ភ្នំពេញៈ មនុស្ស​ចំនួន​ ៣៧ នាក់​បន្ថែម​ទៀត ត្រូវបាន​រកឃើញ​មាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ​ក្នុ​ងនោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍ ​២០ ​កុម្ភៈ មាន​ចំនួន ​៣៥​ នាក់​ រីឯ​ ២​ នាក់​ទៀត​ ជា​អ្នក​ដំណើរ​មក​ពី​បរទេស ​ខណៈ​អ្នកជា​សះ​ស្បើយ​មាន​រហូត​ដល់ ​៤៩ ​នាក់។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី ​០១ ​ខែ​ មេសា ឆ្នាំ​ ២០២១ ​នេះ។

ក្រសួង​បាន​ឱ្យ​ដឹង​ថាអ្នក​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី៣ នេះក្នុង​រាជធានី​ភ្នំពេញ​នៅតែមាន​កម្រិតខ្ពស់​ដែល​មាន​រហូត​ដល់ ​៣០ នា​ក់​ ស្រប​ពេល​នៅ​ខេត្តក​ណ្ដាល​មាន​តែ​ចំនួន ​៣​ នាក់ និ​ង​ខេត្ត​ព្រះសី​ហនុ​មាន ​២​ នាក់។

ចំណែក​មនុស្ស​ ២ នាក់​ផ្សេង​ទៀត ​ដែល​រកឃើញ​ឆ្លង​កូ​វីដ ១៩​ ដែរនោះ គឺជា​អ្នក​ដំណើរ​មកពី​បរទេស​ក្នុងនោះ​​មាន​ស្ត្រី​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ អាយុ​ ១៩ ​ឆ្នាំ​ ស្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័​យ ដែលបាន​ធ្វើដំណើរ​មកពី​ប្រទេស​សិង្ហ​បុរី​មកដល់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី ៣០ ខែ​មីនា​ និង​ម្នាក់​ទៀត​ជា​បុរស​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ អាយុ​ ៣៩​ ឆ្នាំ​ ស្នាក់​នៅ​ខណ្ឌ​ចំកា​រមន​រាជធានី​ភ្នំពេញ​ ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូ​នេស៊ី​ បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​សិង្ហ​បុរី​ មក​ដល់​ប្រទេស​កម្ពុជា​ ថ្ងៃទី​ ១៨​ ខែមីនា។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០១ ​ខែ​ មេសា ​ឆ្នាំ ២​០២១​ នេះ កម្ពុ​ជា​មាន​អ្នក​ឆ្លង​សរុប​ចំនួន​ ២ ៤៧៧ ​នាក់​ អ្នកជា​សះស្បើយ​ចំនួន ១ ២៤០ នាក់​ អ្នក​កំពុង​ព្យា​បាល​ចំនួន​ ១ ២​១៩​ នាក់​ និង​អ្នក​ស្លា​ប់​ចំនួន​ ១៤ ​នាក់៕