ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសថា ពលរដ្ឋខ្មែរចំនួន ៧ នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ដែលជាករណីនាំចូលពីក្រៅប្រទេស និងអ្នកត្រូវព្យាបាលជាសះស្បើយចំនួន ៧ នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ ២៣៣ នាក់ហើយអ្នកត្រូវបានព្យាបាលជាសះស្បើយសរុបកើនដល់ ១៥៤ នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧ នាក់ដែល ៤ នាក់មានអាយុចាប់ពី ២៤ ដល់ឆ្នាំ ៣០ ឆ្នាំគឺស្ថិតក្នុងចំណោមទ័ពមួកខៀវកម្ពុជាចំនួន ៨០ នាក់ដែលបានធ្វើដំណើរមកពីប្រទេសម៉ាលីមកដល់កម្ពុជាកាលពីថ្ងៃទី ១០ កក្កដា ចំណែកអ្នកឆ្លងថ្មី ៣ នាក់ទៀត គឺស្ថិតក្នុងចំណោមអ្នកដំណើរ ៥៩ នាក់ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ កក្កដា។
កងទ័ពមួកទាំង ៨០ នាក់ដែលបានដល់កម្ពុជាតាំងពីថ្ងៃទី ១០ ខែកក្កដានេះគឺត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីធ្វើចត្តាឡីស័កបាន ១៣ ថ្ងៃគឺនៅថ្ងៃទី ២៣ ខែកក្កដា ទើបធ្វើតេស្ដរកឃើញមានអ្នកឆ្លង ៤ នាក់។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ពីម្សិលមិញថា នៅក្នុងចំណោមកងទ័ពមួកខៀវ ដែលធ្វើតេស្ដអវិជ្ជមានគឺត្រូវបន្តឱ្យធ្វើចត្តាឡីស័កមកដល់ពេលនេះ ដ្បិតការធ្វើចត្តាឡីស័កកន្លងទៅផុតអស់រយៈពេល១៤ថ្ងៃគិតតាំងពីថ្ងៃទី ១០ កក្កដាដែលពួកគេមកដល់កម្ពុជាក៏ដោយ។
ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលទាំងអស់មានចំនួន ៧៧ នាក់គឺនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥ នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ៥៧ នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥ នាក់។
នៅក្នុងខែកក្កដានេះ កម្ពុជាបានរាយការណ៍ករណីនាំចូលជំងឺកូវីដពីក្រៅប្រទេសកើនដល់ ៩៣ ករណី ខណៈមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា វាជាខែដែលមានការនាំចូលជំងឺយ៉ាងគំហុក ហើយភាគច្រើនគឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងបិទជើងហោះហើរបណ្ដោះអាសន្នមកពីប្រទេសទាំង ២ នេះចាប់ពីថ្ងៃទី ១ សីហា ដើម្បីទប់ស្កាត់កុំឱ្យមានការនាំចូលជំងឺបន្ថែមទៀត និងដើម្បីបង្ការកុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ស្របពេលដែលរដ្ឋាភិបាលកំណត់ថ្ងៃឲ្យឈប់សម្រាករយៈពេលវែងនៅក្នុងខែក្រោយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីបញ្ចៀសការចម្លងនេះគឺត្រូវអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន ដូចជាការលាងដៃឲ្យបានញឹកញាប់ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលហើយគ្រប់ទីកន្លែង ត្រូវតែរក្សាអនាម័យឲ្យបានល្អ ជាពិសេសនៅតាមរថយន្ត សណ្ឋាគារ អាហារដ្ឋាន និងភោជនីយដ្ឋានដូចដែលក្រសួងធ្លាប់បានពន្យល់ច្រើនលើកមកហើយដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា លើសពីនេះត្រូវកាត់បន្ថយការធ្វើដំណើរឲ្យបានជាអតិបរមា និងចៀសវាងការជួបជុំគ្នាច្រើន ដើម្បីកុំឱ្យមានការចម្លងពីបុគ្គលម្នាក់ទៅម្នាក់៕