ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ ដោយ​បាន​បដិសេធ​ករណី​ជនជាតិ​វៀតណាម​ម្នាក់​ឆ្លង​ជំងឺ​កូវីដ ១៩ ហើយ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាម​ វិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​អះអាង​ថា តាម​ការស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​របស់​មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត​សៀមរាប​គឺ​មិនបាន​រកឃើញ​ឈ្មោះ​បុរស​ជនជាតិ​វៀតណាម​ដែល​ឆ្លង​ជំងឺ​​កូវីដ​១៩​ឡើយ ហើយ​ក៏​មិនមែន​ជា​អ្នក​រស់នៅក្នុង​ខេត្តសៀមរាប​នោះដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​តាមរយៈ​ប្រព័ន្ធ​រាយការណ៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ (EOC) នៃ​ជំងឺឆ្លង​ថ្មីៗ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន ក្រុមការងារ​របស់​ក្រសួង​សុខាភិបាល​ក៏​មិន​ទទួល​បាន​នូវ​ព័ត៌មាន​ផ្លូវការ​ណាមួយ​ស្ដីអំពី​ករណី​ដូច​បាន​ចុះផ្សាយ​នោះដែរ​។ ដូច្នេះ​បុគ្គល​ជនជាតិ​វៀតណាម​រូបនេះ​គឺ​បាន​ឆ្លង​នៅលើ​ទឹកដី​វៀតណាម​តែម្ដង មិនមែន​នៅ​កម្ពុជា​ដូច​ការលើក​ឡើង​នោះទេ​»​។

ក្រសួង​សុខាភិបាល​កម្ពុជា​ក៏បាន​ស្នើឱ្យ​ភាគី​វៀតណាម គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​និយតកម្ម​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង​មុន​នឹងធ្វើ​សេចក្ដីសន្និដ្ឋាន​ ឬ​ចុះផ្សាយ​ដែល​ជា​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជាពិសេស​នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​នេះ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​ ២ ​ប្រទេស​។

ប្រតិកម្ម​របស់​កម្ពុជា​ទៅកាន់​វៀតណាម​នេះ​បន្ទាប់ពី​សារព័ត៌មាន​វៀតណាម VNexpress កាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា បុរស​អាយុ​ ៣៩ ​ឆ្នាំ​ដែល​រស់នៅក្នុង​សង្កាត់​តាន់កូវ​ (Tan Chau) ក្នុង​ខេត្ត​តាយនីញ​ (Tay Ninh) ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​គឺ​បានធ្វើ​តេស្ដ​វិជ្ជមាន​ជាមួយ​ជំងឺ​កូវីដ​ ១៩​។

សារព័ត៌មាន​នេះ​អះអាង​ថា បុរស​ដែល​បាន​ឆ្លង​ជំងឺ​នេះ​គឺ​បន្ទាប់ពី​បាន​ធ្វើដំណើរ​តាម​រថយន្តក្រុង​ពី​ខេត្ត​តាយនីញ​មកកាន់​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ១០ ខែមករា ហើយ​បន្ទាប់មក​បាន​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​វិញ​នៅ​ថ្ងៃទី​ ២ ខែឧសភា ក្នុង​អំឡុងពេល​កម្ពុជា-វៀតណាម​ បាន​បិទ​ព្រំដែន​តាំងពី​ខែមេសា​។

ក្រោយ​ការចុះផ្សាយ​នេះ លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់ថា បុរស​នេះ​គឺ​បានចេញ​ផុតពី​កម្ពុជា​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ មុន​ពេល​ធ្វើតេស្ដ​រកឃើញ​ជំងឺ​កូវីដ​១៩ ដូច្នោះ​មិនអាច​អះអាង​ថា បាន​ឆ្លង​ជំងឺ​នេះ​ពី​កម្ពុជា​ឡើយ​។

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​អំពី​ភាពជោគជ័យ ដែល​អាច​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​​ ទាំង​ ១២២ ​នាក់​ជាសះស្បើយ ដោយ​គ្មាន​ករណី​ស្លាប់ និង​លែងមាន​អ្នក​ឈឺ​ជំងឺ​នេះ​តទៅទៀត​។

ទោះជា​យ៉ាងណា ក្រសួង​នៅ​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត តាមរយៈ​អនុវត្ត​វិធានការ​បង្ការ ដៃ​ស្អាត ពាក់​ម៉ាស់​ ឬ​ក្រមា​នៅពេល​ចាំបាច់ និង​ត្រូវ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ និង​បុគ្គល​បន្តទៀត ដើម្បី​បង្ការ​កុំឱ្យ​មាន​រលក​ទី​ ២ ​នៃ​ការឆ្លង ខណៈ​ជំងឺ​នេះ​នៅ​តែ​បន្ត​រាតត្បាត​ក្នុងប្រទេស​ជិតខាង​ និង​ក្នុង​ពិភពលោក​នៅឡើយ​៕