ភ្នំពេញៈ ក្រសួង​សុខាភិបាល ក្រើន​រំឭក​ដល់​បណ្តា​រាជធានី ខេត្ត ក្នុង​ការ​ពង្រឹង​បន្ថែម នូវ​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ការ​ធ្វើ​ចត្តា​ឡីស័ក នៅ​មូលដ្ឋាន​របស់​ខ្លួន ខណៈ​វិធានការ​បិទ​ខ្ទប់ នៅ​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល គឺជា​បទ​ពិសោធ​ថ្មី ដែល​ត្រូវ​ចងចាំ។

ការ​ប្រកាស​ក្រើន​រំឭក​នេះ បាន​ធ្វើ​ឡើង ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុង​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី ២០ ឧសភា ផ្ញើ​ទៅ​កាន់​បណ្តាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស ក្រោយ​ពី​ទទួល​បាន​ការ​ឯកភាព​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើ​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២១ របស់​ក្រសួង​សុខាភិបាល ស្ដីពី​របាយការណ៍​កិច្ច​ប្រជុំ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ ២០២១។

លិខិត​ដដែល​នេះ បាន​បញ្ជាក់​ថា ការ​ដាក់​វិធានការ​បិទ​ខ្ទប់​នៅ​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល គឺ​ជា​មេរៀន​បទ​ពិសោធ ដែល​គួរ​ត្រូវ​បាន​ដក​ស្រង់ ដើម្បី​ប្រតិបត្តិ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង។

ជាមួយ​នឹង​បទ​ពិសោធ​នេះ ក្រសួង បាន​ជំរុញ​ឲ្យ​បណ្តា​រាជធានី ខេត្ត​ទាំង​អស់ ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ វិធានការ​សុខាភិបាល ការ​ធ្វើ​ចត្តា​ឡីស័ក និង​វិធានការ​រដ្ឋបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូរីដ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រសួង​បាន​បញ្ជាក់​បន្ថែម​ថា៖ «ត្រូវ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ដល់​បុគ្គល គ្រួសារ និង​សហគមន៍។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូម​ឯកឧត្តម លោក​ជំទាវ អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ត អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ទូទាំង​ប្រទេស កើន​ឡើង​ជាង ២ ៣០០០ នាក់ និង​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់ ១៦៤ នាក់។ នេះ​បើ​គិត​ត្រឹម​ថ្ងៃទី ២០ ឧសភា តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល៕