
ជនបរទេសឈរតម្រៀបជួរគ្នា រង់ចាំធ្វើតេស្តរកមេរោគ កូវីដ ១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះ ដោយរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៤០ នាក់ទៀត ក្នុងនោះមាន ៣៨ នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលក្នុងនោះភាគច្រើនជាជនជាតិចិន និងជនជាតិវៀតណាម ២ នាក់ រួមនឹងជនជាតិខ្មែរចំនួន ០១ នាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងរហូតដល់ ១៣៧ នាក់ហើយ ត្រឹមតែរយៈពេល ៤ ថ្ងៃ ដែលភាគច្រើនជាជនជាតិចិន។
ជាមួយគ្នានេះដែរ ក្រុមការងារនៃក្រសួងសុខាភិបាលបាននិងកំពុងតែធ្វើការចាត់ចែងចំពោះទំនាក់ទំនងរកអ្នកជំងឺចំនួន ១៥ នាក់ ដែលក្រសួងទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «ក្រុមការងារកំពុងទាក់ទងទៅពួកគាត់ ហើយនៅពេលមានព័ត៌មានជាក់លាក់លើករណីអ្នកជំងឺទាំង ១៥ នាក់នេះ ក្រសួងនឹងរាយការណ៍ជាបន្តទៀត»។
ជាមួយគ្នានេះដែរ ស្រ្តីជនជាតិចិនចំនួន ២ នាក់ នៅខេត្តព្រះសីហនុ ដែលជាអ្នកដំណើរចូលមកកម្ពុជា ហើយមានបំណងវិលត្រលប់ទៅកាន់ប្រទេសពួកគេវិញ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
យោងតាមតួលេខសរុប គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៦៣៣ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួន ៤៧៦ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានចំនួន ១៤២ នាក់៕