ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ព្រមាន​ថា ការដែល​ពលរដ្ឋ​មិន​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល និង​សេចក្ដី​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល អាច​នឹង​ធ្វើឲ្យ​កម្ពុជា​មាន​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍ ដែល​អាច​នឹងមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​កម្ពុជា​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ «​ផុយស្រួយ​» នៃ​ការរីករាលដាល​ជំងឺ​នេះ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ពីថ្ងៃ​ម្សិលមិញ​ថា ពលរដ្ឋ​មាន​ផ្លូវ​ ២ ដែល​ត្រូវ​ដើរ​គឺ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ដែល​នាំឱ្យ​មាន​អ្នកស្លាប់​ដែល​ធ្វើឲ្យ​មាន​សេចក្ដី​សោកសៅ និង​ផ្លូវ​មួយទៀត​គឺ​អាចជួយ​ការពារ​គ្រួសារ​គេច​ផុតពី​ជំងឺ​កូវីដ​ ១៩ និង​បន្ត​មាន​សុភមង្គល​។

លោក​បន្តថា​៖ «​យើង​មាន​ផ្លូវ​ដើរ​ ២ ​ដែល​សំខាន់​គឺ​ទី​ ១ ត្រូវ​អនុវត្តតាម​បទបញ្ជា​ និង​ការណែនាំ​របស់​សម្ដេច ហ៊ុន សែន និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ បើ​យើង​ធ្វើបាន​ដូច្នោះ​បាន​សេចក្ដី​ថា យើង​រក្សាបាន​សុភមង្គល​ក្នុង​គ្រួសារ និង​គ្មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ជំងឺ​ផ្ដាសាយ និង​ជំងឺ​រាករូស​ផ្សេងៗ​»​។

លោក​បន្តថា​៖ «​ដោយឡែក​ផ្លូវ​មួយ​ដែល​យើង​ត្រូវ​ទៅទៀត គឺ​ការមិន​គោរព​បទបញ្ជា​របស់​រដ្ឋាភិបាល​ ឬ​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​គឺ​យើង​អាច​ឈាន​ទៅ​រក​ហានិភ័យ​ខ្ពស់​គឺ​ការបាត់បង់​សុភមង្គល​ការរីករាលដាល​នៃ​ជំងឺ​នៅក្នុង​ខ្លួន​យើង នៅក្នុង​គ្រួសារ និង​សហគមន៍​យើង ហើយ​នៅ​ទីបញ្ចប់​មាន​ការរីករាលដាល​ច្រើន​នឹង​អាចមាន​ហានិភ័យ​ខ្ពស់​ថែមទៀត​គឺ​មាន​បងប្អូន​យើង​ទទួល​មរណភាព​»​។

រដ្ឋាភិបាល​បានចេញ​បញ្ជា​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រយៈពេល​ ៦ ​ថ្ងៃ​ ដែល​បទបញ្ជា​នេះ​ត្រូវ​ផុត​កំណត់​នៅ​យប់​ម៉ោង ១២ ​ថ្ងៃទី​ ១៦ ​ខែមេសា ដើម្បី​ហាមឃាត់​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ក្នុងអំឡុង​បុណ្យ​ចូលឆ្នាំ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ ១៩ ​តាម​សហគមន៍​។

លោក​ ម៉ម ប៊ុនហេង ​បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​មិនបាន​ប្រតិបត្តិ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ​កម្ពុជា​នឹង​ប្រឈម​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​ធ្វើឱ្យ​ជួប​ការខ្វះខាត​ខាង​វេជ្ជសាស្ដ្រ ហើយ​នឹង​ឈាន​ទៅដល់​វិនាសកម្ម​គឺ​សេចក្ដីស្លាប់​។

លោក​បន្ថែម​ថា ក្រសួង​បាន​ត្រៀម​ចេញ​សេចក្ដី​ណែនាំ​រួចហើយ ប្រសិន​ណាបើ​កម្ពុជា​អាច​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នាពេល​ខាងមុខ​គឺ​សាកសព​នឹងត្រូវ​ឱ្យ​យក​ទៅ​កប់ ឬ​បូជា​ភ្លាមៗ​ដោយ​មិន​អនុញ្ញាតឱ្យ​សាច់ញាតិ​យក​សព​ទៅ​តម្កល់ទុក សម្រាប់​ធ្វើ​បុណ្យ​ឡើយ​។

បើតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩ បាន​កើន​ដល់​ ៧៧ ​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ទាំងអស់​ ១២២ នាក់ ខណៈ​ ៤៥ ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។

លោក ប៊ុនហេង បញ្ជាក់​ថា ជនជាតិ​បារាំង​ម្នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ និង​មាន​អាយុ​លើស​ ៨០ ​ឆ្នាំ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត​ គឺ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ លោក​បន្តថា​កម្ពុជា​បាន​យក​សំណាក​ធ្វើ​តេស្ដ​រក​កូវីដ​១៩​មាន​ចំនួន​ ៨ ៩០៩ ​សំណាក ​ដែល​ប្រហែល​ជា​ ៩០ ​ភាគរយ​គឺជា​ជនជាតិខ្មែរ​។

លោក​បន្ថែមទៀត​ថា បន្ទាប់ពី​មាន​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ជាបន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​គឺ​នឹង​អាច​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ឈានចូល​ទៅ​ដល់​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច​។

លោក​បន្តថា ការ​ឈាន​ដល់​លក្ខណៈ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច​នេះ គឺ​ប្រសិន​ណា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​មិន​អាច​រកឃើញ​ប្រភព​នៃ​ការចម្លង​ទាំងនោះ​បានច្បាស់លាស់​។

ជាមួយ​គ្នា​នេះ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា កម្ពុជា​កំពុង​ស្ថិតក្នុង​ស្ថានភាព​ផុយស្រួយ​ដែល​ធ្លាក់​ទៅក្នុង​ការឆ្លង​នៅក្នុង​សហគមន៍ ដោយសារ​បច្ចុប្បន្ន​ករណី​នាំចូល​ជំងឺ​ពី​ក្រៅប្រទេស គឺ​បាន​ចម្លង​មក​ដល់​អ្នក​នៅក្នុង​ស្រុក ហើយ​ឥឡូវនេះ​អ្នក​នៅក្នុង​ស្រុក​គឺ​បាន​ចម្លង​បន្ត​ទៅ​កាន់​អ្នក​ក្នុងស្រុក​បន្តទៀត​។

លោកស្រី​ថា​៖ «​អ៊ីចឹង​កន្លែង​នេះ​គឺ​ផុយស្រួយ​ណាស់ ហើយ​ប្រសិន​បើ​ការចម្លង​នេះ​ចេះតែ​រាតត្បាត​បន្តទៅ ហើយ​យើង​មិន​មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ប្រភព​ឱ្យបាន​ច្បាស់លាស់​នោះ​គឺជា​ការចម្លង​នៅ​សហគមន៍​ហើយ​។ អ៊ីចឹង​! កន្លែង​នេះ​ក្រុមការងារ​ក្រសួង​សុខាភិបាល​កំពុង​ដុតដៃ​ដុតជើង​ក្នុង​ការសិក្សា និង​ស្រាវជ្រាវ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត​នូវ​ករណី​នានា​ដែល​យើង​បាន​រកឃើញ​នាពេល​ថ្មីៗ​នេះ​»​។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ក៏​ថ្លែង​ដែរ​ថា នៅពេល​នេះ​មាន​មនុស្ស​ចំនួន ២៦៦ ​នាក់​ផ្សេងទៀត​ ដែល​ប៉ះពាល់​ផ្ទាល់​ និង​មិនផ្ទាល់​ជាមួយ​អ្នកជំងឺ​គឺ​កំពុង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ហើយ​ក្នុង​នោះ ៨៦ ​នាក់ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត​គឺ​កំពុង​ស្ថិត​ក្នុងការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​បំផុត​។

ចំណែក​លោកស្រី Li Ailan មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា ជំងឺ​កូវីដ ១៩ គឺជា​ប្រភេទ​ជំងឺ​ថ្មី និង​មាន​ការឆ្លង​រាលដាល​លឿន​ដែល​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ និង​ផែនការ​ជាមុន​សម្រាប់​ទប់ទល់​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍​នាពេល​ខាងមុខ​។

លោកស្រី​ថា ប្រសិន​កម្ពុជា​កើតមាន​ករណី​ឆ្លង​រាលដាល​ច្រើន​នៅពេល​ខាងមុខ​នោះ​នឹង​មាន​តម្រូវការ​ខ្ពស់​នូវ​សម្ភារ​វេជ្ជសាស្ដ្រ និង​បុគ្គលិក​សុខាភិបាល ខណៈ​ដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​គឺ​បាន​ជួបប្រទះ​រួចហើយ​នូវ​ការខ្វះ​គ្រែ​សម្រាប់​ព្យាបាល ខ្វះ​ឧបករណ៍​សម្រាប់​ជំនួយ​ដល់​ការដកដង្ហើម ខ្វះ​មន្ទីរពេទ្យ​ព្យាបាល និង​ការខ្វះ​ឧបករណ៍​សម្រាប់​ការពារ​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​ជាដើម​។

លោកស្រី​បញ្ជាក់ថា​៖ «​អង្គការ​សុខភាព​ពិភពលោក​កំពុង​ធ្វើការងារ​ជាមួយ​ក្រសួង​សុខាភិបាល និង​វិស័យ​ផ្សេងទៀត ដើម្បី​ឲ្យ​ប្រាដក​ថា យើង​មាន​ការត្រៀមខ្លួន​ដ៏ល្អ​ប្រសើរ​មួយ​»៕

វីដេអូ៖