ភ្នំ​ពេញៈ ​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃ​ទី ០៨​ ​ខែ ​តុលា ​ឆ្នាំ​ ២​០២០​ បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​ ១​៩​ ថ្មី​ម្នាក់​ទៀត​ លើ​បុរស​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ ​ខណៈ​ករណី​ព្យា​បាល​ជា​សះ​ស្បើយ​មិន​មាន​នោះ​ទេ​។

យោង​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ក្រសួង​សុខា​ភិ​បាល​ ​ដែល ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ ទទួល​បាន​បុរស​ជ​ន​ជាតិ​ឥណ្ឌូ​ណេ​ស៊ី​ អាយុ​ ២៦​ ឆ្នាំ ដែល​រក​ឃើញ​វិជ្ជ​មាន​កូវីដ ​១៩ ​នេះ​ ​មាន​អាស​យ​ដ្ឋាន​ស្នាក់​នៅ​សណ្ឋា​គារ​មួយ​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សី​ហ​នុ​ ជា​អ្នក​ធ្វើ​ដំណើ​រមក ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​ដោយ​បាន​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រ​ទេស​សាំង​ហ្គា​ពួ​ និង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ០៦​ ​ខែ ​តុលា ឆ្នាំ​ ២០​២០​។​ ​

សេច​ក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា​៖​ «​លទ្ធ​ផល​ធ្វើ​តេស្ត​ ​លើ​វត្ថុ​សំណាក​របស់​គាត់​ ដែល​ផ្តល់​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​បង្ហាញ​វិជ្ជ​មាន​វីរុស​កូវីដ​ ១៩។​ ​បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត​»​។​

ជា​មួយ​គ្នា​នេះ ​ក្រសួង​សុខា​ភិ​បាល​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ អ្នក​ដំណើរ​តាម​យន្ត​ហោះ​ជា​មួយ​បុរស​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី ​ដែល​មាន​ជំងឺ​កូវីដ​ ១៩ ​ខាង​លើ​នេះ​ មាន​ចំនួន ​១១២ ​នាក់​ ​ក្នុង​នោះ​មាន​ស្រី ២៣​ នាក់។​​ ប៉ុន្តែ​លទ្ធ​ផល​តេស្ត​របស់​ពួក​គេ ​អវិជ្ជ​មាន​វីរុស​កូវីដ ​១៩។​​ ​ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ពួក​គេ​ទាំង​ ១១២​ នាក់​ ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តា​ឡីស័​ក​ចំនួន​ ២ ​ថ្ងៃ នៅ​វិទ្យា​ល័យ​បូរី​ ១០០​ ខ្នង​ចំនួន​ ៤៩​ នាក់​ ​ដាក់​តាម​សណ្ឋា​គារ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន ​៦២ នាក់​ និង​នៅ​ស្ថាន​ទូត​សិង្ហ​បុរី​ចំនួន ​១​ នាក់​។​

សូម​បញ្ជាក់​ថា​ ​ភាព​វិជ្ជ​មាន​វីរុស​កូវីដ​ ១៩​ របស់​បុរស​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ ពី​ក្រៅ​ប្រទេស​ចូល​ក្នុង​កម្ពុជា ​គិត​ត្រឹម​ថ្ងៃ​ទី​ ០៨​ ​ខែ​ តុលា​ ឆ្នាំ​ ២០២០​ មាន​ចំនួន​សរុប ​២៨១​ នាក់​ ក្នុ​ង​នោះ​ចំនួន​អ្ន​ក​ព្យា​បាល​ជា​សះ​ស្បើយ​សរុប​ទូ​ទាំង​ប្រ​ទេស​មាន​ចំនួន​ ២៧៦​ នា​ក់​ និង​អ្នក​កំពុង​បន្ត​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន​ ០៥​ នាក់​។​

ជា​មួយ​គ្នា​នេះ​ លោក​ស្រី ​ឱ ​វណ្ណ​ឌីន​ រដ្ឋ​លេខា​ធិការ​ ​និង​ជា​អ្នក​នាំពា​ក្យ​ក្រ​សួង​សុខា​ភិបាល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ក្រៅ​ពី​អ្នក​ជំងឺ​ ៥ នាក់​ ​ដែល​រួម​មាន​បុរស​ ​និង​ស្រី្ត​ ជន​ជាតិ​ឥណ្ឌូនេ​ស៊ី ២​ នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​បុរស ​២ នាក់​ទៀត​ ​ដែល​ម្នាក់​ជន​ជាតិ​ហុង​គ្រី​ ​និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​បារាំង​ ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ ​និង​ ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មក​ពី​សហ​រដ្ឋ​អាមេរិក​ ​កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ​បង្អែក​ខេត្ត​បាត់​ដំបង​នោះ ​គ្មាន​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ណា​ម្នាក់​ ​មាន​វិជ្ជា​មាន​វីរុស​កូវី​ដ​ ១៩​ នោះ​ទេ​។​

ទោះ​ជា​បែប​ណា​ក៏​ដោយ​លោក​ស្រី​ បាន​អំពាវ​នាវ​​ឲ្យ​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡី​ស័ក​នៅ​តាម​ផ្ទះ ​និង​នៅ​តាម​មណ្ឌល​នា​នា ​ត្រូវ​ចូល​​រួម​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ម៉ឺង​ម៉ាត់​បំផុត​ ​តាម​កា​រ​ណែ​នាំ​របស់​ក្រ​សួង​សុខា​ភិបាល​។​

លោក​ស្រី​បាន​ពន្យល់​ថា​ ​ការ​មិន​គោរ​ព​បាន​ត្រឹម​ត្រូវ​តាម​កា​រ​ណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ ដូច​ជា​កា​រធ្វើ​ដំណើរ​ចល័ត​​របស់​បុគ្គល ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ​ឬ​ទៅ​ប៉ះពា​ល់​ជា​មួយ​អ្នក​ដទៃ​ទៀត​ ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក​ ឬ​នៅ​ដាច់​ដោយ​ឡែក​នេះ​ ​«​នឹង​អាច​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចម្លង​វីរុស​កូវីដ ​១​៩​ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ បង្កើត​ឱកាស​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត​ ​និង​ក៏​អាច​ជា​ឱកាស​នាំ​ឲ្យ​មាន​ការ​ចម្ល​ង​ទៅ​ក្នុង​សហ​គមន៍​ផង​ដែរ​ ​ប្រសិន​បើ​បុគ្គល​នោះ​មាន​ផ្ទុក​វីរុស​កូវី​ដ ​១​៩​»​៕​​