ភ្នំពេញៈ ក្រសួង​សុខាភិបាល​ដាក់​ដំណើរការ​កម្មវិធី Smart Hospital e-Health Yoeung នៅក្នុង​មន្ទីរពេទ្យ​ព្រះអង្គឌួង​ដែល​ជា​កម្មវិធី​ដំណោះស្រាយ​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នកជំងឺ និង​វេជ្ជបណ្ឌិត​ក្នុង​ការគ្រប់គ្រង​កំណត់ត្រា​ប្រវត្តិ​ព្យាបាល និង​ការណាត់ជួប​ដោយ​ស្វ័យប្រវត្តិ​នៅលើ​ទូរស័ព្ទដៃ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​ឱកាស​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​នេះ​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ទីរពេទ្យ​អង្គឌួង​គឺជា​មន្ទីរពេទ្យ​រដ្ឋ​ដំបូង​គេ​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​ថ្មី​នេះ បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​ក្នុង​ដំណើរការ​កម្មវិធី​មន្ទីរពេទ្យ​ឌីជីថល «​ពេទ្យ​យើង​»​។

លោក​បន្តថា ការដាក់​ដំណើរការ​នេះ ក៏​ព្រោះតែ​ក្រុមគ្រូពេទ្យ​ទាំងអស់​ក្នុង​មន្ទីរពេទ្យ​នេះ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា និង​អាច​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បាន​យ៉ាង​ស្ទាត់ជំនាញ​។

លោក​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​អាច​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកជំងឺ​បាន​ទាំងអស់​ឲ្យ​តែ​មក​មន្ទីរពេទ្យ​ប៉ុន្មាន គឺ​មាន​ក្នុ​កម្មវិធី​នេះ​ប៉ុណ្ណឹង​។

(​កម្មវិធី​នេះ​) គ្រប់គ្រង​ទាំង​ទិន្នន័យ គ្រប់គ្រង​ទាំង​ឱសថ ទាំង​បរិក្ខារ និង​ការប្រើប្រាស់​ដោយ​បាន​ដាក់​បញ្ចូល​ក្នុងនេះ​ទាំងអស់​»​។

លោក ម៉ម ប៊ុនហេង បាន​អះអាង​ថា រដ្ឋាភិបាល​មាន​មហិច្ឆតា និង​ចក្ខុវិស័យ​ក្នុង​ការដំឡើង​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល «​ពេទ្យ​យើង​» និង​ឈាន​ទៅ​ដល់​ការប្រើប្រាស់​កម្មវិធី Smart Hospital e-Health Yoeung គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ផងដែរ​ដល់​គ្រប់​មន្ទីរពេទ្យ​នៅ​កម្ពុជា​ត្រូវ​ស្វែងយល់ និង​ត្រូវ​វិវត្ត​ខ្លួន​ឲ្យ​ទាន់​បច្ចេកវិទ្យា​ជាមុនសិន តាមរយៈ​ការកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធ​នៅក្នុង​​មន្ទីរពេទ្យ និង​ចំណេះ​របស់​ក្រុមគ្រូពេទ្យ​។

លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និង​ជា​នាយកប្រតិបត្តិ​នៃ​កម្មវិធី​មន្ទីរពេទ្យ​ឌីជីថល «​ពេទ្យ​យើង​» បាន​ឲ្យ​ដឹងថា អ្នកជំងឺ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន​តាមរយៈ​កាត​ឌីជីថល e-Health Yoeung មាន​លេខ​កូដ​កាត​ចំនួន​ ១៦ ​ខ្ទង់ និង​ QR កូដ​មួយ​ដែល​តំណាង​ឲ្យ​អ្នកជំងឺ​ម្នាក់​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា អ្នកជំងឺ​ដែល​មាន​កាត​មួយ​នេះ​នឹង​អាច​ទទួល​បាន​កំណត់ត្រា​វេជ្ជសាស្ត្រ​របស់ខ្លួន​ពី​មន្ទីរពេទ្យ​ផ្សេងៗ​ដែល​ពួកគាត់​ធ្លាប់​ទៅដោយ​ស្វ័យប្រវត្តិ គ្រាន់តែ​ចុះឈ្មោះ​កាត​របស់​ពួកគាត់​នៅ​មន្ទីរពេទ្យ​នោះ​តែប៉ុណ្ណោះ​។ ជាពិសេស​ក្រោយពី​មាន​កាត និង​ប្រើប្រាស់​កម្មវិធី​លើ​ទូរស័ព្ទដៃ​ e-Health Yoeung App ពួកគាត់​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​របាយការណ៍​ការព្យាបាល​ទាំងអស់​នឹង​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​ទៅក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ទាំង​កាត​ និង​កម្មវិធី​សុខភាព​លើ​ទូរស័ព្ទដៃ e-Health Yoeung App មាន​មុខងារ​សំខាន់ៗ​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកជំងឺ​ និង​វេជ្ជបណ្ឌិត​។ នៅក្នុង​កម្មវិធី​លើ​ទូរស័ព្ទដៃ​មាន​មុខងារ​ដូចជា​ការគ្រប់គ្រង​កំណត់ត្រា​ប្រវត្តិ​ជំងឺ​ការណាត់ជួប និង​ប្រព័ន្ធ​រំឭក​ណាត់ជួប​ពេទ្យ​ស្វ័យប្រវត្តិ​ការគ្រប់គ្រង​ព័ត៌មាន​ផ្ទាល់ខ្លួន ការអាន​អត្ថបទ​គន្លឹះ​ថែទាំ​សុខភាព​ប្រចាំថ្ងៃ​ព្រមទាំង​ព័ត៌មាន​ថ្មីៗ​ពី​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ជំនាញ​នានា​ក្នុង​វិស័យ​សុខាភិបាល​»​។

លោក លូ លីឃាង ​នាយកមន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ​សង្កេត​ឃើញ​ថា ពេល​អ្នកជំងឺ​ទៅ​ពេទ្យ​ម្តងៗ​ពួកគាត់​ត្រូវ​កាន់​ឯកសារ​ប្រវត្តិ​ជំងឺ​ច្រើន​មាន​ការបាត់បង់​លំបាក​ប្រាប់​ប្រវត្តិ​ជំងឺ​ទៅ​វេជ្ជបណ្ឌិត និង​ចំណាយពេល​យូរ​ក្នុង​ការទទួល​សេវា​ព្យាបាល​។

លោក លីឃាង បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​នេះ​គឺជា​ភាពជោគជ័យ​មួយ​ដែល​មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​សម្រេច​បំពាក់​កម្មវិធី​មន្ទីរពេទ្យ​វៃឆ្លាត e-Health Yoeung និង​កាត​សុខភាព​វៃឆ្លាត​នៅ​មន្ទីរពេទ្យ​មួយ​នេះ ដើម្បី​ក្លាយ​ជា​មន្ទីរពេទ្យ​ឈានមុខ​គេ​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ឌីជីថល​ជូន​ដល់​ពលរដ្ឋ​កម្ពុជា និង​អ្នក​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។

លោក​បញ្ជាក់ថា​៖ «​បើ​ទោះ​យើង​ជា​មន្ទីរពេទ្យ​រដ្ឋ​មែន ប៉ុន្តែ​យើង​ខំ​វិវត្ត​ខ្លួន​ឲ្យ​ខ្លាំង ព្រោះ​សម័យ​បច្ចេកវិទ្យា​ដល់​ដំណាក់កាល​នេះហើយ ដែល​យើង​ត្រូវ​ធ្វើ​វា ហើយ​អ្នកជំងឺ គាត់​ត្រូវតែ​ដឹងថា គាត់​ឈឺ គាត់​ត្រូវតែ​មក​មន្ទីរពេទ្យ​។ នេះ​មិនមែន​បាន​ន័យថា យើង​បង្ខំ​គាត់​ទេ​។ ប៉ុន្តែ​គាត់​ត្រូវតែ​ដឹងខ្លួន​គាត់ បើ​ទោះជា​គាត់​ភ្លេច នៅពេល​គាត់​មាន​ការរំឭក​នៅតាម​ទូរស័ព្ទដៃ គាត់​នឹង​យល់​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល “​ពេទ្យ​យើង​” និង​ក្រុមហ៊ុន​ហ្វឺសវីម៉ិន​ថេកអេស៊ា ​បាន​ឲ្យ​ដឹងថា កម្មវិធី​ឌីជីថល​ «​ពេទ្យយើង​» បាន​ចាប់​ស្រាវជ្រាវ និង​ផលិត​តាំងពី​ឆ្នាំ​ ២០១៣ និង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នៅ​មន្ទីរពេទ្យ​ដំបូង​គេ​នៅ​ដើម​ឆ្នាំ​ ២០១៧​។

រហូតដល់​បច្ចុប្បន្ន​មាន​គ្លីនិក​មន្ទីរពេទ្យ​រដ្ឋ និង​​ឯកជន​ចំនួន​ជិត​ ១៤០ ​បាន​​ចុះឈ្មោះ​ប្រើ​កម្មវិធី​មន្ទីរពេទ្យ​ឌីជីថល «​ពេទ្យ​យើង​» នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ចំនួន​ ១២ ​នៅ​កម្ពុជា ខណៈ​​កម្មវិធី​ឌីជីថល​មួយ​នេះ​មាន​អ្នក​ចុះឈ្មោះ​ប្រើ​សកម្ម​ជាង ៥ ០០០ ​នាក់​៕

វីដេអូ៖