
ក្រសួងសុខាភិបាលរកឃើញអ្នកស្លាប់ដោយសារកូវីដម្នាក់បន្ថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហ៊ាន រង្សី
ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ ១៩ ដែលនេះជាករណីស្លាប់លើកទី៥ ដោយសារជំងឺនេះដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃនេះថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីរូបនេះមានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នាថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ០៥:៤០ នាទីព្រឹក។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ ស្ត្រីរូបនេះមានអាការហត់ ហើយបានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថា មានវិជ្ជមានវីរុសកូវីដ ១៩ នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១។
ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងការថតសួតបានបង្ហាញថា ស្ត្រីរូបនេះមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំងដោយមានអាការហត់ ២-៣ ថ្ងៃមុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត ១ ផងដែរ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេសក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១ ផងដែរ។ តែសួតគាត់កាន់តែខ្សោយទៅៗដែលជាអកុសលមិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណកាលនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ ទៅ។
ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ វ៉ៃលុកសួតទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពិសេសលើអ្នកជំងឺទឹកនោមផ្អែមលើសឈាម និងធាត់ខ្លាំង៕
វីដេអូ៖