ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​បង្កើត​បន្ទប់ VIP ចំនួន​ ២ ​ទីតាំង​នៅ​មន្ទីរពេទ្យ​​មិត្ដភាពខ្មែរ-សូវៀត និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ ដាច់​ដោយ​ឡែក និង​ជា​លក្ខណៈ​គ្រួសារ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ នៅ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ​នៅ​ថ្ងៃទី​ ១៤ ខែ​តុលា ដោយបាន​អះអាងថា ការបង្កើត​បន្ទប់​បែប​លក្ខណពិសេស ឬ VIP នេះ គឺ​ដើម្បី​ផ្ដល់​ភាពទំនើប និង​ងាយស្រួល​សម្រាប់​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា ជាពិសេស​មន្ដ្រី​ការទូត​ជាតិ និង​អន្តរជាតិ​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​យើង​ផ្តល់​សេវា​ព្យាបាល​ដូចគ្នា​ទៅ​នឹង​បន្ទប់​ជំងឺ​ទូទៅ គ្រាន់តែ​បន្ទប់​សម្រាក វា​មាន​លក្ខណៈ​ទំនើប​ជាង​ធម្មតា​។ យើង​ក៏បាន​ប្រកាស​ទៅ​ដល់​មន្ត្រី​ទាំងអស់​ដែរ​ថា យើង​បង្កើត​បន្ទប់​ពិសេស​នៅ​ពេទ្យ​រដ្ឋ​របស់​យើង ដើម្បី​ទទួល​មន្ត្រី​ទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​។ ប្រសិនបើ​ជា​គាត់​មាន​ជំងឺ​កូវីដ​នេះ និង​សម្រាប់​អ្នក​ដែល​គេ​មាន​ធនធាន​។ និយាយ​យ៉ាង​ដូច្នេះ មិនមែន​ចាត់ទុក​ថា អ្នកអត់​ធនធាន​ដោយឡែក​ទេ ព្រោះ​ការផ្តល់​សេវា គឺ​ដូចគ្នា​ទាំងអស់ ពេទ្យ និង​ឱសថ​ដូចគ្នា​ទាំងអស់​»​។

យោងតាម​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា បន្ទប់​ VIP ​នេះ​គឺ​ប្រមាណ​ ១០០ ​គ្រែ និង​ក្រុមគ្រូពេទ្យ​ជិត ១០០ ​នាក់ ​នៅ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន​។

លោក ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទប់​ប្រមាណ ៥០ ​បន្ទប់​បាន​ត្រៀម​រៀបចំ​រួចជាស្រេច ដើម្បី​រង់ចាំ​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩​។

លោក ម៉ម ប៊ុនហេង បាន​និយាយថា ដើម្បី​កុំឱ្យ​ជំងឺ​ដ៏សាហាវ​មួយ​នេះ​ឆ្លង​ចូល​សហគមន៍ មន្ដ្រី​សុខាភិបាល​ក៏ត្រូវ​តែ​បន្ដ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ច្បាស់​ពី​វិធាន​ការការពារ​ពី​ជំងឺ​កូវីដ​ ១៩ និង​ពង្រឹង​វិធានការ​ចត្ដាឡីស័ក​ទាំង​នៅ​មណ្ឌល និង​នៅតាម​ផ្ទះ​របស់​ពលរដ្ឋ​ផងដែរ​។

តាម​សេចក្តី​ប្រកាស​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃទី ១៤ តុលា មិន​មាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ ១៩ ថ្មី​នោះទេ ហើយ​ក៏​មិនមាន​ករណី​ជា​សះស្បើយ​នោះដែរ ខណៈ​តួលេខ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ ទូទាំង​ប្រទេស​មាន​ចំនួន ២៧៨ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ៥ នាក់​៕