
មនុស្សពាក់ម៉ាស់អង្គុយរង់ចាំការចាក់វ៉ាក់សាំងពីក្រុមគ្រូពេទ្យ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងមនុស្សចំនួន ៤០ នាក់ ដែលបានឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយភាគច្រើននៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានរកឃើញអ្នកជាសះស្បើយចំនួន ៦ នាក់ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃចន្ទទី ២៩ ខែ មីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ មាននៅរាជធានីភ្នំពេញចំនួន ២៨ នាក់ ខេត្តកោះកុងចំនួន ៦ នាក់ និងខេត្តចំនួន ៦ ផ្សេងទៀតមានចំនួន ១ ករណីក្នុងខេត្តៗគឺ ខេត្តកំពត តាកែវ ស្វាយរៀង កណ្ដាល ត្បូងឃ្មុំ និងខេត្តសៀមរាប។ ការរកឃើញអ្នកឆ្លងថ្មីនេះរួមមាន ទារកអាយុ ៤ ខែ រហូតដល់ ១៧ ឆ្នាំ ។
ជាមួយគ្នានេះដែរអ្នកជំងឺចំនួន ៦ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ២ ២៧៣ នាក់ អ្នកជាសះស្បើយចំនួន ១ ១៧២ នាក់ អ្នកកំពុងព្យាបាលចំនួន ១ ០៨៧ នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់ ៕