ភ្នំពេញៈ ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា ការលក់​ឱសថ​តាម​ប្រព័ន្ធ​អនឡាញ​មាន​ការកើនឡើង​ខ្ពស់​ក្នុង​អំឡុងពេល​ពិភពលោក​ទទួលរង​វិបត្តិ​កូវីដ​១៩ ដែល​ទាមទារ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់​ខ្ពស់ ជាពិសេស​ចំពោះ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

កាលពី​ថ្ងៃទី​ ២៩-៣០ ខែ​កញ្ញា កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​អាស៊ី-អឺរ៉ុប ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​តាម​ប្រព័ន្ធ​វីដេអូ រយៈពេល​ ២ ​ថ្ងៃ ​ដោយ​ក្នុង​នោះ​មាន​អ្នកចូលរួម​ទាំង​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ​ប្រមាណ​ ៣០០ ​នាក់​។

ក្រោយ​បញ្ចប់​វេទិកា​នេះ​ដោយ​ជោគជ័យ ក្រសួង​សុខាភិបាល​កម្ពុជាបាន​ចេញ​សេចក្តី​ប្រកាស​បង្ហាញ​ពី​លទ្ធផល​ថា អង្គ​វេទិកា​បាន​សម្រេច​លើក​ជា​អនុសាសន៍​សំខាន់ៗ​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើក​ទី​១៣ ​ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ដដែល​បាន​បន្តថា ការរាតត្បាត​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​ពិភពលោក​ក៏ដូចជា​កម្ពុជា​ពិបាក​ទទួល​បាន​តម្រូវការ​ឱសថ​សារវន្ត ព្រោះ​តែ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សារធាតុ​ឱសថ​សកម្ម​មាន​ការលំបាក​ដែល​ធ្វើឱ្យ​លេច​ឡើង​នូវ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ពាសពេញ​ពិភពលោក​។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​សង្កត់ធ្ងន់​ថា​៖ «​បណ្តា​ប្រទេស​នានា​គួរ​ទទួល​ស្គាល់​ថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​គឺជា​បញ្ហា​សុខភាព​សាធារណៈ​សកល​ដែល​តម្រូវឱ្យ​មាន​ការឆ្លើយតប​រួមគ្នា​។ ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ប្រទេស​នានា គួរតែ​ទទួល​ស្គាល់​ពី​តម្រូវការ​បន្ទាន់ ដើម្បី​ការពារ​ពលរដ្ឋ​ពី​បញ្ហា​ឱសថ ក្លែងក្លាយ និង​អន់​គុណភាព និង​អំពាវនាវ​ឱ្យមាន​ការដាក់បញ្ចូល​យុទ្ធសាស្ត្រ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព តាមរយៈ​ការឆ្លើយតប​ជាបន្ទាន់​»​។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ ឱ វណ្ណឌីន និយាយ​ថា ក្នុងអំឡុងពេល​ពិភពលោក​ទទួលរង​វិបត្តិ​កូវីដ ​១៩ នេះ ការលក់​ឱសថ​តាម​ប្រព័ន្ធ​អនឡាញ​មាន​ការកើនឡើង​ខ្ពស់​។ ជាពិសេស​ចំពោះ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ប្រទេស​ទាំងឡាយ​គួរ​ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការធានា​នូវ​ការផ្គត់ផ្គង់​ឱសថ វ៉ាក់សាំង និង​ឱសថ​សារវន្ត​ដទៃ​ទៀត ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សុខភាព​ប្រជាជន ព្រមទាំង​សុវត្ថិភាព​ក្នុង​តំបន់​»​។

បន្ថែម​ពី​នេះ​លោកស្រី​ ឱ វណ្ណឌីន សង្កត់ធ្ងន់​ថា ប្រទេស​ទាំងឡាយ​គួរតែ​ជំរុញ​នូវ​ការផ្លាស់ប្តូរ​បទពិសោធ បច្ចេកទេស​ល្អៗ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​តាមដាន​ស្រាវជ្រាវ ជុំវិញ​ការចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​សាធារណៈ​នេះ​ផងដែរ​។

ឱសថ​ក្លែងក្លាយ​សំដៅ​ដល់​ប្រភេទ​ឱសថ​ដែល​គ្មាន​សារជាតិ​សកម្ម ឬ​មាន​សារជាតិ​សកម្ម​មិន​ត្រឹមត្រូវ​តាម​រូបមន្ដ​ដែល​កំណត់​លើ​ស្លាក​សញ្ញា ឬ​មាន​សារជាតិ​សកម្ម​មិន​គ្រប់​ចំនួន​តាម​កម្រិត​កំណត់​លើ​ស្លាក​សញ្ញា​។ នេះ​បើ​តាម​ការពន្យល់​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​។

បើ​យោង​តាម​អនុប្រធាន​គណៈកម្មាធិការ​សុខាភិបាល​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា​លោក Jean-Gaetan Guillemaud បានបង្ហាញ​របាយការណ៍​របស់​ប៉ូលិស​អាំងទែរប៉ូល​កាលពី​ក្នុង​ឆ្នាំ​ ២០១៦ ស្តីពី​ចំនួន​អ្នកស្លាប់ ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នៅលើ​ពិភពលោក​គឺ​មាន​ចំនួន​រហូត​ដល់​ ១ ​លាន​នាក់​។ ចំពោះ​ស្ត្រី និង​កុមារ​គឺជា​ជន​ងាយ​រងគ្រោះ​បំផុត​ក្នុងចំណោម​អ្នកប្រើប្រាស់​ឱសថ​ក្លែងក្លាយ ព្រោះ​ពួកគាត់​គឺជា​ក្រុម​គោលដៅ​ដែល​ប្រើប្រាស់​ថ្នាំ​ច្រើន​ជាង​គេ​៕

វីដេអូ៖