ភ្នំពេញៈ ក្រសួងសុខាភិបាលដាក់ចេញវិធានថ្មីបន្ថែមទៀត ដើម្បីបន្តការតាមដានជំងឺរលាកសួតប្រភេទថ្មីដោយបង្កើតក្រុមការងារក្នុងការតាមដាន ស្វែងរក និងការពង្រឹងយន្ដការនៃការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺថ្មីនេះ បើទោះជាមិនទាន់រកឃើញមានករណីថ្មីនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារថ្មីមួយ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធនៃយន្ដការគ្រប់គ្រង ពិភាក្សាគ្នារិះរកនីតិវិធីប្រទាក់ក្រឡា និងដើម្បីពង្រឹងយន្ដការនៃការឆ្លើយតប ការស្រាវជ្រាវ និងទប់ស្កាត់ ការចម្លងវីរុសកូរ៉ូណាថ្មីនៅកម្ពុជា។
លោក ម៉ម ប៊ុនហេង បានថ្លែងថា៖ «ក្រសួងសុខាភិបាលនៅតែបន្ដពង្រឹងទៅលើប្រព័ន្ធតាមដានជំងឺឆ្លងដែលមានស្រាប់ និងអង្កេតស្រាវជ្រាវរកអ្នកប៉ះពាល់ និងករណីសង្ស័យ ព្រមទាំងធ្វើបច្ចុប្បន្នភាព ទិន្នន័យអេពីដេមីសាស្ដ្រទាក់ទងនឹងការឆ្លងវីរុសប្រភេទថ្មីនេះទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀតដែរ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើទោះគ្មានករណីឆ្លងថ្មីយ៉ាងណាក្តី ប៉ុន្តែក្រសួងបានសហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូផ្សេងៗទៀត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ណែនាំ ប្រតិបត្ដិ ពិធីសារសម្រាប់ការគ្រប់គ្រងអ្នកជំងឺ និងរៀបចំផែនការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាលបន្ដទៀតទាំង ២៥ ខេត្ដ-ក្រុង។
លោកស្រីបន្តថា ក្រសួងបានត្រៀមរួចជាស្រេច ប្រសិនបើមានការកើតឡើងនូវការរកឃើញ និងការឆ្លងនៃវីរុសកូរ៉ូណាថ្មីនេះ ខណៈដែលករណីដែលបានកើតឡើង ១ ករណីនៅខេត្តព្រះសីហនុកន្លងមកត្រូវបានទប់ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះទាន់ពេលវេលា និងបានជាសះស្បើយផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ការដែលយើងរៀបចំឲ្យមានក្រុមការងារនេះ ដើម្បីឲ្យមានយន្តការកាន់តែគត់មត់ថែមទៀត ព្រោះមិនមែនបានន័យថា យើងមិនទាន់រកឃើញវីរុសកូរ៉ូណាថ្មី ហើយលែងខ្វល់អ្វីទាំងអស់នោះទេ។ ដោយសារតែការរាតត្បាតនៃវីរុសនេះ វានៅតែមានបន្តដែលបានដឹងស្រាប់ហើយនៅតាមបណ្តាប្រទេសផ្សេងៗដល់ទៅ ២៤ ប្រទេសហើយដែលបានរកឃើញ។ ដើម្បីជាវិធានការបន្តទៀតក្នុងការឆ្លើយតបឲ្យកាន់តែមានសក្តានុពលក៏ដូចជាមានភាពគត់មត់ខ្លាំងថែមទៀតដែលការចាត់ចែងរបស់រដ្ឋមន្ត្រីក្នុងការបង្កើតឡើងនូវក្រុមការងារថ្មីនេះ ចាំបាច់ដើម្បីយើងពិភាក្សាគ្នា»។
មកដល់ពេលនេះក្រសួងសុខាភិបាលនៅតែមិនទាន់រកឃើញមានប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសណាម្នាក់នៅកម្ពុជាមានវីរុសកូរ៉ូណាថ្មីនេះនៅឡើយនោះទេ ក្រៅតែពីមានបុរសជនជាតិចិនម្នាក់ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសរបស់គេវិញ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដូចជាបន្តពង្រឹងទៅលើប្រព័ន្ធតាមដានជំងឺដែលមានស្រាប់បន្តការអប់រំសុខភាពដល់ប្រជាពលរដ្ឋទូទៅ ការចុះពិនិត្យ និងបន្តពង្រឹងការងារចត្តាឡីស័កនៅតាមច្រកចេញចូលទូទាំងប្រទេស។ ក្រសួងសុខាភិបាលក៏បានប្រកាសឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារពេទ្យ និងសម្ភារការពារខ្លួនចាំបាច់ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែងផងដែរ ដោយត្រូវរាយការណ៍ព័ត៌មានឲ្យបានទាន់ពេលវេលាពីករណីសង្ស័យណាមួយចៀសវាងការរីករាលដាននៃជំងឺនេះនៅក្នុងប្រទេស។ វីរុសនេះបានសម្លាប់មនុស្សនៅចិន ១ ១១០ នាក់នៅត្រឹមថ្ងៃទី ១២ កុម្ភៈ៕