ភ្នំ​ពេញៈកម្ពុ​ជា​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ​ ១៩ ​ម្នាក់​ទៀត​ នៅ​ថ្ងៃ​ទី​ ២៧ ខែតុលា​ នេះ​ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​អ្នក​ជំងឺ​នេះ​កំពុង​សម្រាក​ព្យាបាល​មាន​រហូត​ចំនួន​ ៥​ នាក់។​ ​នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​។​

សេច​ក្តី​ជូន​ព័ត៌​មាន​នេះ​បាន​ឱ្យ​ដឹង​ថា​ ស្រ្តី​ជន​ជាតិ​បារាំង​អាយុ​ ២៣ ​ឆ្នាំ ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​ ដោយ​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​សឹង្ហ​បុរី​ និង​មក​ដល់​ប្រទេស​កម្ពុជា ​​នៅ​ថ្ងៃទី ​២៥​ ខែ​តុលា​ កន្លង​មក​នេះ​។​

ក្រសួង​បាន​បញ្ជាក់​ថា​៖​ ​«​លទ្ធ​ផល​ធ្វើ​តេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូវីដ ១៩​ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា ​ហើយ​បច្ចុប្បន្ន​នេះ​ អ្នក​ជំងឺ​រូបនេះ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​-​ភាព​ខ្មែរ​-សូវៀត​»​។

ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ជាមួយ​អ្នក​ជំងឺ​ជន​ជាតិ​បារាំង​រូប​នេះ​ មាន​ចំនួន​ ១០៧​ ក្នុង​នោះ​មាន​ស្រី​ ៤៧ ​នាក់​ និង​កុមារ​ចំនួន​ ៣ នាក់។​ ​ពួក​គេ​ទាំង​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ១៤​ ថ្ងៃ នៅ​កន្លែង​ផ្សេងៗ​គ្នា​ ​ក្នុង​នោះ​អ្នក​ដំណើរ​ចំនួន​ ១៩ ​នាក់ ​នៅ​វិទ្យា​ល័យ​បូរី​ ១០០​ ខ្នង​ ​ឯ​អ្នក​ដំណើរ​ចំនួន​ ៨៨ ​ផ្សេង​ទៀត​ដាក់​នៅ​សណ្ឋា​គារ​បី​កន្លែង​ខុសៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេ​ញ​។​

តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិ​បាល ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៧ ខែតុលា​​ នេះ ​នៅ​ប្រទេស​កម្ពុជា​ មាន​អ្នក​​មាន​វីរុស​កូវី​ដ​ ១៩ សរុប​ចំនួន​ ២៨៨ ​នាក់​ ​(​ស្រី​ ៥៩ នាក់​ ​និង​បុរស​ ២២៩ នាក់)​ ដោយ​ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៨៣​ នាក់ ស្មើ​នឹង​ ៩៨,២៦% ​ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូវី​ដ​ ១៩ ​ទាំ​ង​អស់​។​

ចំ​ណែក​អ្នក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត ​មាន​ចំនួន​ ៥ នាក់​ ក្នុង​នោះ​បុរស​ជន​ជាតិ​ខ្មែរ​ ១ នាក់​ ស្រ្តី​ជន​ជាតិ​ខ្មែរ​ ១ នាក់​ ​បុរស​ជន​ជាតិ​ប៉ូឡូញ​ ១ នាក់​ ​បុរស​ជន​ជាតិ​បារាំង ​១ នាក់​ ​និង​ស្រ្តី​ជន​ជាតិ​បារាំង​ចំនួន​ ១ នាក់​។​

ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ​ក្រសួង​សុខាភិ​បាន​បាន​ក្រើន​រម្លឹក​ជា​ថ្មី​ទាក់ទ​ង​នឹង​ការ​ការពារ​ និង​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អ៊ំទូក​ បើ​ទោះ​បីជា​កម្ពុជា​មិន​បាន​​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំបុក​ ​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​ដោយ​ ​ប៉ុន្តែ​រាជ​រដ្ឋាភិ​បាល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រារព្ធ​ពិធិ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នា​នា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាល​ពី​ដើម​ខែ​តុលា​កន្លង​មក​នេះ​ រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ លោក​ ម៉ម​ ប៊ុន​ហេង​ បាន​ចេញ​​សេច​ក្តី​ណែ​នាំ ​ក្រើន​រម្លឹក​ ​និង​អំពាវ​នាវ​សារ​ជា​ថ្មី ​ទៅ​ដល់​សាធារ​ណ​ជន​ ក្រ​សួង​ពាក់​ព័ន្ធ​ អាជ្ញាធរ​ ថ្នាក់​ក្រោម​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ​១៩​ ​ទៅ​ក្នុង​សហ​គមន៍​ និង​បន្ត​អនុ​វត្ត​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិ​បាល​៕​​