
ក្រុមគ្រូពេទ្យមកទទួលអ្នកមានវិជ្ជមានកូវីដ ១៩ នៅក្បែរផ្សារឯករាជ្យ ១ ដើម្បីយកទៅទទួលការព្យាបាល កាលពីថ្ងៃទី ២១ មេសា ២០២១។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ ដើម្បីសម្រាលបន្ទុកដល់មន្ទីរពេទ្យរដ្ឋ នៅថ្ងៃអាទិត្យ ទី ២៥ មេសានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង ថា ការអនុញ្ញាតនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ប៉ុន្តែសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង និងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ។
សេវាសុខាភិបាលឯកជនទាំងនោះត្រូវមាន ទីតាំងមូលដ្ឋានសុខាភិបាលសមស្រប មានផ្លូវ និងចំណតរថយន្តសមស្រប មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់ មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាលដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់ មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ។
ក្រៅពីនេះ ត្រូវមានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប មានសម្ភារ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្របមានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលមានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងត្រូវផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល៕