
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន មកចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកម្សិលមិញ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងសុខាភិបាលបានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាការពង្រីកបន្ថែមក្នុងដំណាក់កាលដំបូងទៅដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៅតាមមន្ទីរពេទ្យនៅទូទាំង ២៥ រាជធានី-ខេត្ត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា ការចាក់នេះគឺតាមគោលការណ៍ស្ម័គ្រចិត្ត។
មន្ត្រីរាជការ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ជាមួយភ្ញៀវទេសចរបរទេសក្នុងការប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានតំបន់អង្គរ តំបន់ប្រាសាទបេងមាលា និងតំបន់ប្រាសាទកោះកែវក៏ត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងផងដែរ។
សម្រាប់ទីតាំងដែលមានការចាក់វ៉ាក់សាំងទៅដល់មន្ត្រីរាជការទាំងនោះមាននៅក្នុងមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ២៤ ផ្សេងទៀតនៅរាល់ថ្ងៃធ្វើការចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ ក្រសួងនឹងជូនដំណឹងដល់សាធារណជនក្នុងក្រុមអាយុពី ១៨ ដល់ ៥៩ ឆ្នាំផ្សេងៗទៀតដែលនឹងអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយស្ម័គ្រចិត្តនាពេលក្រោយៗទៀត។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាឥស្សរជនដំបូងគេដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមបានចាក់ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកម្សិលមិញរួមនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ចំណែកលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់លោក ហ៊ុន សែន ដែលមិនបានចាក់វ៉ាក់សាំងនេះលើកទី១ ដោយសារបញ្ហាសុខភាព លោកក៏បានចាប់ផ្តើមចាក់ដូសទី១ រួចរាល់ហើយផងដែរនៅថ្ងៃម្សិលមិញនេះ។
លោក ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ «បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មីជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ ១៩ ដែលខ្ញុំបានខកខានកាលពី ២ សប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ»។
លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការចូលរួមក្នុងវិធានការការពារ «៣ ការពារ ៣ កុំ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ស៊ីណូហ្វាមមានចំនួន ៣៣-២១១ នាក់ក្នុងនោះមានស្រីចំនួន ៩ ២០៥ នាក់។
ចំណែកក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងនេះដល់កងកម្លាំងប្រដាប់អាវុធបានចំនួន ៧៥ ១៩៨ នាក់ផងដែរក្នុងរយៈពេលដូចគ្នានេះ។
ទន្ទឹមនឹងនេះដែរ កាលពីយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី ១ របស់ក្រុមហ៊ុន Astra Zeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីវ៉ាក់សាំងចំនួន ៣២៤ ០០០ ដូសបានដឹក និងប្រគល់ដល់ប្រទេសកម្ពុជា។
លោកបានសរសេរនៅបណ្តាញសង្គមផ្លូវការរបស់លោកថា៖ «នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក»៕