ភ្នំពេញៈ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងប្រើប្រាស់ថ្នាំសម្រកទម្ងន់បានលឿនក្នុងរយៈពេលខ្លី ដោយសារថ្នាំទាំងនោះអាចបង្កគ្រោះថ្នាក់ធ្វើឱ្យស្លាប់ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ថ្នាំដែលគ្មានចុះបញ្ជិកាទាំងនេះ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលបញ្ជាក់ថា តាមការពិនិត្យគុណភាពផលិតផលសម្រកទម្ងន់កន្លងមក គឺបានរកឃើញថា ផលិតផលទាំងនោះអាចសម្រកទម្ងន់បានលឿន ដោយសារថ្នាំទាំងនោះមានដាក់សារធាតុ Sibutramine ដែលជាសារធាតុហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងវិស័យឱសថ។
ក្រសួងបញ្ជាក់ថា៖ «សារធាតុនេះធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជាធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល»។ ការអំពាវនាវនេះធ្វើឡើង ខណៈក្រសួងសុខាភិបាលបានពិនិត្យឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tey Loner កំពុងផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ SlimMe គ្មានលេខបញ្ជិកាពីក្រសួង ហើយបានផ្សព្វផ្សាយភូត កុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវ។
ម្ចាស់ទំព័រហ្វេសប៊ុកនេះបានសរសេរបង្ហោះដើម្បីលក់ផលិតផលសម្រកទម្ងន់ថា៖ «ទោះធាត់បែបណាក៏ SlimMe អាចជួយបានដែរ។ ស្រកពិតៗក្នុងរយៈពេលខ្លីប្រើតែ ១ កំប៉ុងប៉ុណ្ណោះបានលទ្ធផលតែម្ដង។ និយាយថាល្អនោះល្អញ៉ាំតែ ១ កំប៉ុង ស្រកពី ២ ទៅ ៥ គីឡូក្រាម។ ធានាមិនធ្វើទុក្ខ ហើយមិនប៉ះពាល់ដល់សុខភាព ញ៉ាំហើយដឹងតែស្រក ១០០%»។
ប៉ុន្តែក្រសួងបញ្ជាក់ថា ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតអ្នកប្រើប្រាស់សូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលសម្រកទម្ងន់នេះជាបន្ទាន់។ ក្រសួងសុខាភិបាលបានបន្ថែមថា ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកនេះដែលនាំចូល និងផ្សព្វផ្សាយលក់ផលិតផលដោយគ្មានលេខចុះបញ្ជិកាពីក្រសួងសុខាភិបាល។
កាលពីថ្ងៃទី ២០ ខែមេសា ភ្នំពេញប៉ុស្ដិ៍បានទាក់ទងទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tey Loner ប៉ុន្តែអ្នកទទួលទូរស័ព្ទបានបដិសេធធ្វើអត្ថាធិប្បាយតាមទូរស័ព្ទអំពីការលក់ផលិតផលរបស់ខ្លួន។
ម្ចាស់គណនីហ្វេសប៊ុកនេះបាននិយាយថា៖ «ចាសបង! ឥឡូវនេះខ្ញុំផ្អាកលក់សិនដោយសារខ្ញុំនៅខេត្ត។ ខ្ញុំអត់ទាន់ដឹងថា ពេលណាលក់វិញទេ ចាំមើលទាល់តែខ្ញុំទៅ (ភ្នំពេញ) វិញ។ សុវត្ថិភាពផលិតផលហ្នឹងអត់អីទេបង។ បើបងចង់ទិញ និងចង់ដឹងបន្ថែមពីផលិតផល បងអាចឆាតសួរក្នុងផេចហ្វេសប៊ុកខ្ញុំមក»៕
វីដេអូ៖