ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា ការកើនឡើង​នៃ​រលក​កម្ដៅ​ក្នុង​បរិយាកាស​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព និង អាយុជីវិត ពិសេស​ចាស់ជរា និង​កុមារ​ព្រម​ទាំង​អ្នក​ដែល​មាន​ជំងឺ​បេះដូង សួត និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ។

ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​ខាងមុខនេះ សីតុណ្ហភាព​អតិបរមា​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ហក់ឡើង​ដល់​កម្រិត​ ៤១ ​អង្សា​។ ការហក់​ឡើង​នៃ​រលក​កម្តៅ​ក្នុង​បរិយាកាស​នេះ​គឺ​បណ្ដាល​មកពី​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​គ្របដណ្ដប់​លើ​ផ្ទៃដី​ដែល​បាតុភូត​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តិចតួច តែ​មាន​ខ្យល់​កន្ត្រាក់​នឹង​ផ្គរ​រន្ទះ​បក់បោក​ខ្លាំង​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា​៖ «​នៅពេល​អាកាសធាតុ​ក្ដៅ​កាន់តែ​ខ្លាំង កង្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​ក្នុង​បរិយាកាស​ក៏​កាន់តែ​ខ្ពស់​ដែល​បង្ក​ឲ្យ​អ្នកមាន​ជំងឺ​ខ្សោយ​បេះដូង ហឺត និង​ជំងឺ​ផ្លូវដង្ហើម ងាយ​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​ខ្សោយ​អស់កម្លាំង ថប់ដង្ហើម ដួលសន្លប់ និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ដែល​អាច​បង្ក​ឲ្យ​ស្លាប់​បាន ដូច្នេះ​គ្រប់គ្នា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ និង​ក្រុមគ្រួសារ ជាពិសេស​កុមារ និង​ជន​ចាស់ជរា​»​។

កាលពី​ថ្ងៃទី​ ៥ ខែ​ ឧសភា​ ឆ្នាំ ២០២០ ក្រសួង​ធនធានទឹក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ស្ថានភាព​អាកាសធាតុ​ដែល​នឹងមាន​ការកើនឡើង​សីតុណ្ហភាព អតិបរមា​រហូត​ដល់​ ៤១ ​អង្សា​ ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១០ ខែ​ឧសភា ខាងមុខនេះ​។ ក្រៅពី​នេះ​ក៏មាន​ភ្លៀងខ្យល់​ និង​ផ្គរ​រន្ទះ​កើតមាន​ផងដែរ ពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៕

វីដេអូ៖