ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​បិទ​ទីតាំង​ចំនួន​ ២៣ ​កន្លែង​ ដែល​មាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​ និង​បាន​អំពាវនាវ​ទៅដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ និង​ប្រយោល​ត្រូវ​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩ ខណៈ​មនុស្ស​ដែល​បាន​ឆ្លង​ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ​បាន​កើន​ដល់ ៧៦ ​នាក់​ ក្នុងនោះ​ស្រី​ចំនួន​ ៣៩ ​នាក់​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ ក្រសួង​បាន​ប្រកាស​ពី​ឈ្មោះ​ទីតាំង​ចំនួន​ ២៣ ​កន្លែង​ ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ហើយ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​រួចរាល់​ហើយ​។

ទីតាំង​ទាំង​ ២៣ ​នោះ​រួមមាន​ក្លិប N8, Casa Bay Meridian, សណ្ឋាគារ Le Gong Guan Hotel, City Comfort, អគារ The Bridge, The Point Service Apartment, Mekong Street, Pent House Apartment, Skyline DUMEX, SometCondominium, Residence L Olympic, Prince Plaza Centre, Celeste Skybar, Diamond Twin, JinZun ខារ៉ាអូខេ​មុខ​ព្រលាន​, ក្លិប Coco សណ្ឋាគារ​កណ្តាល​សួនច្បារ​, JuHao ​មុខ​ហាង​ឆ្នេរ​មាស​, ហាង The World,​ ហាង​វ័នមែនសិន​, ក្លិប​ ១៦៨ អតីតនគរសំរឹទ្ធិ​, Love, វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ SIS​។

ក្រសួង​ក៏​ប្រកាស​ឱ្យ​បុគ្គល​ដែល​ធ្លាប់បាន​ចេញចូល​នៅ​ទីតាំង​ទាំង​ ២៣ ​នេះ ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ២០ ខែកុម្ភៈ ឬ​បុគ្គល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ឬ​ដឹងថា ខ្លួន​ជា​អ្នក​ប៉ះពាល់​ជាមួយ​នឹង​អ្នកមាន​វីរុស​កូវីដ​ ១៩ ត្រូវមាន​ភាពស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩​។

ក្រសួង​បញ្ជាក់ថា៖ «​តាម​ការរុករក ស្រាវជ្រាវ បាន​បង្ហាញ​ថា ស្ថានភាព​នៃ​ការចម្លង​ក្នុង​សហគមន៍​នាពេលនេះ​មាន​លក្ខណៈ​ធំ​ជាង និង​សាំញុំា​ជាង​ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយ​វិធានការ និង​អន្តរាគមន៍​នានា​បាន​ដាក់​ចេញ​ជា​បណ្តើរៗ​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​ការរកឃើញ​វត្តមាន​វីរុស​កូវីដ ១៩ ​នៅតាម​ទីតាំង​នីមួយៗ​ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​នូវ​វីរុស​កូវីដ​ ១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំធេង​»​។

សាលារៀន​ដែល​ត្រូវបាន​ផ្អាក​ដើម្បី​ទប់ស្កាត់​កូវីដ​១៩​។ហេង ជីវ័ន

ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ និង​ក្រើនរំឭក​សារជាថ្មី​ម្តងទៀត ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស និង​ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ត្រូវ​ប្រកាន់​យក​នូវ​ការប្រុងប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។ គិត​ត្រឹម​ថ្ងៃទី​ ២២ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៥៦៨ ​នាក់ ​ក្នុងនោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ ៤៧៥ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន​ ៥ ​មាន​សរុប​ចំនួន​ ៩៣ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ដោយ​សុំឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់​ប្រុងប្រយ័ត្ន​ហើយ​សុំ​កុំ​ចាកចេញ​ពី​ផ្ទះ ប្រសិនបើ​មិនមាន​ការចាំបាច់​។

លោក​បញ្ជាក់ថា៖ «​ពិតមែន​តែ​យើង​ដឹង​ចំណុច​ និង​តំបន់​មួយចំនួន ដែល​ផ្ទុះ​នូវ​ជំងឺ​កូវីដ​ ១៩​ នេះ ហើយ​យើង​ក៏បាន​បិទ​កន្លែង​នោះ​រួចហើយ​ផងដែរ ក៏ប៉ុន្តែ​ចរាចរណ៍​មនុស្ស​ដែល​ចេញពី​តំបន់​នោះ​ថា​តើ​ពួកគាត់​បាន​ទៅ​កន្លែង​ណាខ្លះ​។ យើង​កំពុង​រុករក​។ ដូចនេះហើយ បើ​សម្រាក​នៅផ្ទះ​បាន គឺជា​ការល្អ​។ ខ្ញុំ​សុំ​អង្វរករ សុំ​ឱ្យ​អនុវត្ត​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ​នេះ​»​។

ជាមួយ​គ្នា​នេះដែរ យោងតាម​សារ​ជា​សំឡេង​របស់​លោក​ ហ៊ុន សែន ​ដោយ​លោក​បាន​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក​ ទៀ បាញ់ រៀបចំ​ពេទ្យ​ព្រះកេតុមាលា និង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​សម្រាប់​ត្រៀម​ដាក់​អ្នកជំងឺ​កូវីដ​ ១៩​ដែល​មាន​ការកើនឡើង​ច្រើន​។

លោក​ ហ៊ុន សែន មានប្រសាសន៍​ថា៖ «​ចំនួន​អ្នកជំងឺ​មាន​ការកើនឡើង​ដែល​ធ្វើឱ្យ​មន្ទីរពេទ្យ​ស៊ីវិល​មាន​ការលំបាក​ដែល​ត្រូវ​ធ្វើការ​រៀបចំ​ពេទ្យ​ទាហាន និង​ពេទ្យ​ណា​ផ្សេងទៀត​ដែល​ត្រូវធ្វើ​ការដោះស្រាយ​បញ្ហា​នេះ​។ អាច​នឹងមាន​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដែល​យើង​ត្រូវ​ពិនិត្យមើល​ឱ្យអស់​លទ្ធភាព ព្រោះ​សភាពការណ៍​មិនធម្មតា​ទេ​ដែល​ធ្វើឱ្យ​យើង​ត្រូវ​ប្រុងប្រៀប​ជាមុន គ្រប់គ្រង​សភាពការណ៍​នេះ​»​។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ខាង​ស្ថានទូត​បាន​ពិភាក្សា​ជាមួយនឹង​លោក Ton ThanhTra នាយក​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដែលជា​មន្ទីរពេទ្យ​សហប្រតិបត្តិការ​អន្តរជាតិ​រវាង​កម្ពុជា​ និង​វៀតណាម​ដែលជា​លទ្ធផល​ខាង​មន្ទីរពេទ្យ មាន​កិត្តិយស​យ៉ាងខ្លាំង​ដោយបាន​ទទួល​ការវាយតម្លៃ​យ៉ាងខ្ពស់ និង​ភាពជឿជាក់​លើ​កម្រិត​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សមត្ថភាព​ព្យាបាល ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានទូត​បញ្ជាក់ទៀតថា មន្ទីរពេទ្យ​នេះ​ក៏​ធានា​ឱ្យបាន​ល្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ព្យាបាល​នូវ​ករណី​វិជ្ជមាន​នឹង Covid-19 បើសិន​ជាមាន​ដោយ​ធ្វើ​ចត្តាឡីស័ក ហើយ​មាន​សុវត្ថិភាព​ជាដាច់ខាត ដែល​ពុំ​ប៉ះពាល់​អ្វី​ដល់​អ្នកជំងឺ​ដទៃទៀត​។

ដោយឡែក អភិបាលក្រុង​ភ្នំពេញ​លោក​ ឃួង ស្រេង ថ្លែង​ពី​ម្សិលមិញ​ថា សន្តិសុខ​សណ្ឋាគារ​សុខា​ដែល​បាន​លួច​នាំ​ស្ត្រី​ជនជាតិ​ចិន​ ៤ ​នាក់​ ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​កាលពី​សប្តាហ៍​មុន​កំពុង​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក ​និង​ពុំទាន់​មាន​ការបញ្ជាក់​ថា គាត់​មាន​វីរុស​កូវីដ​ ១៩​ ឬ​អត់​នៅឡើយ​ទេ​។ សន្តិសុខ​រូបនេះ​នឹងត្រូវ​ដាក់ទោស​ទណ្ឌ​ និង​ការពិន័យ​តាម​អនុក្រឹត្យ​ដោយ​មិនអាច​លើកលែង​បាន​៕