគកូរ៉ូណានាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរៀបចំចាត់ចែងការធ្វើផែនការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅពេលដែលវ៉ាក់សាំងនេះមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហើយក្រុមការងារនេះក៏កំពុងតែរៀបចំនូវកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំងផងដែរ។
លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងកាលពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ថា ក្រសួងសុខាភិបាលបានធ្វើការជាច្រើនជាមួយនឹងអង្គការសុខភាពពិភពលោក និងអង្គការដៃគូដែលកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រជុំជាមួយនឹងឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលប្រទេសនេះបានប្រកាសជួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា ជាមួយនឹងដៃគូដទៃទៀត។
លោកស្រីមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលបានបង្កើតនូវក្រុមការងារពិសេសមួយក្នុងការរៀបចំចាត់ចែងការធ្វើផែនការវ៉ាក់សាំងនេះក៏ដូចជាការផ្តល់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាជន ដែលត្រូវទទួលបាននូវវ៉ាក់សាំងមុនគេ ហើយនឹងបន្តបន្ទាប់»។
នៅពេលនេះក្រសួងសុខាភិបាលកំពុងតែរៀបចំនូវទីតាំងមួយស្ថិតនៅឃ្លាំងចោមចៅដោយទីតាំងសម្រាប់ស្តុកវ៉ាក់សាំងនោះត្រូវរក្សានូវសីតុណ្ហភាពដែលជួយសម្រួលនូវការរក្សាទុកវ៉ាក់សាំងនៅពេលដែលវ៉ាក់សាំងត្រូវបានវាយតម្លៃនូវគុណភាព និងទទួលស្គាល់ពីអង្គការ WHO។
លោកស្រីបញ្ជាក់ថា ដូចនេះក្រសួងនឹងមានឃ្លាំងមានទីតាំងរួចជាស្រេចដើម្បីរក្សាទុកវ៉ាក់សាំងដើម្បីចែកចាយ និងចាក់ជូនប្រជាពលរដ្ឋ។
ទាក់ទងនឹងវ៉ាក់សាំងកូវីដ ១៩ នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងពីម្សិលមិញថា នៅពេលដែលវ៉ាក់សាំងនេះត្រូវបានវាយតម្លៃរួចរាល់ជាស្ថាពរដោយអង្គការសុខភាពពិភពលោកក្រសួងសុខាភិបាលកម្ពុជាក៏នឹងអាចទទួលបាននូវវ៉ាក់សាំងណាមួយដែលគេវាយតម្លៃហើយ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាដែរ។
លោកស្រីថ្លែងថា៖ «បច្ចុប្បន្ននេះក្រសួងសុខាភិបាលកម្ពុជាកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពអន្តរជាតិសម្រាប់ការចាក់ថ្នាំបង្ការ និងវ៉ាក់សាំង (អង្គការ GAVI) ហើយនឹង COVAX Facility ព្រមទាំងដៃគូរបស់យើងមួយចំនួន»។
លោកស្រីបញ្ជាក់ថា នៅពេលនេះក្រសួងកំពុងតែពិភាក្សាគ្នាឱ្យបានច្បាស់លាស់នូវការងារគ្រប់គ្រង ក៏ដូចជាការបែងចែកនូវវ៉ាក់សាំងវីរុសកូរ៉ូណា នៅពេលដែលកម្ពុជាអាចទទួលយកមកប្រើប្រាស់នៅក្នុងប្រទេស។
ចំពោះថា តើកម្ពុជានឹងអាចទទួលបានវ៉ាក់សាំងចំនួនប៉ុន្មាននោះលោកស្រី ឱ វណ្ណឌីន ថ្លែងថា មិនទាន់មានការកំណត់ជាក់លាក់នៅឡើយទេ អាស្រ័យទៅលើលទ្ធភាព និងសមត្ថភាពនៃការផលិតវ៉ាក់សាំង។ ដូច្នេះការកំណត់ចំនួននេះគឺត្រូវមានការពិភាក្សាគ្នាជាពិសេសពីស្ថាប័នចាត់ចែងគ្រប់គ្រង និងវាយតម្លៃវ៉ាក់សាំង។
ទោះយ៉ាងណាលោកស្រី ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់កាលពីខែមុនថាប្រទេសកម្ពុជាប្រហែលជាអាចត្រូវបាននូវការផ្តល់វ៉ាក់សាំងក្នុងរង្វង់ ៣ ភាគរយនៃចំនួនប្រជាជនដែលអាចបានក្នុងខ្ទង់ប្រមាណជាជាង ៣ លាននាក់។
កាលពីម្សិលមិញនេះដែរ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន ១ នាក់ ដែលជាជនជាតិនេប៉ាល់អាយុ ៣៧ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញដែលបានធ្វើដំណើរមកពីប្រទេសនេប៉ាល់ទៅដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ក្រសួងបានបញ្ជាក់ថា អ្នកជំងឺរូបនេះធ្លាប់មានវិជ្ជមានវីរុសកូរ៉ូណាកាលពីនៅប្រទេសនេប៉ាល់នៅថ្ងៃទី ១៩ ខែតុលា និងបានធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅទីនោះ។
បុរសរូបនេះនៅថ្ងៃទី ២ និងទី ៨ ខែវិច្ឆិកា គាត់បានធ្វើតេស្តឡើងវិញដោយទទួលបានលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាទាំង ២ លើក។ នៅថ្ងៃដែលបានមកដល់កម្ពុជា គាត់បានធ្វើតេស្តដោយទទួលបានលទ្ធផលនៅថ្ងៃទី ១២ ខែវិច្ឆិកា អវិជ្ជមាន ហើយត្រូវបានអនុញ្ញាតឱ្យទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ។ បុរសរូបនេះគឺជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។
ក្រសួងសុខាភិបាលបានបន្តថា លទ្ធផលធ្វើតេស្តនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូរ៉ូណា ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ ក៏មានករណីជាសះស្បើយ ២ នាក់ផងដែរកាលពីថ្ងៃម្សិលមិញ ក្នុងនោះមានជនជាតិខ្មែរ អាយុ ៣៤ ឆ្នាំម្នាក់នៅស្រុកល្វាឯម ខេត្តកណ្តាល និងបុរសជនជាតិអាមេរិកាំងអាយុ ៦៩ ឆ្នាំម្នាក់ ស្នាក់នៅអាផាតមិន ១ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបន្តថាគិតមកដល់ថ្ងៃម្សិលមិញ ប្រទេសកម្ពុជា មានអ្នកកើតជំងឺកូវីដ ១៩ សរុបចំនួន ៣០៧ នាក់ (ស្ត្រី ៦២ នាក់) ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២៩៨ នាក់ (ស្ត្រី ៦០ នាក់) និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៩ នាក់៕
វីដេអូ៖