
លោក ម៉ម ប៊ុនហេង ទៅពិនិត្យកន្លែងធ្វើចត្ដាឡីស័កនៅស្រុកកំរៀង ខេត្តបាត់ដំបង។ រូប រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញៈ ក្រសួងសុខាភិបាលបានអំពាវនាវទៅដល់ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ គួរកុំសម្រុកវិលត្រឡប់មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ ដើម្បីការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ ខណៈក្រសួងបានបណ្តុះបណ្តាលគ្រូបង្គោលពីការចាក់វ៉ាក់សាំងកូវីដសម្រាប់ខេត្តនៅជាប់ព្រំដែន។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែង ខណៈពេលដែលលោកចុះពិនិត្យ និងសួរសុខទុក្ខពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ថា៖ «បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ នេះ»។
លោក ម៉ម ប៊ុនហេង បន្ថែមថា ក្នុងវិបត្តិនៃជំងឺកូវីដ ១៩ នេះ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុកឱ្យអស់លទ្ធភាពសិន មុននឹងធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ដោយសាររាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករដែលបានបាត់បង់ការងារធ្វើ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួនកុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសមួយនេះកំពុងតែមានការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍នៅតាមខេត្តមួយចំនួន»។
លោក ប៊ុនហេង ក៏បានស្នើដល់អាជ្ញាធរខេត្ត នៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ឱ្យបន្តចាត់វិធានការឱ្យបានតឹងរ៉ឹងនូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ហើយគេចវេះពីការធ្វើចត្តាឡីស័ក ហើយក៏ត្រូវនាំគ្នាបន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យនៅតាមបណ្តារាជធានី-ខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាមកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដើម្បីពង្រឹងនូវសមត្ថភាពគ្រូពេទ្យក្នុងការចាក់ថ្នាំបង្ការជំងឺនេះ។
ក្នុងនោះដែរ លោក ម៉ម ប៊ុនហេង ក៏បានក្រើនរំឭកជាថ្មីពីលទ្ធភាពនៃការចម្លងដ៏សាហាវនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីដែលកម្ពុជាទើបតែរកឃើញចំនួន ៣ ករណីនាពេលថ្មីៗនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺសម្រាប់ឱ្យក្រុមគ្រូពេទ្យ មានព័ត៌មានបន្ថែមទាក់ទងនឹងវ៉ាក់សាំង ហើយក៏ដូចជាពង្រឹងនូវសមត្ថភាពក្រុមគ្រូពេទ្យក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩។
លោកស្រីថ្លែងថា៖ «ការបណ្តុះបណ្តាលនេះ ក៏ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងក្រសួងសុខាភិបាលជូនដល់បណ្តារាជធានី-ខេត្ត ដើម្បីឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នេះ ជូនទៅដល់ក្រុមមនុស្សដែលមានការប្រកាសជាបន្តបន្ទាប់ដោយក្រសួងសុខាភិបាល»។
លោកស្រី ឱ វណ្ណឌីន ក៏បានធ្វើការក្រើនរំឭកសាជាថ្មី និងអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីវីរុសកូវីដ១៩ ខណៈដែលពលរដ្ឋហាក់មិនមានការការពារខ្លួន ស្របពេលដែលវីរុសកូវីដបំប្លែងខ្លួនថ្មី បានកើតមានក្នុងប្រទេសកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖ «យើងរកឃើញមានអ្នកជំងឺវីរុសកូវីដបំប្លែងថ្មីចំនួន ៣ ករណី ដែលយើងគិតថា ជាចំនួនតិច ប៉ុន្តែហានិភ័យនៃការចម្លងចូលក្នុងសហគមន៍របស់យើងធំ ប្រសិនបើអ្នកជំងឺ ៣ នាក់នេះ មិនបានរកឃើញទាន់ពេលវេលា។ លទ្ធភាពនៃការចម្លងរបស់វីរុសបំប្លែងថ្មីនេះគឺខ្លាំង សាហាវ និងលឿនជាង»។
លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ការផ្ទុះឡើងនៃវីរុសកូវីដបំប្លែងខ្លួនថ្មីនេះមាន ឬមិនមានអាស្រ័យទៅការអនុវត្ដលើវិធានការសុខាភិបាលរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រមទាំងអនុវត្ដការធ្វើចត្ដាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញគិតពីថ្ងៃទី ១០ ដល់ ១៦ ខែកុម្ភៈ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ មានចំនួន ២ ៦១១ នាក់ ក្នុងនោះស្ត្រីមានចំនួន ៨៥៥ នាក់ ក្នុងចំណោមអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបចំនួន ៣ ២១៩ នាក់ ក្នុងនោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦០៨ នាក់។
រីឯក្រសួងការពារជាតិគិតចាប់ពីថ្ងៃទី ១០ ដល់ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ មានអ្នកទទួលបានការចាក់វ៉ាក់សាំងចំនួន ៨ ៨៩៤ នាក់។ គិតត្រឹមថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៧៩ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៤៧០ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៩ នាក់៕
វីដេអូ៖