
ក្រុមគ្រូពេទ្យមកទទួលយកអ្នកវិជ្ជមានកូវីដ ១៩ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីយកទៅព្យាបាល កាលពីថ្ងៃទី ២១ មេសា។ ហ៊ាន រង្សី
ភ្នំពេញ៖ ក្រសួងសុខាភិបាលស្នើឱ្យសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានស្នើសុំ និងមានការអនុញ្ញាតឱ្យមានការព្យាបាល និងថែទាំអ្នកជំងឺកូវីដ ១៩ ត្រូវធ្វើជាតារាងតម្លៃឱ្យបានត្រឹមត្រូវ និងឱ្យមានតម្លៃសមរម្យសម្រាប់អ្នកជំងឺ។
លោក ហ៊ុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានលើកឡើងនៅថ្ងៃទី ២៥ ខែមេសាថា បន្ទាប់ពីក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យសេវាឯកជនទទួលការព្យាបាលអ្នកជំងឺកូវីដ ១៩ មកដល់ ពេលនេះមានខាងមន្ទីរពេទ្យឯកជនមួយចំនួនតូចបានដាក់ពាក្យស្នើសុំមកក្រសួង ដើម្បីធ្វើការព្យាបាល។
លោកមានប្រសាសន៍ថា៖ «ក្រសួងមានគោលការណ៍ណែនាំមួយច្បាស់លាស់ក្នុងការធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាព្យាបាលជាមួយនឹងមន្ទីរពេទ្យឯកជន។ ក្រសួងបានគិតពិចារណារួចហើយថា ផ្នែកឯកជននេះ គឺអាចយកថ្លៃសេវាឱ្យមានភាពសមស្រប ដោយមិនត្រូវគិតតែលើផលចំណេញនោះទេ»។
លោក ហុក គឹមចេង បន្ថែមថា ក្រសួងបានធ្វើការណែនាំដល់សេវាឯកជនដែលទទួលការធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ ១៩ ត្រូវបិទបង្ហាញនូវតារាងតម្លៃឱ្យបានច្បាស់លាស់ ដើម្បីពលរដ្ឋបានដឹងពីតម្លៃនៃការធ្វើតេស្ត និងព្យាបាលនេះ។
លោកថា ការធ្វើរបៀបនេះគឺ ដើម្បីឱ្យមូលដ្ឋានសុខាភិបាលឯកជនចូលរួមចំណែកជួយផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។ ដូចនេះមូលដ្ឋានសុខាភិបាលក៏ត្រូវតែយល់ដឹង ហើយប្រជាពលរដ្ឋក៏យល់ដឹងទាំងអស់គ្នា ដោយមិនមែនដើម្បីជាការរកផលចំណេញក្រាសក្រែលក្នុងការធ្វើតេស្តនេះទេ។ ប៉ុន្តែ គឺដើម្បីធ្វើយ៉ាងណាឱ្យពេទ្យដែលព្យាបាលនេះមានសុវត្ថិភាពផង និងអ្នកជំងឺមានសុវត្ថិភាពផងក្នុងពេលទទួលសេវាសុខាភិបាលពីផ្នែកឯកជន។
ជាមួយគ្នានេះ លោក ហុក គឹមចេង បន្ថែមថា ក្រសួងសុខាភិបាលអនុញ្ញាតឱ្យតែសេវាឯកជន ដែលបានស្នើសុំមកក្រសួងដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់តេស្តរហ័សនេះក្នុងការធ្វើតេស្តដល់អតិថិជនដែលមកទទួលសេវាតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គោលបំណងដែលក្រសួងអនុញ្ញាតឱ្យសេវាឯកជនធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ នេះ គឺមិនមែនក្នុងគោលបំណងស្រាវជ្រាវរកគ្រប់ករណីឆ្លងដោយមិនមានមូលហេតុនោះទេ គឺបានតែអ្នកជំងឺដែលទៅរកសេវានេះតែប៉ុណ្ណោះ»។
ទាក់ទងនឹងកន្លែងសម្រាកព្យាបាល បើតាមលោក ហ៊ុក គឹមចេង មកដល់ថ្ងៃទី ២៥ ខែមេសា មានមណ្ឌលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងមន្ទីរពេទ្យនៅទូទាំងប្រទេសចំនួន ៣៥ កន្លែង។
កាលពីថ្ងៃទី ២៥ ខែមេសា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា ការអនុញ្ញាតនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩។ ប៉ុន្តែសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង និងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ៕