
ក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ករណីអ្នកជំងឺកូវីដចំនួន ២ នាក់ទៀត ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេង ជីវ័ន
ភ្នំពេញ៖ បុរសពីរនាក់ទៀតបានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យតួលេខនៃអ្នកស្លាប់ដោយសារជំងឺនេះនៅប្រទេសកម្ពុជា កើនរហូតដល់ ៧ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
ក្រសួងបានបន្តថា ក្នុងចំណោមអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃនេះ មានម្នាក់ជាជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ រស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតជាជនជាតិចិន អាយុ ៤៣ ឆ្នាំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័ន ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលពួកគាត់ទាំង ២ នាក់នេះ បានឆ្លងវីរុសកូវីដ ១៩ កាលពីថ្ងៃទី ១៦ និងទី ១១ ខែ មីនា ឆ្នាំ ២០២១ កន្លងមក។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺដែលជាជនជាតិខ្មែរបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke បន្ទាប់ពីតេស្តវិជ្ជមានកូវីដ ១៩ ហើយរហូតដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ ដោយសារមានអាការៈហត់ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ប្រភពដដែលបានបន្តថា ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើការថតសួតរបស់គាត់ បង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែលនោះ រហូតមកដល់ថ្ងៃចុងក្រោយនេះ ប៉ុន្តែដោយសារការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយសួតខ្លាំងទៅៗ អ្នកជំងឺបានបាត់បង់ជីវិត ទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ។
ចំណែកបុរសជនជាតិចិន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ ១៩ រហូតដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ អាការៈបុរសនេះមានសភាពហត់ខ្លាំងជាមួយនឹងលទ្ធផលពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មានការថយចុះនូវអុកស៊ីហ្សែនសម្រាប់ការដកដង្ហើមខ្លាំង ក៏បានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពរបស់គាត់ធ្ងន់ធ្ងរដូចនឹងអាការៈរបស់អ្នកជំងឺជនជាតិខ្មែរខាងលើដែរ។
ក្រសួងសុខាភិបាលបន្តថា៖ «ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសទាំង ២ ខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក»៕