
បុរស និងស្រ្តី វ័យចំណាស់ កំពុងរង់ចាំចាក់វ៉ាក់សាំងកូវីដ ១៩ នៅមន្ទីរពេទ្យមួយក្នុងខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានសម្រេចតម្រូវឱ្យបុគ្គលដែលស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ ត្រូវពាក់ម៉ាស់ ប៉ុន្តែត្រូវបានលើកលែងករណី កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ ១៩។
សេចក្តីប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ ដែលមាន ៧ ជំពូក និង ១៦ ប្រការ ដែលចុះហេត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៣ ខែមីនានេះ បានចែងថា បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ រួមមានបុគ្គលដែលមានវិជ្ជមានកូវីដ ១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត។
បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ។
អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់ បម្រើឱ្យសាធារណជន អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន។
អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខ នៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា មន្ត្រីនិងបុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាព្យាបាលដោយចលនា បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ បុគ្គលិកដែលផ្តល់សេវាម៉ាស្សាកោសជប់ និងបុគ្គលផ្សេងទៀត ដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន និងបុគ្គលផ្សេងទៀត ដែលកំពុងស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងដែល មានការជួបជុំមនុស្សចាប់ពី ២ (ពីរ ) នាក់ឡើងទៅ។
ក្រសួងបន្តថា កាតព្វកិច្ចនៃការពាក់ម៉ាស់ ត្រូវបានលើកលែងចំពោះករណី កុមារអាយុក្រោម ៦ (ប្រាំមួយ) ឆ្នាំ ដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ ១៩ និងលើកលែងផងដែរ ចំពោះសិល្បករ-សិល្បការីនី ដែលត្រូវសម្តែងក្នុងកម្មវិធីសិល្បៈ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គលដែលត្រូវបញ្ចេញមតិ ក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការនានា ដោយលើកឡើងថា ការពាក់ម៉ាស់ ជាឧបសគ្គសម្រាប់ការនិយាយបញ្ចេញសំឡេង។
ក្រសួងសុខាភិបាលក៏បានគូសបញ្ជាក់ដែរថា ចំពោះទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវឱ្យមានការរក្សាគម្លាតសុវត្ថិភាពរួមមាន រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម រួមមានជាអាទិ៍ ភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឱសថស្ថាន ផ្សារទំនើប ហាងលក់ទំនិញ គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ រោងចក្រ សិប្បកម្ម ឬទីកន្លែងធ្វើការ ឬទីកន្លែងអាជីវកម្មដទៃទៀត ត្រូវត្រួតពិនិត្យនិងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅទីកន្លែងរបស់ខ្លួន ឱ្យធ្វើការពាក់ម៉ាស់ ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនពាក់ម៉ាស់ ចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែចំពោះបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ (កុមារអាយុក្រោម ៦ឆ្នាំ)៕